ពីមុនយើងចូលចិត្តការខល ឬផ្ញើសារ សួរនាំពីសុខទុក្ខរបស់មិត្តភក្តិ ស្របពេលនោះក៏បានរាយការណ៍អំពីស្ថានភាពរបស់ខ្លួនឯងដែរ មិនខ្វល់ពូកែក្នុងការទំនាក់ទំនងឬអត់ទេ ការខលទូរស័ព្ទមិនពិបាកទេ តែអ្វីដែលពិបាកនោះគឺ មិនដឹងខលទៅរកអ្នកណា យូរៗខលទៅគេម្តង តែពេលដែលខលចូលហើយមិនដឹងពណ៌នាអំពីអ្វី។
តែតាំងពីមានបណ្តាញសង្គមមក អាចផុស Status បាន មិនបាច់ទៅរកអ្នកណាមកនិយាយគ្នាដើម្បីមកកាត់ស្រ្តេសរបស់ខ្លួននោះឡើយ គ្រាន់តែផុសលើនោះទៅបានហើយ អ្នកណាចង់មើល ឬមិនមើលស្រេចតែចិត្តរបស់គេ ហើយនេះក៏ជាវិធីទាក់ទាញម្យ៉ាងដែរ។
ជាទូទៅ យើងអាចសង្កេតឃើញថា ភាគច្រើនគេផុសអំពីដំណើរកម្សាន្ត ការញុំាអាហារ ការជួបជុំមិត្តភក្តិ ឬក៏រឿងសប្បាយ និងទុក្ខកង្វល់ក្នុងចិត្តរបស់ខ្លួន។ ប៉ុន្តែ ចំពោះការផុស status នេះវិញ បើសិនជាមនុស្សឆ្លាត យល់ល្អកុំផុសរឿងទាំងបីនេះ ចៀសវាងកុំឱ្យមានរឿងសៅហ្មងនៅថ្ងៃក្រោយ។
១. ផុសពីទ្រព្យសម្បត្តិ
ហេតុអ្វីបានជាគេហាមប្រាមអ្នកមិនឱ្យផុសពីទ្រព្យសម្បត្តិផ្ទាល់ខ្លួនឱ្យមហាជនដឹង ពីព្រោះយើងមិនបានដឹងថា មិត្តនៅក្នុង Facebook របស់ខ្លួន ជាមនុស្សប្រភេទណានោះទេ យើងមិនបានស្គាល់គេច្បាស់ពីអត្តសញ្ញាណគ្រប់គ្នាឡើយ ពេលដែលអ្នកផុតអំពីទ្រព្យសម្បត្តិខ្លួន អ្នកកំពុងតែដង្ហើយហៅមនុស្សច្រណែនឈ្នានីស ឬអ្នកដែលមានបំណងមិនល្អចំពោះរូបអ្នកក៏ថាបាន តែចំពោះអ្នកដែលមានជាងអ្នកវិញ គេនឹងសើចចំអកពេបជ្រាយដល់អ្នកថា ជាមនុស្សដែលមិនដឹងអី។
២. មិនផុសបង្ហាញគេថាអ្នកមានខ្នង ឬខ្សែធំប៉ុនណា
មិនមែនអង្គុយហូបបាយជាមួយថៅកែធំ អ្នកនឹងក្លាយទៅជាថៅកែធំដែរនោះទេ មិនមែនអ្នកបានជួបជាមួយអ្នកមាន អ្នកនឹងក្លាយជាសេដ្ឋីប្រចាំទ្វីបអាស៊ីនោះឡើយ។ អ្នកដែលចូលចិត្តផុសថាខ្លួនស្គាល់អ្នកធំ អ្នកនេះអ្នកនោះ មិនប្រាកដថាគេស្គាល់អ្នកទាំងច្បាស់នោះឡើយ អាចនិយាយថាបានគេបានត្រឹមតែស្គាល់តែប៉ុណ្ណោះ តែបើគេចង់ដឹងថាអ្នកជាមនុស្សយ៉ាងម៉េចវិញនោះ គ្រាន់តែទូរស័ព្ទ១ក្រឺង ដឹងថាអ្នកជាមនុស្សយ៉ាងណាបាត់ទៅហើយ។
៣. មិនបញ្ចេញពីសមត្ថភាពរបស់ខ្លួនហួសហេតុពេក
ជួនខ្លះអ្នកចូលចិត្តសរសេរកំណាព្យកាព្យឃ្លោង ឬបញ្ចេញគំនិតល្អៗរបស់អ្នកនៅក្នុងបណ្តាញសង្គម យល់ថាពាក្យនេះល្អណាស់ ចង់ចែករំលែក ឬក៏បង្ហាញថាខ្លួនក៏មានគំនិតបែបនេះដែរ ហើយក៏សង្ឃឹមថា គេនឹងយល់ថាអ្នកជាមនុស្សដែលមានទេពកោសល្យ និងសមត្ថភាព ដល់ពេលដែលមានអ្នកឡើង Comment និយាយឌឺដង ផ្ចាញ់ផ្ចាល់អ្នក អ្នកបែរជាខឹងនឹងគេទៅវិញ។
តែតាមការពិត មិនថាអ្នកមានសមត្ថភាពឬអត់នោះទេ អ្នកមិនចាំបាច់ទៅផុសបង្អួចគេ ឬចង់ឱ្យគេសរសើរអ្វីឡើយ ព្រោះមិនថាជាសមត្ថភាព ឬទេព្យកោសល្យសុទ្ធតែចេញពីទង្វើ និងលទ្ធផលរបស់អ្នក ដោយសារគេមិនយកតែភ្នែកមើលនោះឡើយ គេយកខួរក្បាល និងបេះដូងមកវិនិច្ឆ័យថាអ្នកជាមនុស្សបែបណា៕
អត្ថបទ ៖ Mythical Bird / Knongsrok