ទោះជាមនុស្សស្រីរឹងមាប៉ុនណាក៏ដោយ នាងសុទ្ធតែត្រូវការរបស់ម្យ៉ាង នោះគឺជាការកំដរ នាងតែងតែសង្ឃឹមថា ពេលដែលខ្លួនស្ថិតនៅក្នុងភាពទន់ជ្រាយ រមែងអាចមានវត្តមានមនុស្សដែលនាងស្រឡាញ់ស្ថិតនៅក្បែរនាងមិនទៅណា។
មិត្តខ្ញុំម្នាក់បានបែកគ្នាពីសង្សាររបស់នាង ពីមុនខ្ញុំឃើញនាងមានសេចក្តីសុខណាស់ មានមនុស្សប្រុសដែលខ្លួនស្រលាញ់នៅក្បែរ ជារៀងរាល់ថ្ងៃ នាងដូចជាតួឯកស្រីនៅក្នុងរឿងព្រេងនិទាន មានភាពរ៉ូមែនទិកណាស់ ប៉ុន្តែនាងនៅតែជ្រើសរើសការបែកគ្នា។ មិត្តខ្ញុំបាននិយាយដោយក្តីឈឺចាប់ថា អ្នកគ្រាន់តែឃើញសភាពដែលខ្ញុំមានសេចក្តីសុខតែប៉ុណ្ណោះ តែអ្នកមិនបានឃើញពីភាពឈឺចាប់របស់ខ្ញុំឡើយ ពេលខ្ញុំឈឺ ខ្ញុំគេងលើគ្រែតែម្នាក់ឯង គ្មានអ្នកខ្វល់ គ្មានអ្នកយកចិត្តទុកដាក់ ថ្ងៃខួបកំណើតខ្ញុំវិញ ខ្ញុំផ្លុំទានតែម្នាក់ឯង គ្មានអ្នកណាមកកំដរខ្ញុំឡើយ។
មនុស្សប្រុសជាច្រើនចេះតែយល់ថា ពេលមនុស្សស្រីសុំបែកគ្នា ប្រាកដជានាងប្រែចិត្តមានថ្មីហើយ តែបែរជាមិនដឹងថា នាងបានប្រាប់ខ្លួនឯងឱ្យទ្រាំចំពោះទង្វើដែលអ្នកបានធ្វើដាក់នាងប៉ុន្មានដងហើយទេ ទើបនាងសម្រេចចិត្តសុំបែកគ្នាជាមួយអ្នក អ្នកក៏មិនបានដឹងថាទឹកភ្នែករបស់នាងហូរជោកខ្នើយជារៀងរាល់យប់ដែរ ពេលដែលអ្នកទុកនាងចោល។
មនុស្សប្រុសប្រហែលជាយល់ថា រឿងមនោសញ្ចេតនាភាគច្រើន គឺផ្តោតសំខាន់លើលុយកាក់ ឱ្យប្រាក់នាង ទិញរបស់ថ្លៃៗឱ្យនាង គឺនាងស្កប់ស្កល់ហើយ ប៉ុន្តែទាំងនេះប្រៀបមិនស្មើនឹងអ្នកនៅក្បែរនាង ធ្វើរឿងជាច្រើនជាមួយគ្នានោះទេ។
ធ្លាប់ឃើញមនុស្សជាច្រើន ចេះតែយល់ថា ខ្លួនបានធ្វើល្អដាក់នាងគ្រប់គ្រាន់ហើយ តែតាមពិតទៅ គ្មានអ្វីខុសគ្នាត្រង់ថា នាងត្រូវការផ្លែប៉ោម អ្នកយកផ្លែក្រូចមកឱ្យនាងនោះទេ។ អ្នកត្រូវចាំថា របស់ដែលនាងត្រូវការបំផុត អ្នកបានខិតខំផ្តល់ឱ្យនាង ទើបមានតម្លៃយ៉ាងពិតប្រាកដ។
កុំចាំរហូតដល់នាងរៀនចេះឯករាជ្យដោយខ្លួនឯង កុំចាំដល់នាងលែងចេះម្ញ៉េះម្ញ៉ក់ដាក់អ្នក នាងក្លាយទៅជារឹងមាំ លែងចេះខឹង លែងចេះប្រកាន់ លើខ្លួនរបស់នាង អ្នកឃើញតែរូបរាងជានារីក្លាហាន ទើបអ្នកសុខចិត្តទៅការពារនាង មកកំដរនាង ដល់ពេលនោះយឺតពេលហើយ៕
អត្ថបទ ៖ Mythical Bird / Knongsrok