គេតែងនិយាយថា ពេលវេលាប្រៀបដូចជាទឹកហូរមិនត្រឡប់ ហើយអាយុកាលរបស់មនុស្សស្រីក៏ដូចគ្នាដែរ ពេលគួរទិញ គឺទិញ ពេលគួររកប្រាក់ គឺរកប្រាក់ ទាំងនេះគឺញុំាឱ្យខ្លួនឯងអាចស្វែងយល់ពីភាពស្រស់បំព្រងនៅក្នុងជីវិត។
តារាសម្តែងជើងចាស់ Katharine Hepburn ធ្លាប់បាននិយាយថា “ មនុស្សស្រីអើយ បើអ្នកអាចជ្រើសរើសមាសប្រាក់ និងភាពស្រស់ស្អាតបាន ចូលអ្នកជ្រើសរើសមាសប្រាក់មុនចុះ ព្រោះពេលដែលអ្នកចាស់ទៅ មាសប្រាក់នឹងធ្វើឱ្យអ្នកស្រស់ស្អាតជាមិនខាន។”
ក្នុងគំនិតមនុស្សប្រុសតែងយល់ថា មនុស្សស្រីចូលចិត្តដើរទិញទំនិញណាស់ តែពួកគេមិនបានគិតដល់ទេថា មានពេលជាច្រើន នាងសុខចិត្តសន្សំសំចៃ ទប់ចិត្តទប់អារម្មណ៍មិនព្រមចំណាយទៅលើរបស់ដែលនាងស្រលាញ់ឡើយ ព្រោះនាងគិតថា ធ្វើជាប្រពន្ធគេ និងម្តាយគេហើយ ត្រូវគិតដល់ថ្លៃសាលាកូន ការផ្គត់ផ្គង់ក្នុងផ្ទះ អាចសន្សំបានក៏សន្សំទៅ ពេលដែលដើរផ្សារឃើញខោអាវស្អាតមិនហ៊ានទិញពាក់ មើលឃើញគ្រឿងតុបតែងខ្លួនក៏មិនហ៊ានទិញ។
តែនារីគ្រប់រូបបានភ្លេចហើយថា ពេលវេលាមិនបានផ្តល់ឱកាសឱ្យអ្នកច្រើននោះទេ រូបរាងរបស់អ្នក នឹងប្រែប្រួលបន្តិចម្តងៗ ស្បែកក៏ប្រែទៅជាចាស់បន្តិចម្តងៗដែរ។
ដូច្នេះក្នុងនាមជាមនុស្សស្រីត្រូវផ្តល់តម្លៃខ្លួនឱ្យបានច្រើន ពេលខ្លះយើងតែងគិតថាចាំថ្ងៃក្រោយមាន ចាំទិញក៏បានដែរ តែខ្លួនបែរជាមិនបានខិតខំទៅរកប្រាក់ដើម្បីបំពេញតម្រូវការរបស់ខ្លួនឱ្យទាន់ពេលវេលាដែលខ្លួនអាចនៅស្លៀកពាក់បានស្អាត អ្នកត្រូវចាំថាពេលវេលាមិនរងចាំមនុស្សណាម្នាក់ឡើយ ភាពក្មេងខ្ចី ក៏មិនរង់ចាំមនុស្សដែរ បើអ្នកចាំដល់ពេលមួយដែលអ្នកគិតថាអ្នកមានប្រាក់គ្រប់គ្រាន់ហើយ អ្នកចង់ស្លៀកពាក់ស្អាតបាតដូចគេ តែពេលអ្នកក្រឡេកមើលខ្លួនឯង អ្នកបានចាស់បាត់ទៅហើយ ពាក់អ្វីក៏លែងសមដែរ។
មនុស្ស និងរបស់គឺដូចគ្នា អ្នកកាន់តែបន្ទាបខ្លួនកាន់តែគ្មានអ្នកណាឱ្យតម្លៃ ជួបរបស់ដែលចូលចិត្តឆាប់ៗទិញទៅ កុំចាំដល់ខ្លួនឯងអាយុ៤០ឆ្នាំហើយ ទៅទិញសម្លៀកបំពាក់អាយុ២០ឆ្នាំមកពាក់ នេះតើសមដែរឬទេ។
ធ្វើជាមនុស្សស្រីមួយរូប មិនគួរយកជីវិតខ្លួនទៅពឹងពាក់លើគេឡើយ កុំរស់ដើម្បីអ្នកដទៃ យើងត្រូវធ្វើខ្លួនដូចជាផ្កាឈូករ័ត្ន បាញ់ឆ្ពោះតម្រង់ទៅព្រះអាទិត្យជារៀងរហូត មានភាពភ្លឺត្រចេះត្រចង់ មានផ្លែផ្លាពេញលេញ។
ក្នុងនាមជាមនុស្សស្រីចេះចាយលុយ រឹតតែត្រូវចេះរកលុយ ធ្វើជាមនុស្សស្រីដែលមានសេដ្ឋកិច្ចឯករាជ្យម្នាក់មិនមែនដើម្បីធ្វើឱ្យគេមើលនោះទេ យើងខិតខំរកប្រាក់ គឺដើម្បីតែបំពេញតម្រូវការជីវិតរស់នៅរបស់យើង និងដើម្បីធ្វើជាមនុស្សស្រីដែលខ្លាំងម្នាក់ អ្នកត្រូវតែរស់នៅដោយភាពស្រស់ស្អាត ហើយត្រូវយកភាពល្អទាំងនេះបង្ហាញទៅឱ្យមនុស្សជាទីស្រលាញ់អ្នកមើលឃើញថា អ្នកជាមនុស្សស្រីអាចមើលថែខ្លួនឯងបាន មិនចាំបាច់ពឹងផ្អែកលើអ្នកណាម្នាក់ឡើយ។
សូមចាំថា ស្បែកគឺជាអាវក្រៅដែលមិនចេះហួសសម័យរបស់មនុស្សស្រី ហើយអាវក្រៅមួយនេះត្រូវការអ្នកទៅយកចិត្តទុកដាក់ការពារដោយម៉ត់ចត់ផងដែរ៕
អត្ថបទ ៖ Mythical Bird / Knongsrok