បើនិយាយចំពោះមនុស្សស្រី អាយុស្ទើរតែជារឿងដែលគួរឱ្យខ្លួនបំផុត ព្រោះមនុស្សស្រីយល់ថា ឱ្យតែខ្លួនឈានដល់វ័យ ៤០ ដល់ ៥០ ឆ្នាំ នឹងទៅជាមនុស្សចាស់ហើយ លែងមានភាពទាក់ទាញអ្វីទៀតឡើយ ។
បើស្ត្រីលេចឡើងគំនិតទាំងនេះ ក៏បញ្ជាក់ថាគាត់មិនជឿជាក់លើខ្លួនឯង រស់នៅមិនសូវជាមានរីករាយប៉ុន្មានទេ ដ្បិតតែមនុស្សស្រីដល់វ័យកណ្តាល គឺជាវ័យដែលរាប់ថាចាស់ក៏មិនចាស់ ក្មេងក៏មិនក្មេងក៏ដោយ តែតាមពិតទៅ វ័យនេះគឺជាវ័យដែលល្អជាងនេះ គឺពួកគាត់មានភាពចាស់ទុំ នឹងធឹង ស្ងប់ស្ងាត់ ចំពោះស្មារតីនៃគំនិតវិញ ក៏មានចេះគិតគូរបានវែងឆ្ងាយផងដែរ។
ស្ត្រីដែលមានសុភមង្គល និងមានភាពរីករាយ គឺមិនខ្វល់ខ្វាយនឹងអាយុរបស់ខ្លួនឡើយ ពេលដែលជួបអ្នកដែលសួរដអំពីអាយុខ្លួន ក៏ប្រាក់គេដោយក្តីជឿជាក់ដែរ មិនខ្លាចគេសើចចំអកនោះឡើយ។
ស្ត្រីដល់វ័យកណ្តាលហើយចង់ដឹងថាមានសំណាងឬអភ័ព្វនោះ តែងតែមើលដឹងតាមរយៈរឿងតូចៗទាំងនេះ។
១. មនុស្សដែលមានវាសនាមិនល្អ នៅក្នុងជីវិតតែងខឹងមេឃបន្ទោសដី ហើយមើលឃើញតែផ្នែកដែលមិនល្អប៉ុណ្ណោះ
ចំពោះរឿងមួយ បើយកមនុស្សពីរនាក់ដែលមានចរិតផ្សេងគ្នាមកមើលរឿងមួយ ច្បាស់ណាស់ពួកគេនឹងមានការយល់ឃើញមិនដូចគ្នាទេ។ ចំពោះអ្នកខ្លះវិញយល់ថា ក្នុងលាភមានគ្រោះ ដ្បិតតែមើលទៅជារឿងអាក្រក់ តែប្រហែលជាអាចនាំផលល្អមកក៏ថាបាន។ ប្រៀបដូចជានៅក្នុងជីវិតជួបនឹងបញ្ហាលំបាក ឱ្យតែអ្នកក្លាហានទៅប្រឈមមុខ នោះអ្នកនឹងប្រែទៅជារឹងមាំ ខ្លាំងក្លា ចុងក្រោយអ្នកអាចអរគុណចំពោះបញ្ហានោះក៏ថាបាន។
ចំណែកឯមនុស្សខ្លះវិញ នៅក្នុងជីវិតគ្រាន់តែជួបរឿងបន្តិចបន្តួចសោះ ពួកគេស្រាប់តែយល់ខ្លួនជួបរឿងមិនល្អ ខឹងចិត្តយល់ថាម្តេចក៏ខ្លួនស៊យម្ល៉េះ ខ្លួនគ្មានសំណាងដូចអ្នកដទៃអ៊ីចឹង។
ស្រ្តីវ័យកណ្តាលម្នាក់ បើតែងតែមានគំនិតអវិជ្ជមានបែបនេះ ទោះជាស្ថិតនៅក្នុងស្ថានភាពល្អយ៉ាងណាក៏ដោយ ក៏មិនឱ្យរូបគេមើលឃើញពីភាពស្រស់ថ្លានៅក្នុងជីវិតដែរ តើគេរស់នៅដោយមានសុភមង្គលដូចម្តេចទៅ?
២. មនុស្សដែលមានទម្លាប់ពឹងផ្អែកលើគេ និងស្តាប់តាមគេគ្រប់រឿង តែងតែរស់នៅយ៉ាងលំបាក
កាលពីនៅក្មេង មនុស្សស្រីគ្រប់រូបតែគិតចង់មានជីវិត និងមង្គលការដែលខ្លួនចង់បាន។
តាមពិតទៅខ្សែជីវិតយើងម្នាក់ៗមិនអាចដូចជាអ្វីដែលយើងបានស្រមៃនោះឡើយ តែចាំបាច់ត្រូវពឹងលើខ្លួនឯងទៅបង្កើតវាឡើងមក។ មនុស្សស្រីត្រូវចងចាំត្រង់ចំណុចនេះ “ពេលដែលអ្នកប្រើការខិតខំខ្លួនឯងទៅបង្កើតជីវិតដែលខ្លួនចង់បាន ទោះជាលំបាកក៏ពិតមែន តែឆាកជីវិតមួយនេះប្រាកដជាអាចផ្តល់ឱ្យអ្នកនូវភាពផ្អែមល្អែមជាមិនខាន”។
គ្រាន់តែមានមនុស្សស្រីមួយចំនួនចេះតែយល់ថា ឱ្យតែខ្លួនអាចរកបានមនុស្សប្រុសល្អម្នាក់ មានគ្រួសារដ៏កក់ក្តៅមួយ ខ្លួនច្បាស់ជាមានសុភមង្គលជាមិនខាន ដូច្នេះពេលវេលាចេះតែកន្លងហួសទៅ មនុស្សស្រីចេះតែមានទម្លាប់ពឹងផ្អែកទៅលើមនុស្សប្រុសដោយមិនដឹងខ្លួន គ្មានគំនិតផ្ទាល់ខ្លួនទាល់តែសោះ។
ជាពិសេសមនុស្សស្រីដែលបានវង្វេងភ្លេចថាខ្លួនជាអ្នកណា ទោះរាប់ថាបានរៀបការជាមួយមនុស្សប្រុសល្អម្នាក់ក៏ដោយ ក៏មិនប្រាកដថាអាចរក្សានូវសុភមង្គលរបស់ខ្លួនបានដែរ ព្រោះមនុស្សស្រីដែលអភ័ព្វម្នាក់ តែងតែចាប់ផ្តើមពីការពឹងផ្អែកលើអ្នកដទៃដោយភាពទុកចិត្តទៅលើរូបគេ។
៣. ខ្វល់ខ្វាយកាន់តែខ្លាំងចំពោះក្រសែភ្នែកអ្នកដទៃ នោះជីវិតរមែងតែងកាន់តែធ្លាក់ដុនដាប
ស្រ្តីដែលស្ថិតនៅក្នុងវ័យកណ្តាល ភាពច្រើននៅក្នុងជីវភាពរស់នៅគឺបានដើរតួជាច្រើន ដូចជា ជាកូនស្រី ជាប្រពន្ធ ជាម្តាយ និងជាកូនប្រសារផងដែរ។ តែចង់ឱ្យខ្លួនដើរតួទាំងនេះឱ្យបានល្អ នោះមិនមែនជារឿងដែលងាយស្រួលនោះទេ ក៏មានមនុស្សស្រីជាច្រើនធ្វើមិនបានពេញលេញដែរ។
តែមានមនុស្សស្រីមួយចំនួនចេះតែខ្វល់ខ្វាយពីក្រសែភ្នែកអ្នកដទៃ ចេះតែស្តាប់តាមគំនិតរបស់អ្នកដទៃ ឧទាហរណ៍ថា ពេលដែលខ្លួនជាកូនស្រីល្អម្នាក់ហើយ អ្នកដទៃបែរជានិយាយថាអ្នកមិនមែនជាកូនប្រសារល្អទៅវិញ។ ពេលដែលអ្នកជាម្តាយល្អម្នាក់ហើយ គេបែរជានិយាយថាអ្នកមិនមែនជាប្រពន្ធល្អទៅវិញ។
ស្រ្តីដែលស្ថិតនៅក្នុងវ័យកណ្តាលហើយ នៅតែគ្មានគំនិតខ្លួនឯង ចេះតែស្តាប់តាមការរិះគន់របស់អ្នកដទៃ នោះរូបគេនឹងពិបាករស់នៅណាស់។ ម្យ៉ាងទៀត ជីវិតបែបនេះ ក៏មិនមែនជាជីវិតដែលខ្លួននាងចង់បាននោះដែរ មានពេលច្រើនក៏បានធ្វើបាបខ្លួនឯងផងដែរ បណ្តាលឱ្យខ្លួនឯងក្លាយទៅជាមានវាសនាមិនល្អ។
ស្រ្តីឆ្លាតម្នាក់ គ្រាន់តែខ្វល់ពីចិត្តរបស់ខ្លួន ដឹងពីតម្រូវការរបស់ខ្លួន មានភាពឯករាជ្យទាំងចិត្តគំនិតនិងលុយកាក់ នោះទើបឱ្យខ្លួនទទួលបានសុភមង្គលពិតប្រាកដ៕
អត្ថបទ ៖ Mythical Bird / Knongsrok