ពេលខ្លះត្រឹមតែសកម្មភាព និងពាក្យសម្តីមួយចំនួនដែលខាងបុរសបង្ហាញមកចំៗ យើងជានារីគួរតែអាចវាយតម្លៃនិងសន្មតបានហើយថា គេជាបុរសដែលមិនគួរឲ្យទុកចិត្តនោះឡើយ ហើយអ្នកក៏មិនអាចបន្តដំណើរជីវិតជាមួយតទៅទៀតនោះដែរ។
ខាងក្រោមយើងបង្ហាញពីពាក្យទាំង ៤ ប្រសិនអ្នកលឺចេញពីមាត់របស់បុរសដែលអ្នកស្រលាញ់ អ្នកក៏ដល់ពេលហើយដែលគួរកាត់ចិត្ត និងដើរចេញពីជីវិតរបស់គេ ជាជាងបៀមទុក្ខកាន់តែច្រើន៖
៤) កុំមកចេះដឹងរឿងរបស់ខ្ញុំ
ពេលគេជួបបញ្ហា គេសប្បាយ គេលែងចង់ឲ្យអ្នកដឹងលឺសុខទុក្ខគេដូចមុន ហើយពេលអ្នកចោទសួរទៅគេ គេបែរជាស្រែកមកវិញថា៖ "មិនបាច់មកចង់ដឹងរឿងរបស់ខ្ញុំ" ឬ "កុំចង់ដឹងរឿងរបស់ខ្ញុំ" ពាក្យទាំងនេះស្តាប់ទៅខ្លី តែអត្ថន័យរបស់វាល្មមឲ្យអ្នកឆ្អែតចិត្តបានហើយ។
ចាប់ពីពេលនោះទៅ អ្នកគួរតែរៀនកាត់ចិត្ត គ្មានហេតុផលអ្វីដែលត្រូវបន្តឡើយ ព្រោះបើរស់នៅក្បែរគ្នា តែមិនគួរដឹងសុខទុក្ខគ្នា អ៊ីចឹងស៊ូធ្វើជាអ្នកដទៃ ដើរផ្លូវរៀងខ្លួនល្អជាង។
៣) មានទម្លាប់កុហក
កុហកម្តងជាពីរលើកមិនអីទេ តែបើក្លាយទៅជាទម្លាប់ ហើយតែងតែប្រើប្រាស់ពាក្យកុហក មកបោកបញ្ឆោតចិត្តអ្នក នោះវាក៏ដល់ពេលហើយដែរសម្រាប់ការចែកផ្លូវ។ ប្រសិនគេនិយាយថា គេពិបាកនឹងប្រាប់ការពិតទៅកាន់អ្នក គេខ្លាចបញ្ហានេះ បញ្ហានោះ អ៊ីចឹងវាស្មើនឹងរស់នៅជាមួយគ្នា ដោយគ្មានទំនុកចិត្ត ដោយគ្មានការជឿជាក់ទៅវិញទៅមក។
២) អូនគួរតែនៅឲ្យឆ្ងាយពីបងល្អជាង
ការដែលសុខៗគេនិយាយពាក្យនេះចេញមក មានន័យថា គេជាបុរសដែលឈ្លាសវៃ ចង់ចែកផ្លូវដោយសន្តិភាព។ គេមិនចង់ឲ្យមាននរណាម្នាក់ខុសក្នុងរឿងនេះទេ ហើយគេដើរតួជាមនុស្សល្អ តែពោរពេញដោយកលល្បិច យកល្អនៅនឹងមុខមនុស្សជុំវិញខ្លួន។
គេថានៅក្បែរគេ មិនមានអនាគតទេ មិនគួរឲ្យទទួលបានក្តីសុខទេ ដូច្នេះហើយអ្នកគួរតែនៅឲ្យឆ្ងាយពីគេទៅ។ ពេលខ្លះវាគ្រាន់តែជាលេសចង់បែក ហើយមិនយូរមិនឆាប់ គេក៏នឹងមានអ្នកថ្មី រីឯយើងដែលជាមនុស្សស្រីគេធ្លាប់ស្រលាញ់ បានត្រឹមក្លាយជាស្រមោល ដែលគេមើលរំលងតែប៉ុណ្ណោះ។
១) ពោលពាក្យសុំលុយអ្នកជារឿយៗ
បុរសដែលរស់នៅពឹងផ្អែកលើស្រ្តី ប្រើពាក្យស្រលាញ់ ដើម្បីបោកបញ្ឆោតចិត្តស្រ្តី ហើយសម្លឹងឃើញផលប្រយោជន៍ពីនាង នោះគឺជាបុរសដែលថោកទាបបំផុត។ គេយកទាំងលុយ យកទាំងបេះដូងរបស់អ្នក ហើយចុងក្រោយខ្លួនអ្នកជាអ្នកទទួលរងទុក្ខសោក នៅក្នុងឈុតឆាកស្នេហាមួយនោះ។
បើអ្នកជួបបុរសដែលតែងតែសុំលុយអ្នក ចង់បាននេះ ចង់បាននោះ ឲ្យអ្នកផ្គត់ផ្គង់ឲ្យគេ អ្នកមិនគួរយកខ្លួនបៀតឡើយ ហើយបើអ្នកមានសមត្ថភាពអាចរកចំណូលបានខ្លួនឯងដែរ ក៏គួរទៅរកបុរសល្អ ដែលគេដឹងពីវិធីជួយគ្រប់គ្រងហិរញ្ញវត្ថុឲ្យអ្នក ឬបង្កើនទ្រព្យឲ្យអ្នកទៅថ្ងៃខាងមុខល្អជាង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក