យើងប្រហែលជាគិតថា មនុស្សដែលតែងតែស្ថិតនៅក្នុងការចងចាំរបស់យើង គឺមានតែឪពុកម្ដាយ បងប្អូន និងមនុស្សជាទីស្រឡាញ់តែប៉ុណ្ណោះ។ ប៉ុន្តែ ក៏នៅមានមនុស្សប៉ុន្មានក្រុមទៀត ដែលធ្វើឱ្យមនុស្សស្រីពិបាកនឹងបំភ្លេច ជាពិសេសគឺ មនុស្សស្រីដែលមានចរិតឫកពារល្អ ស្លូតបូត នាងនឹងមិនអាចបំភ្លេចបានឡើយ ចំពោះមនុស្សទាំង ២ ក្រុមនេះ។
១. មនុស្សដែលធ្វើឱ្យនាងឈឺចាប់
១០០ ទាំង ១០០ ជឿថាមនុស្សស្រី គ្មានថ្ងៃអាចបំភ្លេចរឿងឈឺចាប់នៅក្នុងជីវិតរបស់នាងបានឡើយ ជាពិសេស គឺមនុស្សដែលធ្វើឱ្យនាងឈឺចាប់ ការឈឺចាប់ចងជាប់នៅក្នុងចិត្ត និងការគិតរបស់នាង ដូច្នេះហើយ គឺគ្មានថ្ងៃនឹងអាចបំភ្លេចបានឡើយ បើទោះបីជាជីវិតនេះ អាចឱ្យនាងបានជួបនឹងមនុស្សល្អក៏ដោយ ក៏នាងនៅតែមានកូនចិត្ត នឹកឃើញដល់រឿងឈឺចាប់ទាំងឡាយ និងមនុស្សដែលធ្វើឱ្យនាងឈឺចាប់នោះដែរ។
រឿងនៅក្នុងចិត្ត ជម្រុញឱ្យគិតដល់ គ្មាននរណាម្នាក់អាចហាមការគិតទាំងនោះបានឡើយ ហើយក៏គ្មានមនុស្សស្រីណា ចង់នឹកនាដល់រឿងទាំងអស់នោះដែរ តែធ្វើម៉េច វាមិនអាចបំភ្លេចបាន កាន់តែចង់បំភ្លេច កាន់តែនឹកឃើញ ការឈឺចាប់ វាជារឿងមួយដែលងាយនឹងកត់ចំណាំទុកបំផុត។ រឿងឈឺចាប់ មានរយៈពេលយូរ ជាងរឿងរីករាយ និងសប្បាយចិត្ត។
២. មនុស្សដែលត្រូវមកឈឺចាប់ដោយសារតែនាង
ហេតុអ្វី មនុស្សស្រីបែរជាចងចាំមនុស្សដែលត្រូវឈឺចាប់ព្រោះតែនាង? ហេតុផល គឺព្រោះតែពាក្យថា សោកស្ដាយ ឬវិប្បដិសារី ជាអ្នកស្ដីបន្ទោស ហើយធ្វើឱ្យនាងគ្មានថ្ងៃនឹងអាចបំភ្លេចបាន។ ហើយមនុស្សណាខ្លះ ដែលត្រូវឈឺចាប់ព្រោះតែនាង ហេតុអ្វី មនុស្សស្រីល្អៗ បែរជាទៅធ្វើបាបចិត្តអ្នកដទៃទៅវិញ?
ការពិត មិនមែននាងមានគំនិតទៅធ្វើបាបចិត្តនរណាម្នាក់នោះឡើយ តែវាជារឿងដែលមិនអាចនឹងហាមឃាត់បានឡើយ ហើយនាងក៏មិនចង់ឱ្យវាកើតឡើងដែរ ប៉ុន្តែ មិនអាចចៀសបាន។ មនុស្សដែលឈឺចាប់ព្រោះតែនាង ហើយធ្វើឱ្យនាងមិនអាចបំភ្លេចបានពេញមួយជីវិត គឺមនុស្សដែលស្រឡាញ់នាង ល្អចំពោះនាង លះបង់ច្រើនណាស់ដើម្បីនាង តែនាងបែរជាមិនអាចស្រឡាញ់ បានត្រឹមតែអាណិត ព្រោះការស្រឡាញ់ វាមិនអាចបង្ខំបានឡើយ បើទោះបីជានាងដឹងថា មនុស្សម្នាក់នោះ ល្អប៉ុនណាចំពោះនាង ស្រឡាញ់នាងខ្លាំងប៉ុនណា លះបង់ច្រើនយ៉ាងណាដើម្បីនាង វាក៏បានត្រឹមតែជាការអាណិត មិនអាចក្លាយជាក្ដីស្រឡាញ់ទេ។
អារម្មណ៍មួយនេះ ឈឺទាំងគេ ឈឺទាំងនាង វាជាសម្ពាធផ្លូវចិត្ត សម្ពាធអារម្មណ៍ បើបង្ខំឱ្យចិត្តទៅជ្រើសរើសយកមនុស្សដែលខ្លួនបានត្រឹមតែអាណិត វាក៏អយុត្តិធម៌ចំពោះមនុស្សម្នាក់នោះ ហើយក៏តានតឹងចិត្តខ្លួនឯងដូចគ្នា នេះហើយ ជាបញ្ហា ដែលធ្វើឱ្យនាងគ្មានថ្ងៃអាចបំភ្លេចមនុស្សដែលត្រូវមកឈឺចាប់ដោយសារតែនាង តែវាជាកំហុសអចេតនា គ្មានអ្នកណាចង់ តែមិនអាចបញ្ឈប់បាន៕
អត្ថបទ ៖ pHknongsrok / Knongsrok