គូស្វាមីនីមួយៗមានរឿងផ្សេងៗ និងរឿងខ្លះដែលអាចនាំអោយមានការអាក់អន់ចិត្តយ៉ាងខ្លាំង។ តើវាកើតឡើងយ៉ាងដូចម្តេច? វាជាចំណុចមួយចំនួនដែលអាចកើតមានឡើង ៖
១. ធ្វេសប្រហែស ឬមិនសូវយកចិត្តទុកដាក់
នៅពេលពួកគេបានរៀបការហើយ គេតែងគិតថា គេបានរៀបការរួចហើយ ភាគច្រើនគឺបុរស ដូចនេះការខិតខំរបស់គេក្នុងសេចក្តីស្នេហានេះត្រូវបាត់បង់បន្តិចម្តងៗ គេលែងចង់រវល់ ខ្វល់ខ្វាយ និងយកចិត្តទុកដាក់លើភរិយារបស់គេ ដែលទាំងនេះបណ្តាលឱ្យមានការអន់ចិត្ត លែងមានមនោសញ្ចេតនា និងភាពស្និទ្ធស្នាលដូចពីមុន ។
អ្នកត្រូវចាំថា គ្មាននរណាចង់ធ្វើជាអ្នកចាំផ្ទះរបស់អ្នក ដែលអ្នកតែម្ខាងចាំតែទទួលប្រយោជន៍នោះទេ។
២. អាតា្មនិយម
នៅពេលដែលមានបុគ្គលណាមួយខ្ជិល ឬធ្វេសប្រហែស គឺមកពីភាពអាត្មានិយមដែលចង់បានតែម្ខាង។ វានឹងធ្វើឱ្យអាពាហ៍ពិពាហ៍ប្រេះឆា ឬល្អក់កករ។
ទំនាក់ទំនងនៅក្នុងសេចក្តីស្នេហា វាជាការខិតខំរបស់មនុស្សពីរនាក់ដែលផ្តល់ឱ្យគ្នា។ សេចក្តីស្រលាញ់នឹងសាបរលាបបើមានម្នាក់មិនយកចិត្តទុក ឬបោះបង់វា ព្រោះវាត្រូវការទាំងសងខាងផ្តល់ឱ្យគ្នាទៅវិញទៅមកនូវការបារម្ភ មើលថែ យកចិត្តទុកដាក់ ផ្តល់ភាពស្រលាញ់ និងភាពស្និទ្ធស្នាល ទោះបីជាអ្នករវល់ក៏ដោយ តែនេះវាគឺជាសេចក្តីសុខក្នុងជីវិតអាពាហ៍ពិពាហ៍។
៣. ការលួចមានទំនាក់ទំនងក្រៅ និងការបោកប្រាស់
នៅក្នុងសម័យទំនើបមួយនេះ ការលួចមានទំនាក់ទំនងក្រៅគឺអាចមានច្រើនទម្រង់។ ប្រាកដណាស់ដែលការរួមភេទជាមួយជនដទៃត្រូវចាត់ចូលជាកត្តាសំខាន់ ប៉ុន្តែភាពមិនស្មោះត្រង់ខាងអារម្មណ៍ក៏ជាកត្តាមួយយ៉ាងសំខាន់ក្នុងរឿងជីវិតគូ។
ភាពមិនស្មោះត្រង់ ការបោកប្រាស់ វានឹងបំផ្លាញអារម្មណ៍នៃការទុកចិត្ត បង្កើតការអន់ចិត្តរយៈពេលវែង និងឈានទៅដល់ការស្អប់។
ជួនកាល យើងគិតថា ការបារម្ភ ការលេងសើច និងការយកចិត្តទុកដាក់ចំពោះអ្នកដទៃតាមការសន្ទនាតាមទូរសព្ទ ឬប្រព័ន្ធផ្សេងៗជាទង្វើល្អ ប៉ុន្តែបើអ្នកយកចិត្តដាក់លើវាខ្លាំងជាងដៃគូរបស់អ្នក នោះអ្នកនឹងបាត់បង់ការចាប់អារម្មណ៍ទៅដៃគូរបស់អ្នកម្តងបន្តិចៗ រហូតដល់បាត់បង់សេចក្តីសុខក្នុងជីវិតអាពាហ៍ពិពាហ៍។
ភាពមិនស្មោះត្រង់ក៏កើតមានឡើង រហូតដល់ការកុហកជាច្រើនលើកច្រើនសារទោះបីអ្នកមិនបានប្រព្រឹត្តទង្វើខុសឆ្គងខាងផ្នែកផ្លូវភេទ។ ការលេងសើច បារម្ភ យកចិត្តទុកដាក់ជាច្រើននឹងបង្កើតជាមនោសញ្ចេតនាជាមួយជនដទៃ។
៤. ការរំលោភបំពាន ឬការរិះគន់
វាក៏មានច្រើនទម្រង់ដែរ។ ការបង្ខំ ការធ្វើបាបផ្នែករាងកាយគឺជាអ្វីដែលគេឆាប់មើលឃើញ ហើយត្រូវបានរាប់បញ្ចូល។ ប៉ុន្តែការរិះគន់ផ្សេងៗ វាក៏ផ្នែកមួយនៃការរំលោភបំពានអ្នកដទៃដែរ វាជះផលអវិជ្ជមានយ៉ាងច្រើន ដោយសារតែការរិះគន់អាចជាការសើចចំអក មើលងាយដៃគូរបស់ខ្លួន។
វាធ្វើឱ្យសេចក្តីស្រលាញ់ត្រូវបាត់បង់ និងអន់ចិត្តរវាងគ្នា និងគ្នា៕
អត្ថបទ ៖ Mythical2 / ក្នុងស្រុករក្សាសិទ្ធិ