មិនថាតែនៅប្រទេសឬតំបន់ សញ្ជាតិណាមួយនោះទេ ការរាប់អានមិត្តភក្តិមិនត្រូវបានប្រកាន់ថាចាំបាច់តែស្រីៗត្រូវរាប់រកស្រីគ្នាឯង ឬបុរសរាប់រកតែបុរសគ្នាឯង ពោលគឺយុវវ័យនៅពេលបច្ចុប្បន្ន ខ្លះស្រីៗមានមិត្តសុទ្ធតែជាបុរសក៏មាន។
តើក្នុងនាមជាស្រីហើយរាប់អានមិត្តជិតស្និទ្ធជាបុរស វាខុសឆ្គងដែរឬទេ? ចុះវាអាចនាំផលល្អអ្វីខ្លះ បើធៀបនឹងការរាប់អានមនុស្សជាភេទស្រីដូចគ្នា?
ជាការពិតប្រសិនយើងជ្រើសរើសមនុស្សប្រុសណាម្នាក់ ដែលមានចរិតត្រឹមត្រូវ មិនខូចខិល និងមិនបានគិតមកលើយើងក្នុងបំណងមិនល្អណាមួយ ហើយរាប់អានពួកគេជាមិត្តជិតស្និទ្ធ នោះ ១០០ ភាគរយគឺនាំប្រយោជន៍ឲ្យយើង បានច្រើនជាងការរាប់អានមិត្តភក្តិស្រីដូចគ្នាពិតមែន។
១.ពួកគេមិនចេះហែកហួរអាថ៌កំបាំងយើងទេ
យោងតាមការស្រាវជ្រាវមួយបានឲ្យដឹងថាមនុស្សស្រីកម្រនឹងអាចលាក់ទុកអាថ៌កំបាំងណាមួយលើសពីរយៈពេល ៤៨ ម៉ោងខ្លាំងណាស់ ស្របពេលដែលបុរសវិញគឺពួកគេខ្លះមិនសូវជាអើពើខ្លាំង ហើយមិនចេះហែកហួរកកាយរឿងឥតប្រយោជន៍ណាមួយទៅខាងក្រៅតទៀតឡើយ។
ប៉ះការរាប់អានស្រីៗដូចគ្នា ថ្ងៃនេះយើងល្អ គេលាក់ទុក ដល់តែថ្ងៃមុខយើងអាក្រក់ ឬយើងធ្វើអ្វីប៉ះពាល់អារម្មណ៍គេ រឿងរ៉ាវទាំងអស់ នឹងត្រូវបានសាយភាយទៅខាងក្រៅ លឿនជាងអ៊ីនធឺណិតល្បឿន 5G ទៅទៀត។ ខុសពីមនុស្សប្រុស តាមការស្រាវជ្រាវ បើជាបុរសពិត គឺមិនសូវចេះកំបុិកកំប៉ុកយករឿងអ្នកនេះ អ្នកនោះ ទៅនិយាយតទេ ជារួមស្តាប់ហើយក៏រក្សាទុកដឹងលឺតែឯកឯងប៉ុណ្ណោះ។ ទោះអនាគតស្និទ្ធនឹងភរិយា ឬដៃគូស្នេហ៍ណាមួយក៏ដោយ ក៏រឿងមិត្តភក្តិស្រីៗរបស់គេ ត្រូវបានកប់ទុកជារៀងរហូតទៅ។
២.អាចដើរតួជំនួសមិត្តប្រុស (សង្សារ) ម្តងម្កាលបាន
បើនិយាយពីការយកចិត្តទុកដាក់ ការមើលថែ ជួនកាលមិត្តភក្តិជាបុរសធ្វើបានល្អដូចសង្សារឬគូស្នេហ៍របស់យើងអ៊ីចឹង ហើយបើនិយាយពីរឿងសុវត្ថិភាពកុំទៅព្រួយអី។
ទៅណាមកណា ទីជិតទីឆ្ងាយ គេទម្លាប់មើលថែយើងដូចជាប្អូនស្រី ទោះមិនមានន័យស្មើជាគូស្នេហ៍ ឬជាព្រះនាង តែក៏មិនឲ្យយើងប្រឈមនឹងគ្រោះថ្នាក់ណាមួយងាយៗនោះដែរ។ តែយើងក៏មិនណែនាំឲ្យគួរទុកចិត្តគ្រប់កាលៈទេសៈឬគ្រប់ស្ថានភាពទាំងអស់នោះដែរ។
៣.មិនប្រកាន់ច្រើនអាកប្បកិរិយារបស់អ្នក
មិនថាការហូបចុក ការដើរ ឈរ អង្គុយ ឬការបង្ហាញកាយវិការណាមួយ នៅពេលយើងជិតស្និទ្ធជាមួយនរណាម្នាក់ ភាពអៀនខ្មាសទាំងអស់នឹងត្រូវរសាយបាត់ទៅតាមនោះ។ ពួកគេនឹងមិនហាមឃាត់អ្នកឲ្យញាំច្រើន មិនហាមឃាត់អ្នកនូវការចេញចរិតលក្ខណៈបែបរឡិករឡក់ ឬឡប់ៗណាមួយឡើយ។
ជារួមអ្នកបង្ហាញចេញមកនូវភាពជាខ្លួនឯង សឹងតែថា ពេលខ្លះនៅមុខសង្សារឬគូស្នេហ៍ នៅមានការលាក់បាំង តែមុខមិត្តភក្តិប្រុសជិតដិតច្រើនឆ្នាំ គឺព្រលែងមួយអស់ដៃ ស្តាប់ទៅក៏សប្បាយម្យ៉ាងដែរ។
៤.មិនចេះចង់ឈ្នះឬប្រជែងអ្នកទេ
លើកលែងតែបុរសចរិតជាមនុស្សស្រី ទើបមានការចង់ឈ្នះចង់ចាញ់ជាមួយអ្នក ក្នុងនាមជាមិត្តភក្តិនឹងគ្នា។ តាមការសិក្សាចេញពីសកលវិទ្យាល័យ Arizona របស់អាមេរិកបានឲ្យដឹងថាមនុស្សស្រីឆាប់មានការច្រណែន ទើសទាល់នឹងគ្នា ត្បិតពួកគេជាមិត្តនឹងគ្នាក៏ដោយ ខុសពីបុរសគឺមិនដែលចេះទៅច្រណែនអ្នកលើរឿងអ្វីឡើយ។
ឧទាហរណ៍៖ អ្នកមានរបស់ប្រើប្រាស់ល្អជាងមិត្តភក្តិស្រីៗឯទៀត អត់យូរទេ ដឹងតែមានពាក្យច្រណែន ពាក្យរិះគន់បែបនេះ បែបនោះ មកហើយ។ ជាក់ស្តែងដូចពេលទៅដំណើរកម្សាន្តជួបជុំគ្នាកន្លែងណាមួយ តែក្នុងចំណោមមនុស្សនោះ មាននារីៗច្រើន ចាំមើល តែងលឺមាត់លឺក ជារួម នារីម្នាក់តែងចង់លេចធ្លោ ចង់បានពាក្យសរសើរ ចង់ឲ្យបុរសជាមិត្តឯទៀត ធ្វើតាម ផ្គាប់ចិត្តខ្លួន ជាងនារីឯទៀត នេះជាធម្មជាតិរបស់មនុស្សស្រី បែបនេះ បើស្រីៗជុំគ្នាច្រើន ភាគរយនៃការប៉ះមាត់ប៉ះក ក៏ច្រើនទៅតាមនោះ។
៥.អត់នាំអ្នកនិយាយដើមគេ (ចំណុចចាក់ដោត)
ការនិយាយរឿងអ្នកដទៃ មិនមែនជារឿងល្អទេ ឬយើងនិយមហៅថា ស៊ីត្រាវ គឺខាតតែពេល ហើយជួនកាលអាចនាំរឿងមកវិញថែមទៀត។ មនុស្សស្រីភាគច្រើនគឺជារឿងសាមញ្ញទៅហើយ តែបើសម្រាប់មនុស្សប្រុសគឺចូលចិត្តនិយាយត្រង់ទៅត្រង់មក អត់ចេះកាច់កុងច្រើននោះទេ។
ជួបជុំគ្នា មានតែការកម្សាន្ត ការនិយាយរឿងសប្បាយៗ ជជែកដំណើរត្រូវទៅទីណាទីណី មិនបានយកពេលដ៏មានតម្លៃ ទៅបបួលគ្នាញុាំត្រាវ ឬគាស់កកាយអតីតកាលអាក្រក់របស់នរណា មកជាប្រធានបទកំដរតុកាហ្វេឡើយ។ សរុបមក ទាំង ៥ ចំណុចខាងលើដូចបានរៀបរាប់ ទើបនាំឲ្យមនុស្សស្រីមួយចំនួន ដាក់ចិត្តរាប់អានបុរស ទោះមិនយកជាគូស្នេហ៍ ក៏យកជាមិត្ត ជាជាងដាក់ចិត្តទៅរាប់អាននារីៗដូចគ្នា៕