យោងតាមការប្រកាសរបស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២៣ នេះ ធនាគារជាតិបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន UnionPay International របស់ចិន ក្នុងការប្រតិបត្តិការឱ្យមានការទូទាត់ឆ្លងប្រទេស។
ចំពោះអនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណងផ្ដល់នូវលក្ខខណ្ឌជាក់លាក់សម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ដល់ប្រតិបត្តិការទូទាត់ឆ្លងប្រទេសរវាង KHQR នៃប្រព័ន្ធបាគងជាមួយនឹងបណ្ដាញQR Code របស់ក្រុមហ៊ុន UnionPay International។
តាមរយៈ MoU នេះផងដែរ នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប័ណ្ណទូទៅ UnionPay International (UPI) ដែលមកទស្សនាប្រទេសកម្ពុជា នឹងអាចប្រើប្រាស់សេវាទូទាត់របស់ UnionPay ដើម្បីស្កេន KHQR Code ដែលមានភ្ជាប់ជាមួយគណនីធនាគារ ជាប្រាក់រៀលក្នុងស្រុក សម្រាប់ធ្វើការទូទាត់នានា ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០២២ កន្លងទៅ ការទូទាត់លុយតាមប្រព័ន្ធអេឡិចត្រូនិចនៅទីផ្សារកម្ពុជាជិត១ពាន់ដងនៃផលិតផលក្នុងស្រុកសរុបខណៈផលិតផលក្នុងស្រុកសរុបមានទំហំខ្ទង់៣០ពាន់លានដុល្លារ ដូច្នេះទំហំទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចនៅកម្ពុជាមានប្រមាណជា៣០ពាន់ពាន់លានដុល្លារ។
បើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាប្រចាំឆ្នាំ ២០២២ បានបង្ហាញ ប្រព័ន្ធទូទាត់ KHQR កូដគឺជាផ្នែកមួយដែលជំរុញដល់ការទូទាត់តាមបែបឌីជីថល ហើយទូទាត់ប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព ដោយកាត់បន្ថយចំណាយថ្លៃប្រតិបត្តិការនិងជម្រុញបរិយាបណ្ណហិរញ្ញវត្ថុនៅកម្ពុជាផងដែរ។
នៅក្នុងរបាយការណ៍ដដែលនេះបានឱ្យដឹងទៀតថា ការប្រតិបត្តិការតាមប្រព័ន្ធបាគងដែលប្រព័ន្ធទូទាត់ឆ្លងធនាគារនិងទូទាត់តាមទូរស័ព្ទដៃមានចំនួន២៦.១លានប្រតិបត្តិការ ហើយទំហំទូទាត់ប្រាក់រៀលចំនួន១២.៨ទ្រីលានរៀលនិងទំហំទូទាត់ជាប្រាក់ដុល្លារចំនួន១២.២ពាន់លានដុល្លារ៕