អារម្មណ៍នៃការថើប វាកើតឡើងភ្លាមៗ ប្រហែលជាមិនអាចនឹងត្រៀមខ្លួនទុកមុនបានឡើយ តែយ៉ាងណា អ្នកត្រូវដឹងថា តាមរយៈមាត់របស់យើង គឺមានបាក់តេរីរាប់ម៉ឺនក្បាល ដូច្នេះ ការថើប គឺជាការចម្លងបាក់តេរីយ៉ាងឆាប់រហ័សបំផុត។ ដូច្នេះហើយ មុននឹងអ្នកថើបមាត់គូស្នេហ៍ អ្នកគួរតែទទួលទាននូវអាហារ និងភេសជ្ជៈទាំង៧មុខនេះជាមុនសិន ដើម្បីកម្ចាត់បាក់តេរី និងជួយឱ្យខ្យល់ដង្ហើមល្អ មិនប៉ះពាល់ដល់អារម្មណ៍របស់អ្នក និងគូស្នេហ៍។
១. ទឹកបរិសុទ្ធ
អ្នកត្រូវញុំាទឹកឱ្យបានគ្រប់គ្រាន់ដើម្បីកុំឱ្យក្លិនដង្ហើមរបស់អ្នកមានក្លិនមិនល្អ ព្រោះទឹកមានសំណើមដល់មាត់ និងបំពង់ក។ វាក៏សម្អាតបាក់តេរី និងក្លិនអាហារដែលមានក្លិនពីមាត់ផងដែរ។
២. ស្ករកៅស៊ូ
ស្ករកៅស៊ូរំញោចការផលិតទឹកមាត់ដែលជាសត្រូវរបស់បាក់តេរី។ វាក៏មានរសជាតិប្លែកៗ ជួយឱ្យដង្ហើមស្រស់ស្រាយ និងស្រស់ថ្លា។ លើសពីនេះ ស្ករកៅស៊ូអាចយកភាគល្អិតអាហារដែលជាប់នឹងធ្មេញ និងការពារការពុកធ្មេញផងដែរ។
៣. អាហារសម្បូរវីតាមីនC
វីតាមីនC អាចការពារការលូតលាស់របស់បាក់តេរី ដែលបណ្តាលឱ្យមានដង្ហើមមិនល្អ។ អ្នកអាចញុំាក្រូច ឬត្របែកមុនពេលថើប។ អាហារដែលមានផ្ទុកវីតាមីននេះ ក៏មានសមត្ថភាពបន្សាបក្លិនអាហារ ដែលមានក្លិនខ្លាំងដូចជាខ្ទឹមបារាំង និងខ្ទឹមស។
៤. ផ្លែប៉ោម
ផ្លែប៉ោមជួយកម្ចាត់កាកសំណល់នៅលើធ្មេញ និងផលិតទឹកមាត់កាន់តែច្រើន។ ទឹកមាត់សសម្បូរទៅដោយអុកស៊ីសែន ដូច្នេះវាសកម្មប្រឆាំងនឹងបាក់តេរីដែលបង្កឱ្យមានដង្ហើមមិនល្អ។
៥. ទឹកដោះគោជូរ
ទឹកដោះគោជូរ ឬយ៉ាអួ ជួយកាត់បន្ថយកម្រិតអ៊ីដ្រូសែនស៊ុលហ្វីត ដែលបណ្តាលឱ្យមានដង្ហើមមិនល្អនៅក្នុងមាត់របស់អ្នក។ វាក៏មានផ្ទុកនូវបាក់តេរីមានប្រយោជន៍ដែលជួយសម្លាប់មេរោគ និងការពារធ្មេញផងដែរ។
៦. តែបៃតង
តែបៃតងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មហៅថា catechins ។ សមាសធាតុនេះមានសមត្ថភាពបណ្តេញបាក់តេរីដែលបណ្តាលឱ្យមានដង្ហើមមិនល្អ។ លើសពីនេះទៀត សមាសធាតុ flavonoid នៅក្នុងតែបៃតង ក៏ជួយការពារបាក់តេរីពីការជាប់នឹងធ្មេញផងដែរ។
៧. ជីវ៉ាន់ស៊ុយ
ជីវ៉ាន់ស៊ុយ ជួយឱ្យទឹកមាត់ផ្អែម ដើម្បីបង្កើតក្លិនក្រអូបស្រាលនៅក្នុងមាត់។ លក្ខណៈសម្បត្តិប្រឆាំងនឹងការរលាករបស់វា ក៏ជួយបន្សាបជាតិពុលផងដែរ៕
ប្រភព ៖ iOne / Knongsrok