លោកតាកើតនៅក្នុងអំឡុងឆ្នាំ ១៨៧០ អាយុ១៤៩ឆ្នាំ ដោយសារតែកូនចៅបានចែកឋានចោលគាត់អស់ជាច្រើនជំនាន់ ហើយគាត់ក៏ធ្លាប់ឆ្លងកាត់រឿងសក់សរជូនដំណើរសក់ខ្មៅដែលជារឿងខ្លោចផ្សារហើយនោះ គាត់ក៏បានយល់ថាអាយុវែងតើមានសុភមង្គលអ្វីទៅ? ហើយខ្លួនគាត់ផ្ទាល់ក៏យល់ថា រស់នៅក្នុងលោកនេះដោយសភាពបែបនេះ តើមានអ្វីគួរស្ញប់ស្ញែងទៅ ចុងក្រោយលោកតាក៏ជ្រើសរើសបញ្ចប់ជីវិតរបស់គាត់។
លោកតា Mbah Gotho ជាជនជាតិ ឥណ្ឌូនេស៊ី បច្ចុប្បន្នគាត់ត្រូវបានគេចាត់ថាជាមនុស្សដែលមានអាយុវែងជាងគេក្នុងពិភពលោកនេះ គាត់មានអាយុ១៤៩ឆ្នាំទៅហើយ។ មនុស្សជាច្រើនតែងស្វែងរកអាថ៌កំបាំងដើម្បីអាយុវែង តែគ្មានអ្នកណាដឹងថានៅពេលដែលខ្លួនចាស់ទៅមានសភាពបែបណានោះទេ សុខភាពល្អ ឬអត់ ទ្រុឌទ្រោមដែរឬទេ? តើមនុស្សដែលមានអាយុវែងចំពោះខ្លួនគាត់ផ្ទាល់ពិតជារីករាយមែនឬ? ឥឡូវនេះយើងមកមើលលោកតា Mbah Gotho តើគាត់មានការស្រាយបំភ្លឺបែបណាចំពោះរឿងនេះ។
លោកតា Mbah Gotho កើតនៅឆ្នាំ ១៨៧០ គ្រួសាររបស់លោកតាមិនសូវជាមានបានធូរធារនោះទេ ឪពុកម្តាយគាត់គឺជាប្រជាកសិករធម្មតា លោកតាធំធាត់ឡើងនៅក្នុងភូមិដែលលោកតាកំពុងតែរស់នៅ តាំងពីតូចមកលោកតាមិនធ្លាប់បានជួបនឹងការដាច់បាយអ្វីឡើយ ក៏មិនសូវជាជួបនូវទុក្ខលំបាកអ្វីខ្លាំងដូចគេដែរ នៅក្នុងគ្រួសារលោកតានៅមានបងប្អូនប្រុសស្រីប៉ុន្មាននាក់ទៀត។
ដ្បិតតែស្ថិតក្រោមការរស់នៅដូចគ្នាមែន អាយុរវាងមនុស្ស និងមនុស្សក៏មានភាពខុសគ្នាដែរ ប្រៀបដូចជាលោកតា Mbah Gotho និងបងប្អូនប្រុសស្រីរបស់គាត់អ៊ីចឹង លោកតាគឺមានអាយុវែងជាងគេ ។
នៅក្នុងឆ្នាំ ២០១៦ លោកតា Mbah Gotho បានធ្វើពិធីខួបកំណើតគំរបអាយុ១៤៦ឆ្នាំ ក៏ជាឆ្នាំដែលត្រូវគេយល់ថាគាត់គឺជាមនុស្សដែលមានអាយុវែងជាងគេនៅក្នុងពិភពលោកនេះ។
តាមពិតទៅនៅពេលដែលលោកតាមានអាយុជាង១០០ ការរស់នៅរបស់គាត់នៅប្រក្រតីនៅឡើយ ការធ្វើដំណើររបស់គាត់ធម្មតា អាចពិសាបាយខ្លួនឯង ដើរទៅណាមកដោយខ្លួនឯងបាន មិនចាំបាច់គេមកមើលថែអ្វីខ្លាំងពេកនោះឡើយ។
កាលពីលោកតាអាយុ១២២ឆ្នាំ គាត់បានកើតជំងឺយ៉ាងធ្ងន់ គេងនៅមន្ទីរពេទ្យ លោកតាយល់ថាខ្លួននៅមិនបានយូរទេ ក៏បានបង្គាប់ឱ្យកូនចៅត្រៀមធ្វើពិធីបុណ្យទុកជាស្រេច តែមានអ្នកណាទៅដឹងនោះ លោកតាបែរជាអាចឆ្លងកាត់ដំណាក់កាលគ្រោះថ្នាក់នេះបាន។
អ្នកណាទៅគិតដល់ថាលោកតា Mbah Gotho អាយុជាង ១២២ឆ្នាំ អាចនៅរស់បន្តដល់ទៅជាង២០ឆ្នាំទៀតបាន។ យើងគិតពីអាយុរបស់មនុស្សសាមញ្ញវិញមិនដឹងថានៅមាន២០ឆ្នាំប៉ុន្មានដងទៀតនោះទេ តែលោកតាវិញក្រោយពីអាយុ១២២ឆ្នាំ សុខភាពគាត់បែរជាមាំទាំ រស់នៅបានរហូតដល់ ១៤៩ឆ្នាំទៀតឯណោះ តែចំពោះលោកតាខ្លួនឯងវិញ អ្វីដែលជាកង្វល់របស់គាត់នោះគឺជាការរស់នៅយូរពេកនេះហើយ។
លោកតា Mbah Gotho ហាក់បីដូចជាត្រូវបានស្តេចយមរាជបំភ្លេចគាត់បាត់ទៅហើយ កូនចៅរបស់គាត់គ្មានអាយុវែងដូចជាគាត់នោះទេ គាត់បានមើលឃើញកូនចៅរបស់គាត់ចាកចេញពីគាត់ម្តងម្នាក់ៗ គួរឱ្យសោកសង្រេងណាស់។
ជាក់ស្តែងជាងនេះទៀតនោះ មនុស្សចាស់ដែលជំនាន់លោកតាសុទ្ធតែលាចាកលោកនេះអស់បាត់ទៅហើយ លោកតាមើលពេលវេលាកន្លងផុតពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែយល់ថាខ្លួនឯកោខ្លាំងណាស់។
ជាទូទៅពួកយើងតែងជូនពរមនុស្សចាស់ឱ្យមានអាយុវែង តែលោកតា Mbah Gotho វិញពិតជាអាយុវែងជាងគេក្នុងលោកមែន តែការរស់នៅដ៏វែងអន្លាយរបស់គាត់នេះបែរជារឿងដ៏សែនឈឺចាប់សម្រាប់គាត់ទៅវិញ៕
អត្ថបទ ៖ ក្នុងស្រុក