សម័យនេះពិបាករករបស់ធម្មជាតិសុទ្ធ គ្មានជាតិគីមីណាស់ មិនថាបន្លែ ផ្លែឈើ ឬអាហារនោះទេ។ ដើម្បីរក្សាសោភ័ណភាព និងអាចទុកបានយូរ អ្នកផលិត អ្នកលក់មួយចំនួន បានច្នៃផលិតអាហារដោយបញ្ចូលនូវសារធាតុគីមីផ្សេងៗ ភ្លេចគិតដល់សុខភាពជាធំ។
អាហារខូចគុណភាព មានផ្ទុកសារធាតុគីមី ដែលយើងតែងតែឮព័ត៌មានមន្ត្រីកាំកុងត្រូលចាប់បាន និងដុតបំផ្លាញចោលជារឿយៗមានដូចជា៖
១. ប្រហិត
ប្រហិតសាច់គោ សាច់ក្តាម ប្រហិតបន្លែគ្រប់មុខ Hotdog សុទ្ធសឹងជាអាហារកែច្នៃ ហើយភាគច្រើននាំចូលពីប្រទេសជិតខាង ដែលប្រហិតទាំងនោះត្រូវគេរកឃើញ មានដាក់សារធាតុគីមីធ្វើឱ្យស្វិត និងអាចរក្សាទុកបានយូរ។
២. ស្លាបមាន់ ជើងមាន់
ស្លាបមាន់ ជើងមាន់កសិកម្មដែលនាំចូលពីប្រទេសជិតខាង កំពុងតែពេញនិយមក្នុងចំណោមយុវវ័យ គេយកវាទៅបំពង អាំង ធ្វើជ្រក់ជាដើម។ តើអ្នកមានដឹងអត់ថា ពពួកស្លាបមាន់ ជើងមាន់ទាំងនេះ ត្រូវបានគេចាក់សារធាតុគីមីម្យ៉ាងឈ្មោះថា ហ្វ័រម៉ុល ដើម្បីរក្សាទុកបានយូរ មិនស្អុយ មិនខូចគុណភាព នៅពេលដែលយើងញ៉ាំទៅប៉ះពាល់សុខភាពច្រើនណាស់។
៣. សាច់ក្រក
មិនខុសគ្នាពីពពួកអាហារទាំងប៉ុន្មានខាងលើទេ សាច់ក្រកក៏មានដាក់សារធាតុគីមីដែរ បើមិនអ៊ីចឹងទេម៉េចនឹងអាចរក្សាទុកបានយូរ រុយមិនរោមនោះ។
៤. មឹកបង្គារ
មឹក និងបង្គារនៅទីផ្សារបច្ចុប្បន្ន ក៏ប្រើសារធាតុគីមីដែរ ដើម្បីរក្សាឱ្យនៅស្រស់ល្អ ឃើញហើយចង់ទិញភ្លែត។
៥. អាហារជ្រក់ ឬផ្អាប់
អាហារផ្អាប់ក៏មិនល្អចំពោះសុខភាពដែរ ព្រោះអាហារប្រភេទនេះប្រើជាតិគីមីឱ្យរក្សាទុកបានយូរ៕