ខេត្តឧត្តរមានជ័យ គឺជាខេត្តដែលលាតសន្ធឹងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃជួរភ្នំដងរ៉ែកប្រវែង២២៤គីឡូម៉ែត្រ ដែលមានព្រំប្រទល់ជាប់ខេត្តព្រះវិហារ ខាងលិចជាប់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ ខាងត្បូងជាប់ព្រំប្រទល់ខេត្តសៀមរាប ខាងជើងជាប់នឹងខេត្ត៣របស់ព្រះរាជាអាណាចក្រថៃ គឺខេត្តបុរីរ៉ាំ ខេត្តសុរិន្ទ និងខេត្តស៊ីសាកេត ។
ខេត្តឧត្តរមានជ័យ ជាខេត្តជាយដែនសម្បូរទៅដោយសម្បត្តិធម្មជាតិព្រៃភ្នំក្រំថ្ម និងសត្វព្រៃគ្រប់ប្រភេទរស់នៅ ថែមទាំងមានតំបន់ធម្មជាតិកម្សាន្តមិនទាន់កែច្នៃជាច្រើនកន្លែង ដោយក្នុងនោះទីកម្សាន្តបង្កើតថ្មីមួយត្រូវបានគេដឹងថាកំពុងតែមានការពេញនិយម ល្បីថាស្អាតនោះគឺ « អាតោដួងចិត្ត ឬ ទំនប់អាងទឹកស្ទឹងស្រែង ២ » ។
« អាតោដួងចិត្ត ឬ ទំនប់អាងទឹកស្ទឹងស្រែង ២ » មិនត្រឹមតែមានទេសភាពស្អាតៗកែច្នៃ មានទឹកថ្លាឈ្វេង អាចងូតកម្សាន្តលេង សំបូរទៅដោយត្រីធម្មជាតិធំៗ ថែមទាំងមានខ្យល់អាកាសល្អបរិសុទ្ធជាប់នឹងជើងភ្នំអាតោទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកងូតទឹកកម្សាន្តលេងប៉ុណ្ណោះទេ តែទំនប់នេះក៏បម្រើឱ្យការស្រោចស្រពដំណាំប្រជាជនក្នុងតំបន់ចំនួន៣ ខេត្តផងដែរ គឺ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប និង ខេត្តបន្ទាយមានជ័យ សម្រាប់វិស័យកសិកម្មទៀតផង។
គួរឱ្យដឹងផងដែរថា « រមណីយដ្ឋានអាតោដួងចិត្ត ឬទំនប់អាងទឹកស្ទឹងស្រែង២» នេះ ស្ថិតនៅក្នុង ស្រុកចុងកាល់ ក្រុងសំរោង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និង មួយផ្នែកនៅក្នុងស្រុកស្រីស្នំ នៃខេត្តសៀមរាប ទំនប់អាងទឹកនេះមានប្រវែង ២ ៨០០ម៉ែត្រ តភ្ជាប់ពី ភ្នំកំបោរ ទៅ ភ្នំរូងដែក មានសមត្ថភាពស្តុកទឹកបាន ២៥៩ លានម៉ែត្រគូប៕
អត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Ranot Bay photo edit (Ränöt Bøy)