ទោះបីជាការលាបសក់របស់អ្នកគឺជាវិធីលឿនបំផុតដើម្បីបិទបាំងសក់ស្កូវក៏ដោយ វាប្រហែលជាមិនមែនជាជម្រើសដ៏ល្អបំផុតសម្រាប់សុខភាពនៃសក់របស់អ្នកនោះទេ។ ដូច្នេះអ្នកគួរតែប្តូរទម្លាប់មកសាកវិធីធម្មជាតិទាំង៤នេះបាន ដើម្បីការពារពណ៌ធម្មជាតិនៃសក់របស់អ្នក អាចលុបបំបាត់បញ្ហាសក់ស្កូវ និងជួយថែរក្សាសក់របសអ្នក៖
១.ញ៉ាំជាតិកាល់ស្យូមឱ្យបានច្រើន
ការដែលមានជាតិកាល់ស្យូមគ្រប់គ្រាន់មិនត្រឹមតែសំខាន់សម្រាប់ឆ្អឹង និងសាច់ដុំរបស់អ្នកប៉ុណ្ណោះទេ។ វាក៏អាចជួយអ្នករក្សាសារធាតុពណ៌សក់របស់អ្នកឱ្យបានយូរផងដែរ។ ការសិក្សាបានបង្ហាញថាការទទួលទានជាតិកាល់ស្យូម 200 mg ប្រចាំថ្ងៃអាចពន្យារពេលនៃការប្រែពណ៌សក់បាន។
២.រកវិធីគ្រប់គ្រងភាពតានតឹង
ការស្ថិតក្រោមភាពតានតឹងញឹកញាប់ អាចប៉ះពាល់ដល់សុខភាពរបស់អ្នកតាមវិធីជាច្រើន។ បន្ថែមពីលើការធ្វើឱ្យបេះដូងលោតលឿន និងរំខានដល់ដំណេករបស់អ្នក ភាពតានតឹងក៏អាចបណ្តាលឱ្យសក់របស់អ្នកខូចពណ៌ផងដែរ។ ភាពតានតឹងរ៉ាំរ៉ៃអាចនាំឱ្យរលាក ដែលអាចបង្កឱ្យមានការខូចខាតកោសិកា និងបណ្តាលឱ្យសក់ឡើងស្កូវមុនអាយុ។
៣.ទទួលបានប្រូតេអ៊ីនគ្រប់គ្រាន់
ការមានរបបអាហារមានតុល្យភាពគឺសំខាន់ណាស់សម្រាប់ស្បែក សក់ និងក្រចកដែលមានសុខភាពល្អ និងស្អាត។ ការរួមបញ្ចូលអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន នៅក្នុងរបបអាហាររបស់អ្នក អាចមានប្រយោជន៍ ជាពិសេសប្រសិនបើអ្នកកំពុងព្យាយាមការពារពីសក់ស្កូវ។ ការទទួលទានអាហារសម្បូរប្រូតេអ៊ីន ដូចជាស៊ុត សណ្តែកសៀង និងផលិតផលទឹកដោះគោ អាចជួយអ្នកក្នុងការការពារសក់ស្កូវមុនអាយុ។
៤.មើលកម្រិតជាតិដែករបស់អ្នក
ប្រសិនបើសក់របស់អ្នកប្រែជាពណ៌ប្រផេះមុនអាយុ នោះបង្ហាញថាអ្នកមានកម្រិតជាតិដែកទាប។ ជាតិដែក គឺជាសារធាតុរ៉ែដ៏សំខាន់ដែលជួយកោសិកាឈាមរបស់អ្នក នាំអុកស៊ីហ្សែនទៅកាន់ពេញរាងកាយរបស់អ្នក ដូច្នេះត្រូវប្រាកដថាអ្នកញ៉ាំអាហារសម្បូរវីតាមីន C ព្រោះវាជួយរាងកាយរបស់អ្នកស្រូបយកជាតិដែកបានយ៉ាងល្អ៕
ប្រភព ៖ បរទេស