មានមនុស្សជាច្រើនដែលមិនអាចរស់នៅខ្វះកាហ្វេបានទេ ព្រោះវាជាភេសជ្ជៈដែលឆ្ងាញ់ និងអាចដាស់អារម្មណ៍ឲ្យស្វាងពេញមួយថ្ងៃ។ ទោះបីជាការផឹកកាហ្វេច្រើនពេកអាចមានផលប៉ះពាល់មិនល្អមួយចំនួនក៏ដោយ ប៉ុន្តែបរិមាណកាហ្វេត្រឹមត្រូវអាចផ្តល់ផលអស្ចារ្យដល់សុខភាពរបស់អ្នក។ អ្នកជំនាញខាងវេជ្ជសាស្រ្ដជឿជាក់ថា ២ ទៅ ៣ កែវក្នុងមួយថ្ងៃ គឺជាបរិមាណដ៏ល្អឥតខ្ចោះ ដែលអាចឱ្យអ្នកទទួលបានអត្ថប្រយោជន៍សុខភាពច្រើនបំផុតពីកាហ្វេ៖
១.វាល្អសម្រាប់តម្រង់នោមរបស់អ្នក
បន្ថែមពីលើការដាស់អារម្មណ៍អ្នកនៅពេលព្រឹក កាហ្វេអាចជួយអ្នកការពារពីជំងឺផ្សេងៗដែលទាក់ទងនឹងតម្រង់នោម។ ការសិក្សាបានបង្ហាញថាការផឹកកាហ្វេ 2-3 កែវក្នុងមួយថ្ងៃអាចជួយកាត់បន្ថយហានិភ័យនៃរបួសក្រលៀនស្រួចស្រាវ នៅពេលដែលតម្រង់នោមបាត់បង់មុខងារទាំងអស់ ឬ មួយផ្នែកភ្លាមៗ។ អ្នកស្រាវជ្រាវជឿថា សមាសធាតុជីវសកម្មមួយចំនួននៅក្នុងកាហ្វេ អាចធ្វើអោយប្រសើរឡើងនូវការប្រើប្រាស់អុកស៊ីហ្សែននៅក្នុងតម្រងនោម ជួយឱ្យពួកគេធ្វើការកាន់តែមានប្រសិទ្ធភាព។
២.វាអាចមានប្រយោជន៍ដល់បេះដូងរបស់អ្នក
ថ្វីត្បិតតែកាហ្វេអាចធ្វើឱ្យចង្វាក់បេះដូងរបស់អ្នកដើរលឿនក៏ដោយ ការផឹកវាក្នុងកម្រិតមធ្យមពិតជាអាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺដាច់សរសៃឈាមខួរក្បាល។ ការទទួលទានកាហ្វេខ្មៅ 1 ទៅ 2 កែវជារៀងរាល់ថ្ងៃ មានប្រយោជន៍ចំពោះសុខភាពសរសៃឈាមបេះដូង និងកាត់បន្ថយហានិភ័យនៃជំងឺខ្សោយបេះដូង។
៣.វាអាចបន្ថែមឆ្នាំដល់ជីវិតរបស់អ្នក
ខណៈពេលដែលការផឹកកាហ្វេច្រើនពេកអាចមានផលប៉ះពាល់ដ៏គ្រោះថ្នាក់ខ្លាំង តែបើអ្នកទទួលទានក្នុងបរិមាណត្រឹមត្រូវ វាអាចមានប្រសិទ្ធភាពផ្សេងទៀត។ នោះក៏ព្រោះតែការញ៉ាំកាហ្វេ ២ ទៅ ៣ កែវក្នុងមួយថ្ងៃអាចរក្សាបេះដូងអ្នកឲ្យមានសុខភាពល្អ ដូច្នេះវាពិតជាអាចជួយអ្នកអាយុវែងបាន។
៤.វាអាចធ្វើឱ្យស្បែករបស់អ្នកភ្លឺថ្លា
ការធ្វើតាមទម្លាប់ថែរក្សាស្បែក និងប្រើប្រាស់ផលិតផលត្រឹមត្រូវអាចជួយអ្នកឱ្យទទួលបានស្បែកស្អាតល្អ ហើយការផឹកកាហ្វេអាចជាទម្លាប់ល្អចំពោះស្បែករបស់អ្នក។ នេះដោយសារតែកាហ្វេសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុប្រឆាំងនឹងការរលាកផ្សេងៗ ដូច្នេះហើយវាអាចការពារស្បែករបស់អ្នកពីរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ និងជួយឱ្យអ្នករក្សាស្បែកឱ្យក្មេងជាងវ័យ និងភ្លឺរលោងបានយូរ៕
ប្រភព៖ បរទេស