អាប៉េគឺជាឈ្មោះល្ខោនច្រៀងរាំបែបបុរាណមួយនៅប្រទេសកម្ពុជា ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះ សិល្បៈប្រភេទនេះស្ទើរសល់តែឈ្មោះប៉ុណ្ណោះ ព្រោះអាក់ខានលែងបានសម្តែងតាំងពីយូរយារណាស់មកហើយផង និងម៉្យាងទៀតកាលពីទម្រង់សិល្បៈនេះនៅមានសកម្មភាពសម្តែងនៅឡើយនោះ ក៏មិនសូវបានសម្តែងច្រើនប៉ុន្មានផង… គឺសម្តែងតែក្នុងតំបន់ ខ្លះៗប៉ុណ្ណោះ ជាហេតុបណ្តាលឱ្យមានអ្នកស្គាល់ ឬចេះចាំអំពីទម្រង់សិល្បៈនេះតិច ។
ប៉ុន្មានឆ្នាំក្រោយពេលរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានរំលាយវប្បធម៌ជាតិជាផេះផង់ធូលី ដួលរលំទៅនៅឆ្នាំ១៩៧៩នោះ ក្នុងបំណងធ្វើឱ្យរស់ឡើងវិញនូវគ្រប់ទម្រង់សិល្បៈនៅក្នុងប្រទេសកម្ពុជា អ្នកស្រាវជ្រាវមួយក្រុមនៃនាយកដ្ឋានសិល្បៈរបស់ក្រសួងឃោសនាការវប្បធម៌ និងព័ត៌មាន បានសាកល្បងប្រមូលគ្រូ និងសិល្បករ ចាស់ៗ ដែលសេសសល់ពីការកាប់សម្លាប់ មកពិភាក្សាគ្នា ដើម្បីរំលឹកឡើងវិញ រួចបង្ហាញទម្រង់សិល្បៈទាំងនេះ ទៅតាមការចេះចាំរបស់ខ្លួន ។
ចំពោះទម្រង់សិល្បៈអាប៉េនេះ យើងសង្កេតឃើញមានមតិពីរខុសគ្នា គឺបង្ហាញទម្រង់សិល្បៈល្ខោនពីរបែបខុសគ្នា ប៉ុន្តែទាមទារឈ្មោះថា ជាសិល្បៈអាប៉េដូចគ្នា ៖
១-តាមមតិរបស់អ្នកគ្រូ ចាស់ៗខាងព្រះបរមរាជវាំង មានអ្នកគ្រូជា ខាន់ អ្នកគ្រូឯម ឆាយ ជាដើម ដែលសុទ្ធតែជាគ្រូរបាំក្បាច់បុរាណដ៏ ចំណានៗ ហើយដែលធ្លាប់រស់ និងសិក្សារៀនសូត្ររបាំព្រះរាជទ្រព្យនេះ នៅក្នុងព្រះបរមរាជវាំងតាំងពី តូចៗមកនោះ បានមានប្រសាសន៍ថាៈ
- អាប៉េ គឺជាខ្នែងដ៏តូចមួយរបស់របាំព្រះរាជទ្រព្យ ដែលគេនិយមហៅឈ្មោះថា អាប៉េ ឬយីកេសាសន៍ (យីកេសម្តែងរឿងបរទេស) ? ទម្រង់ល្ខោននេះ ជាទម្រង់ល្ខោនច្រៀងរាំ និងមាននិយាយផង ដែលអ្នកសម្តែងសុទ្ធតែ ស្រីៗ ដោយយកក្បាច់របាំបុរាណ (របាំព្រះរាជទ្រព្យ) ជាបាត ប៉ុន្តែមិនមែនក្បាច់នួន (ទន់ភ្លន់) ទេ តែច្រើនតែឡកក្រមិចក្រមើម… សម្តែងរឿងបរទេស ខ្លីៗ ដូចជារឿងចិន ចាម ជ្វា អារ៉ាប់ ឥណ្ឌា ភូមា… ដែលជាទូទៅ គឺជារឿងកំប្លុកកំប្លែង ដើម្បីកម្សាន្តសើចលេងសប្បាយប៉ុណ្ណោះ។ ឯបទភ្លេង និងចម្រៀងវិញ ក៏ភាគច្រើនមានចង្វាក់ញាប់រន្ថើន ញាក់ៗ សម្រាប់ជំរុញកាយវិការឡកក្រមិចក្រមើម ព្រមដោយពាក្យបន្ទរចម្រុះជាតិសាសន៍ ពោលគឺមានពាក្យជាភាសាខ្មែរខ្លះផង និងជាភាសាបរទេសខ្លះចម្រុះគ្នា ។
របៀបដូចបានពោលខាងលើនេះ យើងខ្ញុំជាអ្នកកត់ត្រាក៏ធ្លាប់បានឃើញខ្លះដែរ កាលពីប៉ុន្មានឆ្នាំមុនពេលដែលសង្គ្រាមស៊ីវិល ឆ្នាំ១៩៧០ បានផ្ទុះឡើង ។ ដោយកាលណោះ ឃុន មាឃ (ព្រះម្នាងម្នាក់នៃហ្លួងសុីសុវត្ថិ មុនីវង្ស) ដែលជាគ្រូរបាំធំ និងល្បីល្បាញបំផុតក្នុងព្រះបរមរាជវាំងក្រុងភ្នំពេញនេះ លោកបានសម្តែងបង្ហាញ ក្នុងឱកាសនោះ ។
ឯឧបករណ៍តន្ត្រីជូនសិល្បៈអាប៉េនេះវិញ ឃើញមានកូនស្គរយីកេ តូចៗ ជាមេចង្វាក់ មានរនាតឯក និងឧបករណ៍តន្ត្រី ផ្សេងៗទៀតខ្លះផង។ វង់តន្ត្រីប្រភេទនេះ ឃើញស្រដៀងគ្នានឹងវង់តន្ត្រីមួយវង់ដែលយើងធ្លាប់បានឃើញនៅខេត្តកេឡាន់តាន់ ប្រទេសម៉ាឡេសុី ក្នុងឆ្នាំ១៩៦៩ ។
២-តាមមតិគ្រូក្រៅវាំង មានអ្នកគ្រូ ម៉ែ ម៉ឺន ដែលជាសិល្បការិនីលើឆាកដ៏ល្បីល្បាញ និងជាតារាភាពយន្តដ៏មានប្រជាប្រិយភាពផង បានពោលថា អាប៉េ គឺជាប្រភេទល្ខោននៅជនបទ ជាទម្រង់ល្ខោនច្រៀងរាំ និងនិយាយផង ដែលអ្នកសម្តែង សុទ្ធតែប្រុសទាំងអស់ សូម្បីតែតួអង្គស្រី ក៏ត្រូវយកសិល្បករមកតែងតួជាស្រីផងដែរ ហើយសម្តែងតែរឿងដែលមានលក្ខណៈកំប្លុកកំប្លែងសម្រាប់បង្កើតបរិយាកាសសើចលេងសប្បាយ ។
ឯឧបករណ៍តន្ត្រីវិញ ឃើញដូចតន្ត្រីនៃវង់សិល្បៈអាយ៉ៃ មានទ្រ ឃឹម ខ្លុយ ស្គរដៃ ហើយមានថែមទ្រអ៊ូធំមួយ ធ្វើពីប៉ោតប្រេងកាតថែមទៀតផង ។ ដើម្បីបញ្ជាក់ឱ្យឃើញជាក់ស្តែងតាមមតិទី២នេះ អ្នកគ្រូម៉ែ ម៉ឺន បានដំឡើងរឿងមួយដោយយកសិល្បករផ្នែកអាយ៉ៃ នៃនាយកដ្ឋានសិល្បៈមកសម្តែងជូនទស្សនិកជនក្នុងរយៈកាលនោះផង ។
តាមការសង្កេតរបៀបសម្តែងនេះ ឃើញមានលក្ខណៈដូចគ្នាបេះបិទទៅនឹងការសម្តែងអាយ៉ៃរឿងដែរ ។
សូមបញ្ជាក់ថា នេះយើងមិនបាននិយាយដល់មតិទី៣ ដែលយកទម្រង់សិល្បៈយីកេសុទ្ធសាធ ដោយគ្រាន់តែមានតួត្លុក កាន់ឧបករណ៍ «ក្រាប់» បន្ថែមសម្រាប់ឡក… ហើយប្រកាសថា អាប៉េ ដែរផងនោះទេ ។
និយាយជារួមមកដល់សព្វថ្ងៃនេះហើយ យើងមិនទាន់មានមតិស្របគ្នាថា តើអាប៉េគឺជាទម្រង់ណាមួយ ក្នុងរូបភាពល្ខោនទាំងពីរដូចបានអធិប្បាយខាងលើនេះ ? ហើយសិល្បៈអាប៉េនេះមានប្រភពមកពីណា ? កើតមាននៅពេលណា ? នៅប្រទេសកម្ពុជាយើងនេះទេ ៕
ស្រង់ពីសៀវភៅទស្សនីយភាពខ្មែរ