បើទោះបីជាសព្វថ្ងៃវិទ្យាសាស្ត្រមានការជឿនលឿនយ៉ាងណាក៏ដោយ ប៉ុន្តែជំនឿដែលមានតាំងពីបុរាណកាលមក គឺនៅតែបន្តរហូតមកដល់បច្ចុប្បន្ននេះ។ ហើយបើតាមក្បួនបុរាណចិនមានជំនឿថា ត្រីនាគគឺជាសត្វរស់នៅក្នុងទឹកមួយប្រភេទ ដែលនាំមកនូវភាពត្រជាក់ត្រជុំ និងនាំសំណាងដល់ម្ចាស់ខ្លួន។ ហេតុនេះហើយទើបជនជាតិចិនតែងតែដាក់តាំងរូបត្រីនាគ ឬចិញ្ចឹមត្រីនាគនៅក្នុងផ្ទះ និងកន្លែងរកស៉ីជាដើម ដើម្បីទទួលបាននូវលាភជ័យ និងលុយកាក់ហូរចូល។
តាមរឿងព្រេងចិនបុរាណបានដំណាលតៗគ្នាមកថា កាលពីសម័យបុរាណ នៅត្រង់ចំណុចទន្លេលឿង ជាច្រកទ្វារនាគនៃប្រទេសចិននោះ គឺតែងតែមានការប្រកួតរបស់ត្រីគ្រប់ប្រភេទជារៀងរាល់ឆ្នាំ។ ការប្រកួតនោះត្រូវកំណត់ថា ត្រីណាដែលអាចលោតផ្លោះបានខ្ពស់ និងហែលទឹកបានល្អជាងគេនោះនឹងទទួលជោគជ័យ ហើយត្រីដែលបានទទួលបានជ័យជម្នះនោះគឺត្រូវមានភារកិច្ចតាមថែរក្សាប្រជាជន ការពារគ្រោះធម្មជាតិ និងជួយឱ្យរជ្ជកាលនីមួយៗមានការរីកចម្រើនជាដើម។
ហើយចំពោះប្រជាជនបុរាណចិនវិញ គឺមានការគោរពបូជាត្រីនាគជាខ្លាំង ព្រោះវាគឺជាត្រីដែលទទួលបានជ័យជំនះ។ យ៉ាងណាមិញ រឿងនេះគ្រាន់តែជារឿងដំណាលតៗគ្នាមក ដែលធ្វើឱ្យមានជំនឿជាខ្លាំងនៅក្នុងប្រទេសចិនបុរាណកាលពីសម័យនោះ។
តាំងពីពេលនោះមក ត្រីនាគត្រូវបានចាត់ទុកជានិមិត្តរូបនាំលាភសំណាង និងសេចក្ដីចម្រុងចម្រើនចំពោះពលរដ្ឋអាស៊ី ដោយសាររូបសម្បត្ដិដ៏ស្រស់ឆើតឆាយនៃស្រកាក្រាស់ធំៗ និងព្រុយចង្កាភ្លោះពីររបស់វា ដែលស្រដៀងទៅនឹងនាគរាជ។
លើសពីនេះទៀតនោះ យោងតាមក្បួនហុងស៊ុយបាននិយាយថា វត្តមានរបស់ត្រីនាគ គឺនាំមកនូវទ្រព្យសម្បត្តិសុភមង្គល និងវិបុលភាពនៅក្នុងផ្ទះរបស់ចិញ្ចឹមវា។ ហើយការចិញ្ចឹមត្រីនាគនៅក្នុងផ្ទះ គឺត្រូវការឱ្យចំណីយ៉ាងមត់ចត់ និងការរស់នៅដោយប្រណិតភាព ព្រោះត្រីនាគនេះមិនអាចរស់នៅដូចត្រីដទៃទៀតនោះទេ ពោលគឺវាត្រូវការថែទាំយ៉ាងយកចិត្តទុកដាក់។
មួយវិញទៀត អ្នកគួរតែដាក់តាំងរូបត្រីនាគនេះនៅក្នុងផ្ទះ ឬកន្លែងរកស៉ីជាដើម ដើម្បីនាំលាភជ័យ និងមាសប្រាក់មកឱ្យអ្នក។ ប៉ុន្តែចំពោះការចិញ្ចឹម គឺធ្វើយ៉ាងម៉េចកុំឱ្យត្រីនាគងាប់ឱ្យសោះ ព្រោះប្រសិនបើវាងាប់នោះអ្នកប្រាកដជាដាក់រាសីខ្លាំងណាស់ ហើយវានឹងធ្វើឱ្យមានបញ្ហាចំពោះសុខភាព ឬបង្ករឿងរ៉ាវពីតូចទៅជាធំជាដើម។ ប៉ុន្តែបើវានៅរស់ នោះអ្នកនឹងសុខសប្បាយ រកស៊ីមានបាន និងមានអ្នកតូចអ្នកធំរាប់អានជាក់ជាមិនខាន។ ដូច្នេះហើយអ្នកគួរតែចិញ្ចឹមវាដោយការប្រុងប្រយ័ត្ន តែបើយល់ល្អអ្នកគ្រាន់តែដាក់តាំងរូបត្រីនាគនេះក៏បានដែរ៕
ប្រភព ៖ បរទេស / Knongsrok