ប្រទេសចិនគឺជាប្រទេសមួយដែលមានប្រវត្តិសាស្រ្តនិងវប្បធម៌គួរឱ្យចាប់អារម្មណ៍បំផុត។ វាមានភាពល្បីល្បាញដោយសារតែមានផ្ទៃដីធំភាពធំធេទូលាយ សេដ្ឋកិច្ចដើរលឿន និងមានសម្រស់ធម្មជាតិស្រស់ស្អាត ថែមទៀតផង ។ ក្រៅពីក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសធំបំផុតនៅលើពិភពលោកដែលមានអរិយធម៌ចំណាស់ ប្រទេសចិនក៏មានរឿងគួរឱ្យកត់សម្គាល់មួយចំនួនដែលអ្នកគួរតែដឹងអំពីប្រទេសនេះផងដែរ។
ខាងក្រោមនេះគឺជារឿងពិតដែលអ្នកគួរតែដឹងពីប្រទេសមហាអំណាចនេះ!
១.ប្រទេសចិនគឺជាប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក
ប្រទេសចិនមានប្រជាជនរស់នៅប្រមាណ ១,៤៤ ពាន់លាននាក់ ហេតុនេះហើយទើបធ្វើឱ្យវាក្លាយជាប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក។ ដោយសារតែប្រជាជនក្នុងប្រទេសនេះច្រើនទើបធ្វើអោយប្រជាជនខ្លះបានសម្រេចចិត្តផ្លាស់ទីលំនៅទៅរស់នៅក្រៅប្រទេសជាច្រើនដូចជា សហរដ្ឋអាមេរិក, អឺរ៉ុប, កាណាដា, អូស្រ្តាលី និង ញ៉ូហ្សែលែនជាដើម។
២.ប្រទេសចិនជាប្រទេសដែលមានប្រឡាយទឹកវែងជាងគេបំផុតនៅលើពិភពលោក
ប្រឡាយទឹកដែលវែងជាងគេបំផុតនៅលើពិភពលោកគឺប្រឡាយជីង - ហាំងហ្គ្រែន (Jing–Hang Grand) ដែលវាមានចម្ងាយ ១.៧៧៦ គីឡូម៉ែត្រ (១.១០៤ ម៉ាយ) ពីទីក្រុងប៉េកាំងទៅកាន់ទីក្រុងហាំងចូវ។ ផ្នែកខ្លះនៃប្រឡាយនេះមានអាយុកាលតាំងពីសតវត្សរ៍ទី ៥មកម្ល៉េះ ដែលធ្វើឱ្យវាមិនត្រឹមតែជាប្រឡាយទឹកដែលវែងជាងគេប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រឡាយចំណាស់ជាងគេបំផុតនៅលើពិភពលោកផងដែរ។
៣.ជាប្រទេសដើមកំណើតនៃតែ
រឿងព្រេងនិទានបានរៀបរាប់ថានៅឆ្នាំ ២៧៣២ នៃគ.ស មានអ្នកបម្រើម្នាក់កំពុងដាំទឹកពុះសំរាប់អធិរាជសិនណុង នៅពេលនោះនាងបានបង់ស្លឹកឈើម្យ៉ាងចូលទៅក្នុងទឹកពុះនោះ ដែលនៅពេលនោះគេមិនទាន់ស្គាល់ស្លឹកតែនៅឡើយ ។ បន្ទាប់មកនៅពេលអធិរាជផឹកទឹកនោះរួច គាត់ក៏ចូលចិត្តរសជាតិដ៏ឆ្ងុយឆ្ងាញ់របស់វា ទើបចាប់ពីពេលនោះមកគេតែងតែដាក់ស្លឹកតែនៅក្នុងទឹកក្តៅ ដែលនាំអោយវាមានភាពល្បីល្បាញមកទល់បច្ចុប្បន្ននេះ។
៤.ប្រទេសចិនមានមហាកំផែងដែលវែងជាងគេនៅលើពិភពលោក
ជាមួយនឹងប្រវែងសរុបប្រហែល ១៣.១៧០ ម៉ាយល៍ (២១.១៩៦ គីឡូម៉ែត្រ) មហាកំផែងប្រទេសចិនគឺជាសំណង់ដែលបង្កើតដោយមនុស្សដែលមានប្រវែងវែងជាងគេបំផុតនៅលើពិភពលោក។ វាមានអាយុកាលជាង ២.៣០០ ឆ្នាំមកហើយដែលវាត្រូវបានកសាងឡើងជាច្រើនសតវត្សរ៍ដោយរាជវង្សចិន ៦ ផ្សេងគ្នា។
៥.នៅប្រទេសចិនមានមនុស្សរាប់លាននាក់ដែលរស់នៅក្នុងរូងភ្នំ
មានការប៉ាន់ស្មានថាប្រជាជនចិនជាង ៣៥ លាននាក់ដែលរស់នៅក្នុងរូងភ្នំ ព្រោះតែវាមានតម្លៃថោកក្នុងការសាងសង់, ងាយស្រួលរក្សាភាពត្រជាក់នៅរដូវក្តៅ និងកក់ក្តៅនៅក្នុងរដូវរងា។ លំនៅដ្ឋាននៅក្នុងរូងភ្នំមានលក្ខណៈទូទៅបំផុតនៅក្នុងខេត្តសាអានស៊ី ព្រោះវាជាកន្លែងដែលដីរូងមានភាពងាយស្រួលក្នុងការជីកជាទីបំផុត។ រឿងដែលគួររអោយភ្ញាក់ផ្អើលបំផុតនោះ នៅពេលដែលប្រធានាធិបតីចិនលោកស៊ីជិនពីងនៅជាក្មេងជំទង់ គាត់ក៏ធ្លាប់បានរស់នៅក្នុងរូងភ្នំមួយនៅក្នុងភូមិលៀងចៀផងដែរ ៕
ប្រភព៖ បរទេស
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក