តើលោកអ្នកមានឆ្ងល់ទេថា តែរូបមនុស្សដែលមានវត្តមាននៅលើក្រដាសប្រាក់ ១០០ ដុល្លារអាមេរិចជានរណា? ហើយតើលោកមានគុណសម្បត្តិ និងកិត្តយសអ្វីខ្លះទើបអាចត្រូវបានគេយកទៅផ្តិតនៅលើក្រដាសប្រាក់ ១០០ដុល្លារអាមេរិចបែបនេះ?
បុគ្គលដែលមានវត្តមាននៅលើក្រដាសប្រាក់ ១០០ដុល្លារអាមេរិច គឺ លោក Benjamin Franklin ។ លោក Benjamin Franklin បានកើតនៅក្នុងគ្រួសារវណ្ណៈកណ្តាលមួយនៅថ្ងៃទី ១៧ ខែមករាឆ្នាំ ១៧០៦ នៅទីក្រុងបូស្តុន (Boston) សហរដ្ឋអាមេរិក។ លោកគឺជាបុគ្គលម្នាក់ក្នុងចំណោមអ្នកដែលជាស្ថាបនិកសំខាន់បំផុតនៅក្នុងប្រទេសអាមេរិក ហើយការងាររបស់លោកក្នុងការបង្កើតសេចក្តីប្រកាសឯករាជ្យក៏ត្រូវបានគេចាត់ទុកថាជាចំណុចសំខាន់ក្នុងការបង្កើតប្រជាជាតិ ដូច្នេះហើយទើបវាសាកសមណាស់ដែលសមត្ថភាពរបស់លោកត្រូវបានគេដាក់បោះពុម្ភ នៅលើក្រដាសប្រាក់ 100ដុល្លា ដ៏មានតម្លៃ និងសំខាន់មួយនេះ។
លុយអាមេរិកក៏ដូចជារូបិយប័ណ្ណរបស់ប្រទេសដទៃទៀតដែរ ពោលគឺគេអាចដាក់រូបនរណាម្នាក់ដើម្បីរំលឹកអំពីស្នាដៃរបស់បុគ្គលនោះតែភាគច្រើនគឺគេដាក់រូបអ្នកដែលមានឥទ្ធិពលបំផុតនៅក្នុងប្រទេសជាដើម។
រូបភាពរបស់បេនយ៉ាមីន ហ្វ្រែនគ្លីន (Benjamin Franklin) បានលេចឡើងនៅលើក្រដាស់ប្រាក់ ១០០ ដុល្លារជាលើកដំបូងគឺនៅក្នុងឆ្នាំ ១៩១៤។ ហេតុផលមួយចំនួនដែលធ្វើឱ្យគាត់ត្រូវបានគេប្រារព្ធដាក់នៅលើក្រដាស់ប្រាក់រួមមានដូចជា៖
- មូលហេតុទី១ ៖ ដោយសារតែលោកគឺជាស្ថាបនិកសំខាន់បំផុតនៅក្នុងប្រទេស។
- មូលហេតុទី២ ៖ ព្រោះតែលោកជាបិតាដ៏ចំណាស់ និងជាមេដឹកនាំដ៏ល្អដែលជួយក្នុងការចរចារបារាំងអោយជួយគាំទ្រអាមេរិកដើម្បីប្រឆាំងនឹងអង់គ្លេស (សម័យកាលមួយដែលជនជាតិអង់គ្លេសបានដាក់អាណានិគមលើប្រទេសនានា និងការចុះសន្ធិសញ្ញាសេចក្តីប្រកាសឯករាជ្យជាមួយប្រទេសបារាំង )។
- មូលហេតុទី៣ ៖ លោកគឺជាបញ្ញាវន្តដ៏ឆ្នើមដែលធ្លាប់បានធ្វើកិច្ចការជាច្រើនដូចជា សាស្រ្តាចារ្យ អ្នកនិពន្ធ រដ្ឋបុរស និង ទស្សន:វិទូជាដើម។
ដូច្នេះហើយទើបបណ្តាលអោយមេដឹកនាំអាមេរិកបានដាក់រូបលោកនៅលើក្រដាសប្រាក់ដ៏មានតម្លៃមួយនេះ ព្រោះដើម្បីតបស្នងដែលលោកបានលះបង់ខ្ពស់បំផុត និងការតស៊ូយ៉ាងខ្លាំងក្លាដើម្បីសហរដ្ឋអាមេរិក ទោះបីជាលោកមិនមែនជាប្រធានាធិបតីក៏ដោយ ៕
ប្រភព : បរទេស
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក