មកស្គាល់ និងដឹងពីប្រវត្តិពិតរបស់ម្ចាស់សម្លេងរបស់ Siri ម្តង

ប្រសិនបើអ្នកជាអតិថិជនរបស់ Apple អ្នកប្រាកដជាស្គាល់សម្លេងមួយដែលតែងតែប្រាប់អ្នកអំពីអាកាសធាតុ ឬរំលឹកអ្នកនូវកិច្ចប្រជុំសំខាន់ៗជាដើម ហើយសម្លេងនោះត្រូវបានគេស្គាល់ថា Siri។

Siri ត្រូវបានបង្កើតឡើងដើម្បីជាជំនួយការផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទូរស័ព្ទ iPhone និងត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ២០១១។

A1

មនុស្សស្រីដែលគេស្គាល់តែសម្លេងតែមិនស្គាល់អត្តសញ្ញាណនោះមានឈ្មោះថា ស៊ូសាន ប៊ែរនែត (Susan Bennett) ហើយគាត់មានអាជីពជាអ្នកបញ្ចូលសម្លេងតាំងពីឆ្នាំ១៩៧០មកម្ល៉េះ។ បើទោះបីជាក្រុមហ៊ុន Apple មិនបានបញ្ចេញឈ្មោះអ្នកស្រីជាផ្លូវការក៏ដោយ ប៉ុន្តែអ្នកដែលស្គាល់គាត់ច្បាស់ ប្រាកដណាស់ថាម្ចាស់សម្លេង Siri គឺអ្នកស្រីប៊ែរនែតនេះឯង។

A5

ដំណើរដើមទង ដែលនាំឲ្យអ្នកស្រីក្លាយជាសម្លេង Siri គឺត្រឡប់ទៅរកឆ្នាំ២០០៥ វិញ នៅពេលដែលក្រុមហ៊ុន Software ScanSoft ត្រូវការអ្នកបញ្ចូលសម្លេងក្នុងការបង្កើត project ថ្មីមួយ។ GM Voices ដែលជាក្រុមហ៊ុនមានឈ្មោះល្បីមួយ បានណែនាំអ្នកស្រីប៊ែរនែត ដែលធ្លាប់មានបទពិសោធន៍យូរមកហើយទៅឲ្យខាង ScanSoft។ មិនបង្អង់យូរ ក្រុមហ៊ុន ScanSoft ក៏បានទទួលយកអ្នកស្រី រួចចុះកុងត្រាតាំងពីពេលនោះមក។

A4

ជារៀងរាល់ថ្ងៃ អ្នកស្រីត្រូវនៅក្នុងស្ទូឌីយ៉ូថតសម្លេង ហើយគាត់ត្រូវបានតម្រូវឲ្យនិយាយជាស្រៈ ព្យញ្ជនៈ និងព្យាង្គជាដើម រួចកុំព្យូទ័រនឹងចាប់យកសម្លេងគាត់ ដើម្បីបង្កើតជាឃ្លាប្រយោគ ល្បះផ្សេងៗដែលអាចស្តាប់បាន។ ប៉ុន្តែគាត់ក៏មិនបានចាប់អារម្មណ៍សួរដេញដោលច្រើនថាគេនឹងយកសម្លេងគាត់ទៅធ្វើអ្វីដែរ រហូតមកដល់ឆ្នាំ២០១១ នៅពេល Apple ដាក់លក់ iPhone4s ជាលើកដំបូងដែលមានបំពាក់មុខងារ Siri នេះមកជាមួយ។

ហើយនៅពេលនោះ អ្នកស្រីក៏មិនទាន់មានទូរស័ព្ទ iPhone ដែលទើបនឹងចេញនោះប្រើទេ តែមិត្តរួមការងាររបស់គាត់ម្នាក់បានផ្ញើអ៊ីម៉ែលមកប្រាប់គាត់ថា «ខ្ញុំទើបតែទិញទូរស័ព្ទនេះមកថ្មីៗ ហើយដូចជាប្រហែលៗសម្លេងមួយនេះ»។ គ្រាប់តែឮដូច្នេះ អ្នកស្រីប៊ែរនែត ក៏បានទាញកុំព្យូទ័រគាត់បើកចូលទៅក្នុងវែបសាយក្រុមហ៊ុន Apple ដើម្បីស្តាប់សម្លេង Siri នេះខ្លួនឯងផ្ទាល់ ហើយគាត់ក៏បានសន្មតថាសម្លេងនេះ គឺពិតជាសម្លេងរបស់គាត់ពិតមែន។

A3

មកដល់ឥឡូវនេះ បច្ចេកវិទ្យាកាន់តែមានការរីកចម្រើនហើយ Siri នឹងត្រូវបានវិវត្តន៏ឲ្យមានលក្ខណៈងាយស្រួលប្រើប្រាស់ជាងមុនទៅទៀត។ ហើយអ្នកស្រីស៊ូសាន ប៊ែរនែតនឹងត្រូវបានគេស្គាល់ថាជាម្ចាស់សម្លេង Siri ដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្រ្ត៕

 

 

ប្រភព ៖ បរទេស

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក