ការរៀនសូត្រនៅអ្វីដែលថ្មី ជឿថាសម្រាប់មនុស្សមួយចំនួនគឺពិតជាពិបាកខ្លាំងណាស់ ដោយពួកគេឆាប់ភ្លេច ហើយបើចងចាំ គឺចាំតែមួយភ្លែតហ្នឹងឯង។ ភាពទន់ខ្សោយនៃការចងចាំមួយនេះហើយ នាំឲ្យពួកគេដល់ថ្នាក់ពេលខ្លះខ្ជិលនឹងចង់ចាប់យកអ្វីដែលថ្មី ព្រោះគិតថាខួរក្បាលខ្លួនឯងមិនល្អ ហើយក៏នាំឲ្យឱកាសល្អៗបាត់បង់ទៅជារឿយៗ។
តាមការណែនាំពីអ្នកជំនាញជាច្រើន ក៏ដូចជាមហាសេដ្ឋីលោក Elon Musk ដែលជាស្ថាបនិកក្រុមហ៊ុន Tesla បានណែនាំ ៤ វិធីដែលជួយឲ្យយើងរៀនអ្វីក៏ឆាប់ចងចាំបានលឿន ហើយយល់ជាក់ច្បាស់៖
៤) អនុវត្តអ្វីដែលបានរៀនសារឡើងវិញ
វាជាចំណុចសាមញ្ញមួយ ដែលអ្នកមិនគួររំលង កុំឲ្យរៀនហើយគិតថាខ្លួនឯងចាំ និងយកវាទៅទុកចោលនោះ។ ដើម្បីឲ្យប្រព័ន្ធសរសៃប្រសាទចងចាំបានល្អ យើងត្រូវយកវាមកអនុវត្តឬទន្ទេញវាម្តងទៀត ជាប់គ្នាប៉ុន្មានថ្ងៃបន្ទាប់ក្រោយពីបានរៀន មិនថាតែរៀនមុខជំនាញ ឬវគ្គខ្លីអ្វីនោះទេ។
៣) ឆ្លៀតពេលរំឭកនូវអ្វីដែលបានរៀន
នេះមានន័យថា អាចថាពេលទំនេរនៅកន្លែងស្ងប់ស្ងាត់ណាមួយ ឬមុនពេលចូលគេង ចូរអ្នករំឭកឡើងវិញក្នុងខួរក្បាល ថាតើអ្នកបានរៀនសូត្រអ្វីខ្លះ អ្នកទទួលបានចំណេះដឹងថ្មីអ្វីខ្លះ? តាមការណែនាំពីសាស្រ្តាចារ្យនៅសកលវិទ្យាល័យ Havard University លោក Francesca Gino បានឲ្យដឹងថា បុគ្គលិករបស់លោកភាគច្រើនក្រោយពីទម្លាប់ធ្វើបែប ១៥ នាទីមុនចូលគេង គឺពួកគេមានការចងចាំល្អជាងអ្នកដែលមិនបានធ្វើសោះ។
២) អនុវត្តនូវទ្រឹស្តីដែលបានរៀន
ការរៀនទ្រឹស្តី នាំឲ្យយើងជោគជ័យបានតែ ៣០ ភាគរយទេ ហើយ ៧០ ភាគរយផ្សេងទៀតគឺលើការអនុវត្ត។ ឧទាហរណ៍៖ អ្នករៀនភាសាអង់គ្លេសនៅឃ្លាណាមួយ ចូរអ្នកយកឃ្លានោះទៅអនុវត្តក្នុងការប្រើប្រាស់ផ្ទាល់ជាមួយជនបរទេសឬមិត្តភ័ក្ដិ ប្រសិនអ្នកអាចប្រើវាបាន វាបន្ថែមទាំងការចងចាំ ហើយស្មើនឹងអ្នកបានយល់ពីវាថែមទៀត។ ត្រង់ផ្នែកណាដែលមិនច្បាស់ឬ មិនយល់ត្រូវត្រលប់ទៅរៀនមើលវាម្តងទៀតដើម្បីយល់ឲ្យកាន់តែច្បាស់ ចូរកុំរំលងហើយទុកចោលឲ្យសោះ។
១) ក្បាច់ Learning Transfer របស់ Elon Musk
មហាសេដ្ឋីអាមេរិក Elon Musk គឺរៀនមិនចេះឈប់នោះទេ ហើយក្បាច់មួយដែលនាំឲ្យលោករៀនឆាប់យល់ ឆាប់ចាំ ឆាប់ចេះ គឺឲ្យឈ្មោះថា Learning Transfer។
មិននិយាយអ្វីស៊ីជម្រៅនោះទេ ត្រឹមឧទាហរណ៍សាមញ្ញមួយ ដូចអ្នកកំពុងរៀនភាសាអង់គ្លេស ហើយអ្នកចង់ចេះភាសាអង់គ្លេសហ្នឹងឲ្យកាន់តែច្បាស់ និងចង់ដឹងថាខ្លួនឯងអនុវត្តបានដល់កម្រិតណា អ៊ីចឹងទៅចាប់ថ្នាក់សិក្សាជំនាញមួយផ្សេងទៀតដែលអ្នកស្រលាញ់ អាចថា ថ្នាក់រៀនធ្វើម្ហូប ប៉ុន្តែរៀនជាមួយគ្រូជនជាតិបរទេស ដែលប្រើប្រាស់ភាសាអង់គ្លេស ហើយនៅពេលតែមួយនោះ ភាសាអង់គ្លេសរបស់អ្នកក៏ទទួលបានការពង្រឹង ហើយជំនាញបន្ទាប់បន្សំនៃការធ្វើម្ហូបក៏កាន់តែចេះច្រើនជាងមុនថែមទៀត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក