មានមូលហេតុផ្សេងៗគ្នាជាច្រើន ដែលនាំឱ្យកើតមុន ដូចជាស្បែកងាប់ ស្ទះរន្ធញើស ខ្លាញ់ច្រើន បាក់តេរីជាដើម។ យ៉ាងណាមិញ អ្នកត្រូវដឹងថា អាហារដែលអ្នកញុំារាល់ថ្ងៃ មានឥទ្ធិពលលើស្បែករបស់អ្នកយ៉ាងខ្លាំង។ ប្រសិនបើអ្នកមិនចង់ឱ្យស្បែកអ្នកមានបញ្ហាដូចមុនទេ យកល្អបញ្ឈប់ការទទួលទានលើអាហារទាំងនេះជាបន្ទាន់។
១. ធញ្ញជាតិចម្រាញ់ និងស្ករ
គ្រាប់ធញ្ញជាតិ និងស្ករចម្រាញ់ បណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើនដល់សុខភាព។ វាបានផ្លាស់ប្តូរកម្រិតជាតិស្ករក្នុងឈាម បង្កើនចំណង់អាហារ និងថែមទាំងប៉ះពាល់ដល់ស្បែករបស់អ្នកទៀតផង។
គ្រាប់ធញ្ញជាតិចម្រាញ់ត្រូវបានរកឃើញនៅក្នុងនំបុ័ង នំកែកឃឺ និងប៉ាស្តាម្សៅពណ៌ស។ ស្ករចម្រាញ់ត្រូវបានរកឃើញនៅក្នុងបង្អែមជាច្រើនដូចជា នំខេក ស្ករគ្រាប់ និងភេសជ្ជៈដែលមានជាតិស្ករ។
ការសិក្សាបានបង្ហាញថា ការទទួលទានកាបូអ៊ីដ្រាតខ្ពស់ក្នុងអាហារដូចជាគ្រាប់ធញ្ញជាតិ និងជាតិស្ករចម្រាញ់ ត្រូវបានផ្សារភ្ជាប់ទៅនឹងអត្រាខ្ពស់នៃការកើតមុន ជាការពិត មនុស្សញុំាជាតិស្ករកាន់តែច្រើន ហានិភ័យនៃការកើតមុនកាន់តែខ្ពស់។
មិនត្រឹមតែប៉ុណ្ណោះ កាបូអ៊ីដ្រាតចម្រាញ់ក៏បង្កើនជាតិស្ករក្នុងឈាម ដែលនាំឱ្យបង្កើនកម្រិតអាំងស៊ុយលីន ដែលជាអរម៉ូនដែលជំរុញការផលិតខ្លាញ់ បង្កឱ្យកើតមុន។
២. ផលិតផលទឹកដោះគោ
មនុស្សជាច្រើនលុបទឹកដោះគោចេញពីរបបអាហាររបស់ពួកគេ ហើយអះអាងថាស្បែករបស់ពួកគេភ្លឺថ្លា។ មនុស្សមួយចំនួនមិនកើតមុនទេ នៅពេលដែលពួកគេកំណត់ទឹកដោះគោ ប៉ុន្តែបន្តញុំាទឹកដោះគោជូរ និងឈីស។
លើសពីនេះ ទឹកដោះគោមានច្រើនប្រភេទ ដែលប្រែប្រួលក្នុងបរិមាណកាបូអ៊ីដ្រាត ប្រូតេអ៊ីន ខ្លាញ់ និងសារធាតុចិញ្ចឹម។
យោងទៅតាម American Academy of Dermatology បានឱ្យដឹងថា "ទឹកដោះគោ អាចបង្កើនការកើតមុន ដោយសារតែអ័រម៉ូនមួយចំនួននៅក្នុងទឹកដោះគោធ្វើឱ្យមានការរលាកនៅក្នុងខ្លួន។ ការរលាកនេះធ្វើឱ្យស្ទះរន្ធញើស ដែលជាហេតុធ្វើឱ្យកើតមុន ។ ទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវបន្ថែមគឺនៅតែត្រូវការ" ។
ការវិភាគមេតានៃកុមារ និងមនុស្សវ័យជំទង់ 78,500 នាក់ បានរកឃើញថា ការទទួលទានទឹកដោះគោបានបង្កើនហានិភ័យនៃការកើតមុន ធៀបនឹងអ្នកដែលមិនទទួលទានទឹកដោះគោ។ ប៉ុន្តែមនុស្សជាច្រើនបានរាយការណ៍ដោយខ្លួនឯងអំពីលទ្ធផលរបស់ពួកគេ ដែលអាចនាំឱ្យមានការលម្អៀង។
ថ្វីដ្បិតតែទឹកដោះគោផ្តល់អត្ថប្រយោជន៍ជាច្រើន ផ្តល់សារធាតុចិញ្ចឹមជាច្រើន ប៉ុន្តែប្រសិនបើអ្នករកឃើញថាទឹកដោះគោ មានឥទ្ធិពលអវិជ្ជមានលើស្បែករបស់អ្នក អ្នកអាចប្តូរទៅទឹកដោះគោដែលមានមូលដ្ឋានលើរុក្ខជាតិដូចជា អាល់ម៉ុន គ្រាប់ស្វាយចន្ទី ឬទឹកដោះគោ oat ។
៣. សាច់ខ្លាញ់
សាច់ខ្លាញ់អាចបង្កជាជំងឺបេះដូង ធាត់ មហារីក និងមុន។ យោងតាមការស្រាវជ្រាវ ការញ៉ាំសាច់ខ្លាញ់អាចបង្កើនអរម៉ូនដែលជម្រុញការផលិតកោសិកាខ្លាញ់ច្រើន ដែលបណ្តាលឱ្យស្ទះរន្ធញើស និងកើតមុន។
ថ្វីដ្បិតតែមុនមិនមានគ្រោះថ្នាក់ដល់អាយុជីវិតក៏ដោយ ក៏វានៅតែជាកង្វល់ និងប៉ះពាល់ដល់ទំនុកចិត្តរបស់មនុស្សគ្រប់រូប។
ដូច្នេះហើយ អ្នកគួរតែកាត់បន្ថយបរិមាណសាច់ខ្លាញ់ដែលអ្នកញុំាជារៀងរាល់ថ្ងៃ ដោយញុំាសាច់គ្មានខ្លាញ់ ឬបន្ថែមប្រូតេអ៊ីនដែលមានមូលដ្ឋានលើរុក្ខជាតិ។ ការកាត់សាច់គ្មានខ្លាញ់រួមមាន សុដន់មាន់គ្មានស្បែក ត្រីសាម៉ុង និងសាច់ជ្រូក។ ប្រូតេអ៊ីនដែលមានមូលដ្ឋានលើរុក្ខជាតិរួមមាន សណ្តែក តៅហ៊ូ និងគ្រាប់៕
ប្រភព ៖ Phunutoday / Knongsrok