យើងគ្រប់គ្នាប្រហែលជាសុទ្ធតែបានដឹងហើយថា បុគ្គលល្បីៗ និងបុគ្គលជោគជ័យទាំងនៅក្នុងប្រទេសយើង ទាំងនៅក្រៅប្រទេស ទាំងមហាសេដ្ឋីនៅលើពិភពលោក ដែលមានជីវិតជាមហាសេដ្ឋី និងមានភាពជោគជ័យនៅក្នុងជីវិត រួមទាំងអាជីវកម្មទាំងអស់ សុទ្ធសឹងតែមានប្រវត្តិជួរចត់ ឆ្លងកាត់ការតស៊ូ ឯអ្នកខ្លះជីវិតស្ទើរតែធ្លាក់ដល់បាតក្រោមសូន្យ រួមក៏អាចហែលឆ្លងនឹងទុក្ខវេទនានេះវារឡើងមករកភាពជោគជ័យដល់កំពូលទៅវិញ ហើយយើងក៏កម្រឃើញណាស់ថា អ្នកដែលជោគជ័យមានជីវិតដើមដំបូងពោរពេញទៅដោយផ្លូវស្អាតធេងក្រាលកៅស៊ូ ឬមានជីវិតស្រណុកសុខស្រួលតាំងពីដើមឡើយ។
ហេតុនេះយើងក៏ចាប់ផ្តើមមានចម្ងល់ដែរថា ដើម្បីឱ្យជីវិតយើងមានភាពជោគជ័យ តើយើងគ្រប់គ្នាត្រូវជយបនឹងរឿងបរាជ័យ មានជីវិតវេទនា ឬធ្លាក់ដល់បាតសិនមែនទេ?
ជាការពិតណាស់ យើងប្រហែលជាគិតថាការបរាជ័យជាផ្លូវនាំឱ្យមនុស្សមានគំនិតឈានមករកជោគជ័យ តែការពិតទៅ មានតែមនុស្សរឹងមាំ មនុស្សតស៊ូ និងមនុស្សចេះគិតតែប៉ុណ្ណោះទើបជាហេតុនាំមកនូវភាពជោគជ័យពិតប្រាកដ!
ហេតុអ្វីបានជាខ្ញុំអះអាងថា មានតែមនុស្សរឹងមាំ តស៊ូ និងចេះគិតទើបជោគជ័យ?
១. មនុស្សរឹងមាំ
មិនមែនសុទ្ធតែមនុស្សបរាជ័យក្លាយជាមនុស្សជោគជ័យនោះទេ! តើអ្នកដឹងទេថាក្នុងមួយថ្ងៃៗមានមនុស្សបរាជ័យជាច្រើននាក់នៅលើពីភពលោកបានសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួនព្រោះតែភាពមិនរឹងមាំនោះ? តើអ្នកដឹងទេថា មនុស្សបរាជ័យប៉ុន្មាននាក់ដែលធ្លាក់ចូលនូវភាពអស់សង្ឃឹម បាក់ទឹកចិត្ត រហូតបណ្តែតខ្សែជីវិតរបស់ខ្លួនតាមយថាកម្មនោះ?
ហេតុនេះហើយមនុស្សជោគជ័យពិតប្រាកដគឺមិនមែនជាមនុស្សបរាជ័យនោះទេ តែពួកគេសុទ្ធតែជាមនុស្សរឹងមាំ ទោះអស់សង្ឃឹមខ្លាំង ឬជួបនឹងបរាជ័យជាច្រើនដង តែពួកគេនៅតែអាចក្រោកតស៊ូ ក្រាញននៀល និងអំណត់គ្រប់បែបយ៉ាង ទម្រាំអាចស្វែងរកផ្លូវដ៏ត្រឹមត្រូវមួយក្នុងជីវិត។
២. មនុស្សតស៊ូ
តើអ្នកធ្លាប់ឃើញមនុស្សជោគជ័យណា ដែលយោងសេចក្តីខ្ជិលច្រអូសជាប់ខ្លួនដែរឬទេ? ទេ! មនុស្សជោគជ័យពិតប្រាកដ ទម្រាំតែអាចឈានជើងមកដល់ចំណុចខ្ពស់បំផុត ពួកគេទោះបីជាឆ្លងកាត់ស្ថានភាពពិបាក វេទនាយ៉ាងណា ក៏ពួកគេនៅតែប្រឹងប្រឺងតស៊ូ ជម្នះឧបសគ្គគ្រប់បែបយ៉ាង ហើយសំណាងទាំងអស់នឹងមិនកើតឡើងឡើយចំពោះមនុស្សដែលចាំតែដេកស៊ីរង់ចាំសំណាងធ្លាក់ពីលើមេឃ។ ពោល គឺមានតែសេចក្តីឧស្សាហ៍ព្យាយាម តស៊ូ និងប្រឹងប្រែងនោះទេ ទើបជាផ្លូវនាំមកនូវភាពជោគជ័យ គ្រាន់តែយូរ និងឆាប់ អាស្រ័យលើសេចក្តីប្រឹងប្រែងមានទំហំប៉ុណ្ណាតែប៉ុនណោះ។
៣. មនុស្សចេះគិត
មនុស្សគ្រប់គ្នាប្រហែលជាឃើញនូវស្ថានភាពគ្រួសារមួយចំនួន ហើយច្រណែនមនុស្សខ្លះដែលកើតមកលើគំនរមាសប្រាក់ឪពុកម្តាយ តែពួកគេមានលទ្ធផល ២ ឱ្យអ្នកពិចារណា នោះ ទី១ កូនអ្នកមាននោះ ចាំតែដេកស៊ីទ្រព្យឪពុកម្តាយ ចុងក្រោយជីវិតបែរជាជួបនឹងក្តីដុនដាន រហូតអស់ទ្រព្យក៏មាន ឯទី២ កូនអ្នកមានខ្លះបែរជាសាងជីវិតកាន់តែមានបាន រីកចំរើន ជីវិតកាន់តែជោគជ័យទៅវិញ តើភាពជៅគជ័យអាស្រ័យលើទ្រព្យសម្បត្តិមែនឬអត់? នោះវាមិនមែនទាំងស្រុងទេ មូលហេតុចម្បងនៃភាពជោគជ័យនោះគឺការចេះគិត!
មិនថាអ្នកស្ថិតនៅក្នុងស្ថានភាពមាន ឬ ក្រ ហើយទោះជាជីវិតអ្នកធ្លាក់ដល់បាតកម្រិតណា ប្រសិនជាអ្នកជាមនុស្សដែលចេះគិត ពិចារណា និងអាចស្វែងរកដំណោះស្រាយជីវិតរបស់ខ្លួនឯង ហើយគិតតែរឿងល្អៗនៅក្នុងជីវិតដើម្បីនាំមកផ្លូវជោគជ័យជាមួយសេចក្តីល្អជាប់ខ្លួន ពិតណាស់ អ្នកនឹងអាចឆ្ពោះមករកផ្លុវជោគជ័យជាមិនខាន។
ដូច្នេះមិនថាអ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពជីវិតបែបណាសូមឱ្យអ្នកជាមនុស្សរឹងមាំ ចេះតស៊ូ និងចេះគិតមរកផ្លូវត្រឹមត្រូវ ជឿថាមិនយូរមិនឆាប់អ្នកនឹងអាចអាចហែលឆ្លងការលំបាក និងស្វែងរកបាននូវភាពជោគជ័យពិតប្រាកដនៅក្នុងជីវិត។ សូមកុំអស់សង្ឃឹម ក្នុងចិត្តគិតតែរឿងល្អៗ នោះរឿងល្អៗនឹងកើតមាននៅក្នុងជីវិតរបស់អ្នកជាមិនខាន៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក