តើមនុស្សគ្រប់គ្នាសុទ្ធតែត្រូវបរាជ័យ ​ឬធ្លាក់ដុនដាបដល់បាតសិនមែនទេ ​ទើបមានភាពជោគជ័យ?

យើងគ្រប់គ្នាប្រហែលជាសុទ្ធតែបានដឹងហើយថា ​បុគ្គលល្បីៗ ​និងបុគ្គលជោគជ័យទាំងនៅក្នុងប្រទេសយើង ​ទាំងនៅក្រៅប្រទេស ​ទាំងមហាសេដ្ឋីនៅលើពិភពលោក ​ដែលមានជីវិតជាមហាសេដ្ឋី ​និងមានភាពជោគជ័យនៅក្នុងជីវិត ​រួមទាំងអាជីវកម្មទាំងអស់ ​សុទ្ធសឹងតែមានប្រវត្តិជួរចត់ ឆ្លងកាត់ការតស៊ូ ​ឯអ្នកខ្លះជីវិតស្ទើរតែធ្លាក់ដល់បាតក្រោមសូន្យ ​រួមក៏អាចហែលឆ្លងនឹងទុក្ខវេទនានេះវារឡើងមករកភាពជោគជ័យដល់កំពូលទៅវិញ ​ហើយយើងក៏កម្រឃើញណាស់ថា ​អ្នកដែលជោគជ័យមានជីវិតដើមដំបូងពោរពេញទៅដោយផ្លូវស្អាតធេងក្រាលកៅស៊ូ ឬមានជីវិតស្រណុកសុខស្រួលតាំងពីដើមឡើយ។

ហេតុនេះយើងក៏ចាប់ផ្តើមមានចម្ងល់ដែរថា ​ដើម្បីឱ្យជីវិតយើងមានភាពជោគជ័យ ​តើយើងគ្រប់គ្នាត្រូវជយបនឹងរឿងបរាជ័យ មានជីវិតវេទនា ​ឬធ្លាក់ដល់បាតសិនមែនទេ?

ជាការពិតណាស់ ​យើងប្រហែលជាគិតថាការបរាជ័យជាផ្លូវនាំឱ្យមនុស្សមានគំនិតឈានមករកជោគជ័យ ​តែការពិតទៅ មានតែមនុស្សរឹងមាំ ​មនុស្សតស៊ូ និងមនុស្សចេះគិតតែប៉ុណ្ណោះទើបជាហេតុនាំមកនូវភាពជោគជ័យពិតប្រាកដ!

Maxresdefault

ហេតុអ្វីបានជាខ្ញុំអះអាងថា ​មានតែមនុស្សរឹងមាំ ​តស៊ូ ​និងចេះគិតទើបជោគជ័យ?

១. មនុស្សរឹងមាំ

មិនមែនសុទ្ធតែមនុស្សបរាជ័យក្លាយជាមនុស្សជោគជ័យនោះទេ! ​តើអ្នកដឹងទេថាក្នុងមួយថ្ងៃៗមានមនុស្សបរាជ័យជាច្រើននាក់នៅលើពីភពលោកបានសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួនព្រោះតែភាពមិនរឹងមាំនោះ? ​តើអ្នកដឹងទេថា មនុស្សបរាជ័យប៉ុន្មាននាក់ដែលធ្លាក់ចូលនូវភាពអស់សង្ឃឹម ​បាក់ទឹកចិត្ត ​រហូតបណ្តែតខ្សែជីវិតរបស់ខ្លួនតាមយថាកម្មនោះ?

ហេតុនេះហើយមនុស្សជោគជ័យពិតប្រាកដគឺមិនមែនជាមនុស្សបរាជ័យនោះទេ តែពួកគេសុទ្ធតែជាមនុស្សរឹងមាំ ​ទោះអស់សង្ឃឹមខ្លាំង ​ឬជួបនឹងបរាជ័យជាច្រើនដង ​តែពួកគេនៅតែអាចក្រោកតស៊ូ ក្រាញននៀល និងអំណត់គ្រប់បែបយ៉ាង ​ទម្រាំអាចស្វែងរកផ្លូវដ៏ត្រឹមត្រូវមួយក្នុងជីវិត។

២. មនុស្សតស៊ូ

​តើអ្នកធ្លាប់ឃើញមនុស្សជោគជ័យណា ​ដែលយោងសេចក្តីខ្ជិលច្រអូសជាប់ខ្លួនដែរឬទេ? ទេ! មនុស្សជោគជ័យពិតប្រាកដ ​ទម្រាំតែអាចឈានជើងមកដល់ចំណុចខ្ពស់បំផុត ​ពួកគេទោះបីជាឆ្លងកាត់ស្ថានភាពពិបាក ​វេទនាយ៉ាងណា ក៏ពួកគេនៅតែប្រឹងប្រឺងតស៊ូ ជម្នះឧបសគ្គគ្រប់បែបយ៉ាង ហើយសំណាងទាំងអស់នឹងមិនកើតឡើងឡើយចំពោះមនុស្សដែលចាំតែដេកស៊ីរង់ចាំសំណាងធ្លាក់ពីលើមេឃ។ ​ពោល ​គឺមានតែសេចក្តីឧស្សាហ៍ព្យាយាម តស៊ូ និងប្រឹងប្រែងនោះទេ ​ទើបជាផ្លូវនាំមកនូវភាពជោគជ័យ ​គ្រាន់តែយូរ ​និងឆាប់ ​អាស្រ័យលើសេចក្តីប្រឹងប្រែងមានទំហំប៉ុណ្ណាតែប៉ុនណោះ។

Tour Asakusa Photograph Spotguided By Ap 3534 655 20180903 4

៣. មនុស្សចេះគិត

មនុស្សគ្រប់គ្នាប្រហែលជាឃើញនូវស្ថានភាពគ្រួសារមួយចំនួន ​ហើយច្រណែនមនុស្សខ្លះដែលកើតមកលើគំនរមាសប្រាក់ឪពុកម្តាយ ​តែពួកគេមានលទ្ធផល ​២ ​ឱ្យអ្នកពិចារណា ​នោះ ​ទី១ ​កូនអ្នកមាននោះ ​ចាំតែដេកស៊ីទ្រព្យឪពុកម្តាយ ចុងក្រោយជីវិតបែរជាជួបនឹងក្តីដុនដាន ​រហូតអស់ទ្រព្យក៏មាន ​ឯទី២ ​កូនអ្នកមានខ្លះបែរជាសាងជីវិតកាន់តែមានបាន រីកចំរើន ​ជីវិតកាន់តែជោគជ័យទៅវិញ ​តើភាពជៅគជ័យអាស្រ័យលើទ្រព្យសម្បត្តិមែនឬអត់? នោះវាមិនមែនទាំងស្រុងទេ មូលហេតុចម្បងនៃភាពជោគជ័យនោះគឺការចេះគិត!

មិនថាអ្នកស្ថិតនៅក្នុងស្ថានភាពមាន ​ឬ ក្រ ហើយទោះជាជីវិតអ្នកធ្លាក់ដល់បាតកម្រិតណា ​ប្រសិនជាអ្នកជាមនុស្សដែលចេះគិត ​ពិចារណា និងអាចស្វែងរកដំណោះស្រាយជីវិតរបស់ខ្លួនឯង ​ហើយគិតតែរឿងល្អៗនៅក្នុងជីវិតដើម្បីនាំមកផ្លូវជោគជ័យជាមួយសេចក្តីល្អជាប់ខ្លួន ​ពិតណាស់ ​អ្នកនឹងអាចឆ្ពោះមករកផ្លុវជោគជ័យជាមិនខាន។

ដូច្នេះមិនថាអ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពជីវិតបែបណា​​សូមឱ្យអ្នកជាមនុស្សរឹងមាំ ​ចេះតស៊ូ ​និងចេះគិតមរកផ្លូវត្រឹមត្រូវ ជឿថាមិនយូរមិនឆាប់អ្នកនឹងអាចអាចហែលឆ្លងការលំបាក ​និងស្វែងរកបាននូវភាពជោគជ័យពិតប្រាកដនៅក្នុងជីវិត។ ​សូមកុំអស់សង្ឃឹម ​ក្នុងចិត្តគិតតែរឿងល្អៗ ​នោះរឿងល្អៗនឹងកើតមាននៅក្នុងជីវិតរបស់អ្នកជាមិនខាន៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក