ប្រសិនបើអ្នកកំពុងតែស្រឡាញ់នារីណាម្នាក់ អ្នកត្រូវតែដឹង និងស្គាល់គាត់ឱ្យបានច្បាស់ អ្វីដែលសំខាន់ជាងនេះ អ្នកក៏ត្រូវតែចេះមើលលើអ្នកដែលនៅក្បែរខ្លួនគាត់ដូចជា ម្ដាយឪពុករបស់គាត់ ក្រុមគ្រួសាររបស់គាត់ តែបើអ្នកស្រាប់តែស្រឡាញ់ប៉ះចំអ្នកមេម៉ាយ ច្បាស់ណាស់ថា អ្នកត្រូវតែចេះមើលលើស្ថានភាពជីវិតគាត់ និងបន្ទុកនៃជីវិតជាស្ត្រីមេម៉ាយរបស់គាត់។
១. ស្រឡាញ់កូន ថ្នមម្ដាយ ( សម្រាប់មនុស្សស្រីដែលមានម្ដាយឪពុកកាច )
និយាយចំពោះស្រីក្រមុំ ឬមេម៉ាយក៏ដោយ ឱ្យតែស្ថិតក្រោមការមើលថែ យកចិត្តទុកដាក់ ចិញ្ចឹម បីបាច់ថែរក្សាពីឪពុកម្ដាយ រមែងស្ដាប់ និងតាមម្ដាយជាក់ប្រាកដ។ យ៉ាងណាមិញ ប្រសិនបើមនុស្សស្រីដែលមានឪពុកម្ដាយកាច អ្នកត្រូវតែចេះថ្នមចិត្តឪពុកម្ដាយរបស់គាត់ យកចិត្តឪពុកម្ដាយគេបាន កូនស្រីនឹងតាមពីក្រោយហើយ។
ដូច្នេះហើយ មេរៀន ស្រឡាញ់កូនថ្នមម្ដាយនេះ គឺសម្រាប់មនុស្សស្រីដែលមានម្ដាយឪពុកកាច បើអ្នកជាមនុស្សដែលចេះយកចិត្ត ចេះថ្នមចិត្តគាប់គួរចំពោះមនុស្សចាស់ មិនមានអ្វីជាឧបសគ្គទៀតឡើយ ឱ្យតែអ្នកអាចយកចិត្តឪពុកម្ដាយគេបាន គ្រប់យ៉ាង នឹងរលូនល្អ។
២. ស្នេហ៍ មិនឈ្នះស្និទ្ធ ( សម្រាប់មនុស្សស្រីក្រមុំ ឬស្រីរឹងមាំ )
ចូលឱ្យកៀក គ្រៀកឱ្យជាប់ សម្រាប់ស្រីក្រមុំដែលមានសេដ្ឋកិច្ចល្អ ជាមនុស្សស្រីឯករាជ្យ រឹងមាំ ចេះរកលុយ ធ្វើការ រកស៊ី ប្រើកម្លាំងញើសឈាមខ្លួនឯង នាងប្រហែលជាពិបាកនឹងទទួលយកមនុស្សណាម្នាក់ចូលក្នុងជីវិតនាងណាស់។ ប៉ុន្តែ ប្រសិនបើអ្នកជាមនុស្សមានកំណើត រឹងមាំទាំងផ្លូវកាយ ផ្លូវចិត្ត ជាពិសេសផ្នែកខាងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ហើយពូកែខាងយកចិត្តនាង គ្មានអ្វីដែលពិបាកនោះឡើយ។
ឱ្យតែអ្នកមានសីលធម៌ ចំណេះដឹង និងភាពក្លាហាន ចូលក្បែរនាងឱ្យបានច្រើន ដូចពាក្យគេថា " ស្នេហ៍មិនឈ្នះស្និទ្ធ អ្នកណានៅជិត បានអ្នកហ្នឹង " ពាក្យមួយឃ្លានេះ វាមិនខុសទេ ឱ្យតែអ្នកតែងតែបង្ហាញមុខគ្រប់ពេលដែលនាងត្រូវការ បង្ហាញអំពីជំហរបស់អ្នកដែលមាន បោះជំហានចូលខ្លួនចាំជួយ ថាំមើលថែ និងការពារនាង ទោះនាងមានបេះដូងថ្ម ក៏គង់តែសឹកដូចសិលដែលត្រូវទឹកអ៊ីចឹង។
សម្រាប់មនុស្សស្រី ទោះបីនាងជាមនុស្សដែលរឹងមាំ ចិត្តរឹង និងឯករាជ្យខ្លាំងយ៉ាងណាក៏ដោយ ក៏នាងនៅតែត្រូវការស្មាមួយសម្រាប់ផ្អែក ដៃមួយសម្រាប់ហុចឱ្យនាងតោង នៅពេលដែលនាងហត់នឿយ អស់កម្លាំង ពិបាកចិត្ត គ្រាន់តែមនុស្សស្រីរឹងមាំទាំងនេះ នាងមិននិយាយចេញមក។ ប៉ុន្តែ បើមានមនុស្សម្នាក់ដែលស្ម័គ្រចិត្តចូលក្បែរខ្លួននាង ដោយសេចក្ដីស្មោះស្ម័គ្រ ដាក់ចិត្តអំណត់ នៅក្បែរនាងគ្រប់ពេលនោះ រឿងអីដែលនាងមិនចិត្តទន់ អ្វីដែលសំខាន់ អ្នកសួរខ្លួនឯងសិនថា អ្នកមានគុណសម្បត្តិគ្រប់គ្រាន់ និងអាចមើលថែ ស្មោះត្រង់ចំពោះនាងបានឬមួយក៏អត់។
៣. ស្រឡាញ់មេ បំពេរកូន ( សម្រាប់មនុស្សស្រីដែលមានកូន ឬមេម៉ាយ )
សម្រាប់ស្ត្រីមេម៉ាយ មានកូន និយាយចំពោះនាង អ្វីដែលសំខាន់បំផុតនោះគឺ កូននេះហើយ នាងមានអម្រែក មានបន្ទុកដែលត្រូវទទួលខុសត្រូវ ដូច្នេះ ប្រសិនបើអ្នកស្រឡាញ់អ្នកមេម៉ាយ អ្នកត្រូវតែមើលលើកូនរបស់នាង ត្រូវតែច្បាស់ថា អ្នកអាចចូលទៅសម្រាលបន្ទុកជីវិត និងអាចរ៉ាប់នូវទម្ងន់នៃអម្រែករបស់នាងបាន នាងច្បាស់ជាឆ្លើយថា " យេស " ឱ្យអ្នកមិនខានឡើយ។
ដូចពាក្យមួយឃ្លាបានពោលថា " ស្រឡាញ់មេ បំពេរកូន " ចង់ស្រឡាញ់ស្រីមេម៉ាយ មានកូន អ្នកត្រូវតែយកចិត្ត និងមើលថែកូនរបស់នាង អាចទទួលយកនូវតួនាទីជាឪពុកឱ្យកូនរបស់នាង ធ្វើជាសសរដ៏រឹងមាំ ជាមេគ្រួសារដែលអាចមើលថែនាង និងកូន ជាពិសេសនោះគឺ មិនខ្វល់ថានាងជាស្ត្រីមេម៉ាយ មិនខ្វល់ថា កូននោះជាកូនរបស់ប្ដីមុន ហាមគិតពីអតីតកាលរបស់គាត់ ស្រឡាញ់កូនគាត់ឱ្យដូចជាកូនខ្លួនឯង យកចិត្តកូននាងបាន ផ្ដល់ភាពកក់ក្ដៅដល់កូននាងបាន នាងច្បាស់ជាមិនអាចប្រកែកនឹងអ្នកបាននោះឡើយ៕
អត្ថបទ ៖ លីម បញ្ញា / ក្នុងស្រុកសូមរក្សាសិទ្ធិ ( Knongsrok )
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក