២ យ៉ាង បើស្រីៗហ៊ានលះបង់ឱ្យអ្នកហើយ បានន័យថា នាងស្រឡាញ់អ្នកខ្លាំងណាស់

សម្រាប់​មនុស្ស​ស្រី​បែប​នេះ បុរស​ៗ​មិន​ត្រូវ​ខក​ចិត្ត​ទេ អ្នកត្រូវតែ​គោរព និងឱ្យ​តម្លៃ​នាង។ នៅពេល​មនុស្ស​ស្រី​ស្រលាញ់​បុរស​ណាម្នាក់ពិត​ប្រាកដ នាង​នឹង​ផ្តល់​របស់​ល្អ និង​តម្លៃ​ទាំង​អស់​ទៅ​ដល់បុរស​ម្នាក់នោះ។ ដឹង​ទេ​ថា​អ្វី​ដែល​មាន​តម្លៃ​បំផុត​សម្រាប់​មនុស្ស​ស្រី? ២ យ៉ាងដែលបានរៀបរាប់នេះ គឺពិតជាសំខាន់ណាស់សម្រាប់មនុស្សស្រី ដូច្នេះ ប្រសិនបើនាងផ្ដល់ឱ្យអ្នកហើយ បានន័យថា នាងស្រឡាញ់អ្នកពិតប្រាកដណាស។

១. គំនិត និងអាថ៌កំបាំងរបស់នាង

១

មនុស្សគ្រប់រូបសុទ្ធតែមានអាថ៌កំបាំងរៀងៗខ្លួន មិនមែនគ្រប់គ្នាអាចចែករំលែក និងបង្ហាញនោះទេ។ តែ​បើ​មនុស្ស​ស្រី​ពិត​ជា​ស្រលាញ់​អ្នក នាង​មិន​លាក់​បាំងអ្វី​ឡើយ។ ពីតូចបំផុតរហូតដល់រឿងអាថ៌កំបាំងធំ ឬរឿងដែលនាងមិនចង់និយាយ នាងនៅតែអាចចែករំលែកជាមួយអ្នកបាន។ ដោយសារតែនាងជឿជាក់លើអ្នក គិតថាអ្នកជាអ្នកគាំទ្រដ៏រឹងមាំបំផុតក្នុងជីវិត ជាមនុស្សជិតស្និទ្ធបំផុត ដូច្នេះគ្មានអ្វីត្រូវលាក់បាំងឡើយ។

ជាងនេះ និយាយអំពីផែនការណ៍ជីវិតទៅថ្ងៃមុខ គំនិតចង់ធ្វើការរកស៊ី ឬការចង់បង្កើតអ្វីមួយ ជាទូទៅ នាងមិនងាយទៅចែកចាយឲ្យនរណាផ្សេងបានដឹងលឺទេ តែដោយសារលើសពីការស្រលាញ់ នោះហៅថា ទំនុកចិត្ត ដែលនាងមានមកលើអ្នក ទើបនាងមិនស្ទាក់ស្ទើរឡើយ នឹងចែករំលែកវាទៅកាន់អ្នកឲ្យបានដឹង បើទោះបីរឿងនោះ ជោគជ័យឬបរាជ័យក្នុងជីវិតនាងក៏ពិតមែន។

ដូចគ្នានឹងរឿងរ៉ាវផ្ទៃក្នុងគ្រួសារ ការដែលនាងសម្រេចទម្លាយមកប្រាប់អ្នក អាចថា ដោយសារមើលឃើញអ្នក ជាដៃគូជីវិតពេលទៅមុខ ជាអនាគត ជាស្មាបង្អែក ជាបន្ទុកដែលនាងអាចពឹងពាក់បាន។ គ្រប់យ៉ាង អ្នកជាមនុស្សប្រុស ចូររក្សាវាទុកឲ្យបានល្អផង បើទោះបីពេលក្រោយ លែងត្រូវជាអ្វីនឹងគ្នា ក៏គួរតែរក្សាភាពសម្ងាត់អស់នោះ ជៀសវាង កើតទៅជាបុរសមាត់អេចអូចដូចជាមនុស្សស្រី។

២. ពេលវេលា និងយុវវ័យរបស់នាង

២

មនុស្សគ្រប់រូបឆ្លងកាត់យុវវ័យ ប៉ុន្តែនាងបានឆ្លងកាត់វាយ៉ាងលឿន។ បើ​មនុស្ស​ស្រីម្នាក់នោះ ​សុខ​ចិត្ត​ដើរ​តាម​អ្នក​កាល​នៅ​ក្មេង ហើយ​ចំណាយ​ពេល​ច្រើន​ជា​មួយ​អ្នក នោះ​ប្រាកដ​ជា​នាង​ស្រឡាញ់​អ្នក​ខ្លាំង​ណាស់។ នាង​មិន​ខ្វល់​រឿង​អ្វី​ឡើយ តែ​ក្នុង​ចិត្ត​គិត​តែ​ពី​អ្នក ទោះ​ទៅ​ណា​ក៏​នាង​ត្រៀម​ទៅ​ជាមួយ។ សឹងតែពេលខ្លះ កន្លែងខ្លះ ជួបមនុស្សខ្លះ ក្នុងចិត្តគឺមិនចង់ឡើយ តែដើម្បីអ្នក ដើម្បីបំពេញមុខមាត់អ្នក នាងស៊ូកាត់កេរកាត់ខ្មាស់ ស៊ូសម្តែងស្នាមញញឹម ទាំងមិនចង់មានវត្តមាននៅក្នុងកាលៈទេសៈអស់នោះ។

នៅពេលដែលអ្នកត្រូវការនាង នាងនឹងបង្ហាញខ្លួនភ្លាមៗ។ ទោះ​លំបាក​យ៉ាង​ណា​ក៏​នាង​សុខ​ចិត្ត​ជួយ។ សាកល្បងគិតទៅមើល ត្រឹមជាមនុស្សស្រីទន់ខ្សោយម្នាក់ សឹងតែហ៊ានលះបង់កម្លាំងកាយចិត្ត ស្រក់ញើស ដើម្បីតែជួយស្រោចស្រង់អ្នក ឬជួយបំពេញនូវចំណុចខ្វះខាតក្នុងជីវិតរបស់អ្នកជាមនុស្សប្រុស តើក្នុងលោកនេះ មានមនុស្សស្រីបែបហ្នឹងប៉ុន្មាននាក់ទៅ។

ដូច្នេះហើយ សរុបសារឡើងវិញ បើអ្នកកំពុងមើលឃើញកំហុសមួយចំនួនរបស់នាង ហើយបែរគិតថា នាងមិនបានស្រលាញ់អ្នក ចូររំឭករឿងទាំង ២ ចំណុចខាងលើ វាពិតជាធំវិសេសវិសាលណាស់ ហើយចូរកុំចាំតែមើលឃើញកំហុសបន្តិចបន្តួច ព្រោះគ្មានមនុស្សណា ដែលមិនចេះខុសុឡើយ អ្នកធ្វើគឺតែងតែខុសជាញឹកញយ។ បើបានជួបនាងហើយ ក៏​ក្ដោបក្ដាប់ឱកាសនេះឱ្យបានល្ ឲ្យតម្លៃនាងឲ្យដូចជាព្រះនាង ព្រោះអ្នកបានជួបនារីល្អខ្លាំងណាស់ហើយក្នុងជីវិត។ មិន​ងាយ​នឹងរក​នារី​ណាម្នាក់​ ដែល​ហ៊ានលះបង់​ចំពោះ​អ្នក​បាន​នោះ​ទេ៕

ប្រភព ៖ បរទេស ​/ Knongsrok