ល្បែងប្រជាប្រិយ គឺជាសិល្ប:វប្បធម៌ អរិយធម៌ដ៏ចំណាស់មួយរបស់ខ្មែរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយបានរីកត្រចះត្រចង់ និងជាសក្ខីភាពដ៏អស្ចារ្យ ដើម្បីបង្ហាញពិភពលោកឱ្យដឹងឮ និងស្ញប់ស្ញែងពីអរិយធម៌ខ្មែរ។ ល្បែងប្រជាប្រិយ បានកកើតឡើងពីជីវិតប្រចាំថ្ងៃនៃប្រជាកសិករតាមសម័យកាលនីមួយៗ ដោយគ្មានកាលបរិច្ឆេទ ឬឈ្មោះអ្នកបង្កើត អ្នកផ្ដួចផ្ដើម និងពីប្រវត្តិច្បាស់លាស់នោះទេ គឺមានប្រភពចេញពីកម្លាំងពលកម្ម ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ប្រជាកសិករ និងជាការចេះតៗគ្នាតែប៉ុណ្ណោះ។
ប្រជាជនកម្ពុជានិយមលេង ល្បែងប្រជាប្រិយខ្មែរ នៅពេលមានពិធីបុណ្យទានម្តងៗ ជាពិសេសនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។ យ៉ាងណាមិញ បច្ចុប្បន្ន ល្បែងប្រជាប្រិយខ្មែរមួយចំនួនស្ទើរតែមិនសូវបានគេស្គាល់ និងមិនសូវបានឃើញមានគេលេងផង។
តើមានល្បែងប្រជាប្រិយអ្វីខ្លះសម្រាប់លេងកម្សាន្តនៅរដូវចូលឆ្នាំខ្មែរទៅ? ខាងក្រោមនេះ គឺជាល្បែងប្រជាប្រិយខ្មែរទាំង ១០ ដែលអ្នកគួរឈ្វេងយល់ ៖
១. ល្បែងស្តេចចង់ ឬល្បែងអៀវ
ល្បែងស្តេចចង់ ជាល្បែងមួយយ៉ាងដែលពួកកុមារាកុមារីជំទង់ៗ គ្រប់ភូមិស្រុក ទូទាំងកម្ពុជរដ្ឋ តែងលេង នៅពេលទំនេរក្នុងវេលាយប់ខែភ្លឺ។ អ្នកលេងមានប្រុសមានស្រីជាច្រើននាក់ មិនកំណត់។ ពេលលេងគេចែកគ្នាជា ២ពួក ប្រុស ១ ពួក ស្រី ១ ពួក។ ក្នុងបណ្តាអ្នកទាំង ២ ពួកនោះ គេតាំងប្រុស ឬស្រីម្នាក់ធ្វើជាស្តេច ឱ្យអង្គុយនៅទី មួយចំកណ្តាលទី លើកៅអី ឬលើវត្ថុអី្វមួយ មានត្បាល់ជាដើម។
កាលអ្នកធ្វើជាស្តេចអង្គុយលើទីមួយដ៏សមគួរហើយ ខាងស្រីគេឱ្យស្រី ដើរចូលទៅខ្សឹបនឹងស្តេចថា ខ្លួន ស្រឡាញ់ឈ្មោះណាមួយ ឧបមាថា ឈ្មោះ ក ឬ ខ ខ្សឹបហើយគេថយមកអង្គុយ ឬក៏មកឈរនៅកន្លែងដើមវិញ។ ខាងប្រុសគេឱ្យប្រុសម្នាក់ដើរចូលទៅរកស្តេចដែរ ប្រសិនជាមិនចំឈ្មោះដែលគេខ្សឹបទុកជាមុនទេក៏ហីទៅ តែបើប្រុសដែលមកនោះចំលើឈ្មោះដែលស្រីគេបានខ្សឹបនោះមែន ស្តេចស្រែកថា “អៀវៗ” ហើយឱ្យស្រីនោះជិះលើខ្នងប្រុស នោះតម្រង់ទៅរកកន្លែងគេ កំពុងជិះគេស្រែកថា “អៀវៗ” ហើយគេបញ្ជិះទៅចុះកន្លែងខាងស្រី។ រួចហើយខាង ប្រុសគេឱ្យប្រុសខាងគេម្នាក់ ចូលទៅខ្សឹបម្តង បើប្រុសនោះចូលទៅខ្សឹបថា “ខ្ញុំ” ស្រឡាញ់នាងណាមួយ ឧបមាថា “ខ” ខ្សឹបហើយគេថយទៅវិញ បើស្រីម្នាក់នោះឈ្មោះ “ខ” ចូលទៅមែន ស្តេចស្រែកថា “អៀវៗ” ហើយឱ្យប្រុសនោះ ជិះស្រីនោះ ស្រែកថា “អៀវៗ” ដូចគ្នា។ បានសេចក្តីថា បើខាងណាចូលទៅខ្សឹបថា ខ្លួនស្រឡាញ់ឈ្មោះ “ក” ហើយ បែរជា ឈ្មោះ “ខ” ចូលមករកស្តេចវិញ នោះស្តេចមិនឱ្យអ្នកខ្សឹបជិះ ឬអៀវគេទេ អ្នកខ្សឹបនោះត្រូវថយទៅវិញ ហើយគេឱ្យម្ខាងចូលទៅខ្សឹបជាថ្មីទៀត។ ចេះតែផ្លាស់គ្នាតាមរបៀបនេះរហូតដល់ពេលឈប់។
អ្នកដែលធ្វើជាស្តេចត្រូវមើលការខុសត្រូវក្នុងរឿងនេះ ដោយសច្ចៈ និងយុត្តិធម៌។ ល្បែងនេះស្រេចលើអ្នកធ្វើស្តេច បើអ្នកធ្វើស្តេចប្រកបដោយអគតិ ចង់ឱ្យអ្នកណាជិះអ្នកណា ក្រៅពីឈ្មោះ ដែលគេខ្សឹបក៏បាន គឺថា បើម្នាក់ចូលទៅខ្សឹបថាស្រឡាញ់ឈ្មោះ “ក” ហើយទោះបីឈ្មោះ “ខ” ចូលមក ស្តេចស្រែកថា “អៀវៗ” ទៅក៏ចេះតែបាន ព្រោះអ្នកចូលទៅក្រោយ មិនបានឮអ្នកមុនខ្សឹបថា ស្រឡាញ់ឈ្មោះ ណាៗ ទេ។ តែបើមានរបៀបលេងលំអៀងបែបនេះ អ្នកលេងណាដែលចាប់ថ្នាក់បាន តវ៉ាឡើង អាចសុំគេឱ្យប្តូរ អ្នកធ្វើស្តេចបាន ប្រសិនបើអ្នកធ្វើស្តេចប្រកបដោយសច្ចៈ និងយុត្តិធម៌ នោះការលេងនេះទៀងទាត់ណាស់។
ល្បែងនេះជាល្បែងកម្សាន្តក៏មែន តែជាល្បែងហាត់ចិត្តមនុស្សឱ្យប្រកបដោយសច្ចៈ និងយុត្តិធម៌ មិនឱ្យ ប្រកបដោយអគតិ (សេចក្តីលំអៀង) ៤យ៉ាងគឺ ៖
– ឆន្ទាគតិ លំអៀងព្រោះស្រឡាញ់
– ទោសាគតិ លំអៀងព្រោះខឹង
– ភយាគតិ លំអៀងព្រោះខ្ខាច
– មោហាគតិ លំអៀងព្រោះភន្ត័ច្រឡំ
ម្យ៉ាងទៀត ជាការបង្ហាត់ឱ្យមនុស្សចេះ ជ្រើសរើសតាំងគ្នាឱ្យធ្វើការជាតំណាង ភ្នែកច្រមុះខ្លួងផង គឺត្រូវចេះជ្រើសរើសរកអ្នកណា ដែលគេយល់ថាជាមនុស្សត្រឹមត្រូវ បរិសុទ្ធ ធ្វើការបានល្អ តាមគន្លងធម៌ពិតៗ។
២. ល្បែងលាក់កន្សែង
ល្បែងលាក់កន្សែង ជាល្បែងមួយយ៉ាងរបស់ក្មេងខ្មែរក្នុងបុរាណកាល តែងលេងសម្រាប់ជាទីកម្សាន្តសប្បាយ នៅពេលយប់ខែភ្លឺក្នុងរដូវចូលឆ្នាំ ឬនៅពេលជាចន្លោះការហត់នឿយម្តងៗ ។
មុនដំបូង ពួកក្មេងៗគេបបួលគ្នាបានចំនួនពី ៦-៧ នាក់ឡើងទៅឱ្យអង្គុយច្រហោងដំកង់ជាវង់មូល ដាក់ដៃទាំងពីរទៅមុខលើក្បាលជង្គង់ ក្នុងទីណាមួយដែលជាទីវាលស្រឡះរាបស្មើល្អ។ ហើយគេយកកន្សែង ឬក្រមាតូច មួយមករុំមូរឆ្មូលតឹងណែនល្អ ទុកជាយបន្តិចសម្រាប់កាន់យួរបាន សន្មតហៅថា កន្សែង មានម្នាក់ក្រោកចេញ ទៅក្រៅវង់កាន់កន្សែងនោះ ដើរព័ទ្ធជុំវិញយ៉ាងលឿន ពីខាងក្រោយខ្នងអ្នកអង្គុយបញ្ឆោត អ្នកអង្គុយមិនឱ្យដឹងខ្លួនថា គេលាក់កន្សែងក្រោយខ្នងអ្នកណា។
ល្បែងនេះមានត្រណមយ៉ាង តឹងរឹងមិនឱ្យអ្នកលេងងាកក្រោយ ឬលូកដៃទៅខាងក្រោយខ្នង បើអ្នកណាមួយហ៊ានងាក ឬលូកស្ទាបខាងក្រោងខ្នង អ្នកលាក់គេមានអំណាចទណ្ឌកម្មអ្នកនោះ មិនឱ្យឡើងលាក់កន្សែង ឬគេឱ្យអ្នកនោះអង្គុយធ្មេចភ្នែកក៏បាន ស្រេចតែគេដាក់ទៅយ៉ាងណាតាមចិត្តគេស្ម័គ្រ។ អ្នកលាក់ លុះរត់ក្រឡឹង អ្នកអង្គុយ ២ ៣ ជុំហើយ មើលតែអ្នកណាអង្គុយបែបភ្លេចខ្លួន គេក៏ដាក់កន្សែងក្រោយខ្នងអ្នកនោះភ្លាម រួចគេរត់ យ៉ាងរហ័សព័ទ្ធវង់អ្នកអង្គុយដើម្បីឱ្យឆាប់មកដល់កន្លែងកន្សែងដែលគេដាក់នោះ។ បើអ្នកដែលគេត្រូវលាក់ កន្សែងពីក្រោយខ្នងនោះមិនដឹងខ្លួន លុះអ្នកលាក់រត់ក្រឡឹងមកម្តងទៀតចាប់យកកន្សែងនោះបានមុន គេទុកអ្នក លាក់នោះជាអ្នកឈ្នះ ត្រូវមានអំណាចរើសយកកន្សែងនោះទៅគក់ខ្នងអ្នកដែលអង្គុយនោះ ហើយគេយកកន្សែង លាក់តទៅទៀត។ តែបើអ្នកអង្គុយដឹងខ្លួនថា គេលាក់កន្សែងចំក្រោយខ្នងខ្លួន ហើយចាប់យកកន្សែងបានមុន អ្នកលាក់រត់មកដល់ គេទុកអ្នកអង្គុយនោះជាអ្នកឈ្នះ ត្រូវមានអំណាចក្រោកឡើងចាប់កន្សែងដេញគក់អ្នកលាក់ នោះវិញ តែបើអ្នកនោះគេរត់ទៅដល់កន្លែងចន្លោះអង្គុយបានទៅ អ្នកកាន់កន្សែងនោះ មិនត្រូវគក់គេទេ ត្រូវរត់ក្រឡឹងអ្នកអង្គុយបានដំកង់ ដើម្បីនឹងលាក់តទៅទៀត គឺថាអ្នកលាក់ពីមុនត្រូវទៅអង្គុយកន្លែងអ្នកចាប់កន្សែងបានក្នុងវង់ដដែល ។
គេលេងតែរបៀបនេះរហូតដល់ពេលយឈប់។ ជួនកាលអ្នកខ្លះមិនដែលបានឡើងលាក់កន្សែងនឹងគេ ម្តងសោះក៏មាន ព្រោះគេលាក់កន្សែងក្រោយខ្នងខ្លួនមិនដឹង រវល់តែគេគក់ខ្នងរាល់ពេល។ ល្បែងនេះ គេលេងដើម្បីហាត់ខ្លួនឱ្យមានស្មារតីរឹងប៉ឹង ហើយរហ័សរហួន ឱ្យមានប្រាជ្ញាវាងវៃ ហាត់ទម្លាប់ ខ្លួនឱ្យចេះប្រុងស្មារតីជានិច្ច។
៣. ល្បែងចោលឈូង
ល្បែងឈូង ជាល្បែងមួយយ៉ាង របស់មនុស្សកម្លោះក្រមុំ ឬមនុស្សចំណាស់ៗ ប្រុសស្រី ទូទាំងកម្ពុជរដ្ឋ គេតែងលេងនៅវេលាយប់ ខែភ្លឺ ក្នុងរដូវចូលឆ្នាំថ្មី (ខែចេត្រ-ពិសាខ) ។ គេចែកគ្នា ២ពួក ប្រុស១ពួកស្រី១ពួក ។ ក្នុង ១ ពួកៗមានគ្នាចំនួនពី ១០នាក់ ឬ ២០នាក់ ឡើងទៅ ឈរត្រៀមជា២ជួរ ទល់មុខគ្នា ឃ្លាតពីគ្នាប្រមាណជា ៨ ឬ ១០ ម៉ែត្រ ។ គេយកក្រមា ឬកន្សែងមកឆ្មូលឱ្យមូល ចងរឹតឱ្យតឹងណែនល្អ ទុកឱ្យមានកន្ទុយបន្តិចហៅថា “ឈូង” សម្រាប់កាន់បោះ ឬចោលទៅមករកគ្នា។
ឈូងមាន ២បែប៖ ១. ឈូងច្រៀងរាំ ២. ឈូងលស់ខ្ញុំ
១. ឈូងច្រៀងរាំ មុនដំបូង ពួកខាងប្រុសបោះឈូងទៅឱ្យពួកខាងស្រី ពួកខាងស្រីប្រុងចាប់កុំឱ្យធ្លាក់ដល់ដី បើធ្លាក់ដល់ដី គេចាត់ជាស្អុយ ហើយគេផ្តើមបោះទៅឱ្យខាងប្រុសវិញ ពួកខាងប្រុសប្រុងចាប់កុំឱ្យធ្លាក់ដល់ដី។ កាលចាប់បានហើយ ចោលសម្ដៅទៅពួកខាងស្រី គឺសម្ដៅនាងណាដែលខ្លួនស្ម័គ្រ បើចោលខុសគេចាត់ទុក ស្អុយ រួចគេផ្តើមបោះជាថ្មីទៀត បើចោលត្រូវស្រីណាហើយ ស្រីនោះច្រៀងរាំយកឈូងទៅជូនខាងប្រុស ហៅថា ច្រៀងរាំជូនឈូង។ របៀបច្រៀងរាំនោះ ម្នាក់កាន់ឈូងនាំមុខ ម្នាក់ដៃទទេរាំតាមក្រោយ ហើយច្រៀងជាទំនុកថា ៖ “ប្អូនចាប់ឈូងបាន ឈូងបែកជាបួន ព្រលឹងប្រុសស្ងួន ទទួលឈូងទៅ” ។ ពួកស្រីៗក្រៅពីនោះគ្រប់គ្នាទទួលថា ៖ “ឱណាកែវ កែវពិអា ឱណាកែវអឺយ អឺអឺងអឺយ!” រួចហើយហុចឈូងនោះទៅខាងប្រុសៗ ទទួលយក ហើយក៏ផ្តើម បោះឈូងនោះទៅឱ្យខាងពួកស្រីៗចាប់វិញ។
បើពួកស្រីៗចាប់ឈូងបានក៏ចោលសម្ដៅទៅពួកខាងប្រុស បើចោលត្រូវប្រុសណា ប្រុសនោះត្រូវរាំនាំឈូងទៅជូនខាងពួកស្រីៗ ដោយច្រៀងជាទំនុកថា៖ “បងចាប់ឈូងបាន បងបីត្រកង ព្រលឹងមាសបង ទទួល ឈូង ទៅ” ។ ពួកប្រុសៗ គ្រប់គ្នាទទួលបន្ទរថា៖ “ឱណាកែវ កែវពិអា ឱណាកែវអឺយ អឺអឺងអឺយ !” ហើយហុច ឈូងនោះទៅខាងស្រីៗ ទទួលយក ទើបផ្តើមបោះតទៅទៀត ។
២. ឈូងលស់ខ្ញុំ ដើមដំបូង ខាងប្រុសគេផ្តើមច្រៀង ១ទំនុកជាមុន។ ឯទំនុកច្រៀងឈូងមានច្រើនបែប ប្លែកទៅតាមប្រាជ្ញារបស់អ្នកនាំច្រៀង និងតាមស្រុកភូមិ។ ទីនេះស្រង់យកតែទំនុកធម្មតា ដែលអ្នកលេងឈូងគ្រប់ ស្រុកគេតែងច្រៀងគ្រប់គ្នាថា៖ “ បងបោះឈូងទៅ អូនអើយ កម្ពស់ចុងដូង (ស្ទូន) ក្រមុំឈរច្រូង អូនអើយទទួលឈូងបង” ឬថា “បងបោះឈូងទៅ ឈូងបែកជាបួន ស្រីណាមានខ្លូន ទទួលឈូងបង” -ល-។ ច្រៀងហើយគេស្រែក ប្រាប់ថា “ឈូងអើយឈូង!” ហើយអ្នកផ្តើមទំនុកក៏បោះឈូងទៅលើពួកស្រីៗ ឱ្យពួកស្រីៗចាប់។ ខាងស្រីចាប់ឈូងបាន គេចោលសម្ដៅទៅរកប្រុសណាដែលគេត្រូវចិត្ត បើចោលទៅត្រូវប្រុសណា គេទៅចាប់យកប្រុសនោះមកទុកខាងពួកគេ។ បើចោលមិនត្រូវទេ ខាងប្រុសនោះចាប់ឈូងនោះ ចោលសម្ដៅមករកស្រីណាដែលគេស្ម័គ្រ បើខាងប្រុសចោលមកត្រូវខាងស្រីហើយ ប្រុសម្នាក់ដែលត្រូវចាប់យកទៅទុកមុននោះ ត្រូវបានមករូចខ្លួន បើប្រុសចោលមិនត្រូវស្រីវិញទេ ប្រុសម្នាក់នោះត្រូវនៅខាងស្រីដដែល។ បើខាងណាប៉ុនប្រសប់ចោលយកខាងម្ខាងទាល់តែអស់ កាលណាអស់គ្នាហើយគេផ្តើម លេងសាជាថ្មី ដោយឱ្យខាងស្រីបោះឈូងទៅឱ្យប្រុស គេស្រែកច្រៀងថា ៖ “អូនបោះឈូងទៅ បងអើយ កម្ពស់ចុងស្លា ប្រុសឈរត្រៀបត្រា បងអើយទទួលឈូងអូន” -ល-។ ច្រៀងហើយគេ ស្រែកថា ៖ “ឈូងអើយ ឈូងអើយ” ហើយគេបោះឈូងទៅលើពួកប្រុសៗ។ ឯខាងប្រុសបើគេចាប់បានឈូងខាងស្រីបានហើយ គេចោលឈូងនោះសម្ដៅខាងស្រីៗ កាលត្រូវលើស្រីណាម្នាក់ គេចាប់ស្រីនោះមកទុកខាងគេ។ បើខាងណាអស់មនុស្ស គេចែគ្នាលេងសារជាថ្មី។ មនុស្សដែលគេចាប់បាននោះ ជួនកាលគេចងទុកឱ្យជិត លេងឱ្យរត់ទៅកាន់ទីផ្សេងៗ ជាការកម្សាន្តសប្បាយ ។
របៀបលេងបែបទី ២ នេះ ជួនកាលអ្នកលេង គេច្រូតកាត់មិនបាច់ច្រៀង ស្រាប់តែចោលតែម្តងក៏មាន។
ល្បែងនេះ រាប់ចូលក្នុងពួកការហាត់ភ្នែកឱ្យវ៉ៃ ហាត់ដៃឱ្យត្រង់ផង ជាការកម្សាន្តសប្បាយ ដោយមានការ រាំច្រៀងលាយជាមួយផង។
៤. ល្បែងទាញព្រ័ត្រ
ល្បែងទាញព្រ័ត្រ ជាល្បែងលេងកំសាន្ដសប្បាយរបស់យុវជនខ្មែទាំងបុរស ទាំងស្រ្ដី កំលោះ ក្រមុំ។ ល្បែងនេះគេលេងដោយប្រើកំលាំងកាយជាមូហេតុ ហើយគេលេងតែ ក្នុងរដូវចូលឆ្នាំខ្មែរ គឺខែចេត្រ ពិសាខប៉ុណ្ណោះ។ គេច្រើននិយមលេងក្នុងវត្ដអារាម ក្នុងពិ ធីបុណ្យចូលឆ្នាំខ្មែរ ព្រោះវត្ដមានទីវាលធំទូលាយ ងាយដល់ការលេងល្បែងនេះ តែអាច លេងនៅតាមភូមិក៏បាន បើប្រសិនជាភូមិនោះមានមនុស្សនៅផ្ដុំគ្នាច្រើន ហើយមានទីវា លល្មមលេងកើត។ ល្បែងនេះគេច្រើនលេងនៅពេលថ្ងៃ តែប្រសិនជាមានចង្កៀងយ៉ាងភ្លឺ រឺពន្លឺព្រះ ចន្ទភ្លឺថ្លាល្អ គេអាចលេងនៅពេលយប់ក៏បាន។
សមាសភាពនៃអ្នកលេង ល្បែងនេះ គេចែកមនុស្សអ្នកលេងជា២ក្រុម ម្ខាងៗយ៉ាងតិចត្រឹ ម៥នាក់ រឺ១០នាក់ឡើងទៅតាមដែលគេរកគ្នាបានប៉ុន្មាន ក៏លេងប៉ុណ្ណោះ តែតាមទំលាប់អ្នកស្រុក បើមានមនុស្សស្រីចូលលេងផង គេ អោយស្រីៗនៅម្ខាង ប្រុសៗនៅម្ខាង ហើយគេយល់ថា ភេទស្រីតែងមានកំលាំងខ្សោយជាងបុរស គេតែងដាក់ខាងស្រីអោយមានចំនួនច្រើនលើសប្រុស យ៉ាងតិចត្រឹម២នាក់ជាដរាប គឺបើខាងប្រុស៨នាក់ គេដាក់ខាងស្រី ១០នាក់។ គ្រឿងប្រដាប់សំរាប់លេង គេយកខ្សែព្រ័ត្រធ្វើពីស្បែកគោស្បែកក្របីធ្វើព្រ័ត្រ រឺគេយក ពួរធ្វើពីជក់ដូងជាព្រ័ ត្រសំរាប់ទាញ ប្រវែងយ៉ាងខ្លីពី ២០ហត្ថឡើងទៅ ទំហំប៉ុនកដៃក្មេង ហើយនឹងយកសំភោររឺគងម៉ង់ រឺរគាំង១ សំរាប់ទះ ឬសំរាប់វាយនៅពេលដែលទាញដំបូង។
របៀបលេង មុនដំបូងគេរើសរកប្រុសម្នាក់ ស្រីម្នាក់ មានមាឌធំមាំ កំលាំងច្រើន អោយជាអ្នកឈរកាន់ចុងព្រ័ត្រគឺប្រុសកាន់ចុងម្ខាង ស្រីកាន់ចុងម្ខាង ហើយអោយប្រុសម្នាក់ ស្រីម្នាក់ទៀតមានមាឌធំមានកំលាំង ឈរកណ្ដាល ព្រ័ត្រ ត្រង់កន្លែងដែលពួកទាំងពីរឈរ សំរាប់នាំពួកខ្លួនអោយខំទាញតែរៀងខ្លួន អែមនុស្សដែលមានមាឌតូចៗស្គមៗ កំលាំងខ្សោយៗ គេអោយឈរកណ្ដាលគេ។ លុះរៀបចំរួចហើយ គេអោយមនុស្សប្រុសម្នាក់កាន់សំភោរ រឺ គងម៉ង់រឺក៏រគាំងឈរត្រង់កណ្ដាលទីជិតអ្នកទាំងពីរដែលកាន់ខ្សែឈរប្រទល់មុខគ្នានោះ ផ្ដើមស្រែកឡើងព្រមគ្នាថា យក្សអរ(១) !.! លឺយ៉ាងខ្លាំងៗ ធ្វើសំលេងវែងៗ រលាក់រលែកយ៉ាងគ្រលួច។ អែអ្នកប្រុងទាញព្រ័ត្រទាំងប៉ុន្មានជួយស្រែកទទួលឡើងព្រមគ្នាថា ហ៊ោវ៉ឺយៗ ៣ដង ទើបនាំគ្នាទាញប្រុងយកជ័យជនះតែរៀងខ្លួន។ ក្នុងពេលពួកអ្នកទាញព្រ័ត្រ កំពុងតែខំប្រឹងទាញ អ្នកកាន់សំភោរ រឺគងម៉ង់ រឺរគាំង គេចេះតែបញ្ជើតសំភោរ រឺគងម៉ង់ រឺក៏រគាំងរឿងៗ លឺសូរតាក់ទីងៗ រឺម៉ូងៗ ម៉ឹងៗ ជាដរាប ទាល់តែឃើញចាញ់ឃើញឈ្នះម្ខាងៗ ទើបឈប់បញ្ឆើត។
ពេលលេងម្ដងៗ អស់ថិរវេលាពី ៥-៦ នាទី ដល់ ១០នាទីឡើងទៅទើបឃើញឈ្នះឃើញចាញ់ម្ខាងៗ។ កាលដឹងថា ខាងណាឈ្នះខាងណាចាញ់ហើយ គេចាប់ផ្ដើមលេងសារជាថ្មី ម្ខាងទៀត ដ៏រាបដល់ហត់តែរៀងៗខ្លួនទើបឈប់។ ល្បែងនេះចាត់ទុកជាការហាត់កំលាំង ហាត់ប្រាណអោយរាងកាយមានកំលាំងមានសុខ ភាពល្អ។
៥. ល្បែងចាប់កូនខ្លែង
ល្បែងចាង់កូនខ្លែង ជាល្បែងរបស់កុមារាកុមារីជំទង់ៗ តែងលេងក្នុងវេលាយប់ខែភ្លឺ នៅរដូវចូលឆ្នាំ ឬ នៅ ពេលទំនេរ។ ចាប់កូនខ្លែងប្រឡែងកូនអក ពពេចញ៉ែកញ៉ក កូនអញតែមួយ។ ជីកអន្លុងដាំត្រកួន ទន្សាយរត់ពួន ត្រកួនឡើងលាស់។ ទៀនមួយគូរ តាំងយូបាំងព្រះ លើដៃសំពះដូនៗសុំភ្លើង។ ចំណែកម្នាក់ដែលធ្វើខ្លែងឈរធ្វើព្រងើយ កាលបានឮមាន់និងកូនមាន់ស្រែកដូច្នោះ ក៏ដើរចូលទៅរកភ្នក់ ភ្លើង ហើយនិយាយសុំភ្លើងថា៖ “ដូនៗសុំភ្លើង!” មាន់ឆ្លើយថាៈ រលត់ ខ្លែងសុំថាៈ សុំមួយអង្កត់
ម(១) រលាយ
ខ- សុំទឹកបាយ
ម- ឆ្កែលិទ្ធ
ខ- សុំកាំបិត
ម- មិនទាន់ច្រុង
ខ- សុំល្ហុង
ម- មិនទាន់ដាំ
ខ- សុំថ្នាំ
ម- មិនទាន់ហាល
ខ- សុំផាល
ម- មិនទាន់សិត
ហើយខ្លែងក៏អង្គុយនៅបៀតភ្នក់ភ្លើងនោះ។ ចំណែកមេមាន់ក៏នាំកូនរបស់ខ្លួនដើរប្រទក្សិណព័ទ្ធជុំវិញខ្លែង និងភ្នក់ភ្លើង (២) ហើយស្រែកច្រៀងទាំងមេ ទាំងកូនថា៖
ចាប់កូនខ្លែងប្រឡែងកូនមាន់ (បន្ទរ) អាឡយៗ
បើមេទៅទាន់ យកមាត់ទៅលាក់ (បន្ទរ) អាឡយៗ
លាក់ទុកឯណា លាក់ក្បាល់ដំណេក (បន្ទរ) អាឡយៗ
រលឹកពីដេក វាយមាន់តូងតាង។
មាន់ច្រៀងចប់ក៏ឈប់ឈរតម្រៀបគ្នា។
ខ្លែងក៏ស្រែកសុំភ្លើងម្តងទៀតថា៖ “ដូនៗ សុំភ្លើង” ។
មាន់ឆ្លើយថា៖ “ក្អែកពាំទៅទម្លាក់ក្នុងទឹកទន្លេបាត់ទៅហើយ”
រួចក៏ដើរព័ទ្ធជុំវិញខ្លែងនិងភ្នក់ភ្លើង ហើយច្រៀងតទៅទៀតថា៖
ប្អូនវេញខ្សែសូត្រ បង្ហូតខ្សែគោម (បន្ទរ) អាឡយៗ
ខ្លែងអើយកុំលោម មិនបានមាន់ទេ (បន្ទរ) អាឡយៗ
ហើយឈរស្ងៀម។
ខ្លែងក៏និយាយទទូចសុំកូនថា៖
ខ- ដូនៗ ឲ្យសុំកូនមុខ
ម- ឪពុកមិនឲ្យ
ខ- សុំកូនក្រោយ
ម- កំបាក់កំបែកយកចុះ
ខ្លែង កាលបានឮមេមាន់ថា ឲ្យកូនណាកំបាក់កំបែកដូច្នេះ ក៏តាំងដេញចាប់បេះយកកូនណាដែលក្រោយ គេ ឯមេមាន់ខំប្រឹងការពារកូនរបស់ខ្លួនកុំឲ្យបេះយកបាន ឯកូនមាន់ ក៏ខំប្រឹងតោងចង្កេះគ្នា យ៉ាងជាប់ រត់ពេនចុះ ពេនឡើង ខ្លាចខ្លែងចាប់បេះយកខ្លួនម្នាក់ៗ បាន។ ជូនក៏ខ្លែងបេះយកបានម្តង ១ម្តង២ ទាល់តែអស់ ជូនក៏បេះបាន តែ១ ។ តែគេមានលក្ខខ័ណ្ឌមួយថា បើកូនណារបូតចេញពីមេព្រោះប្រឹងគេចខ្លាំង ហើយកូននោះគេក្រាបទៅនឹងដី នោះមេខ្លែងមិនត្រូវចាប់គេទេ។ កាលអស់កម្លាំងហត់រៀងខ្លួនហើយ ក៏ឈប់សម្រាកបន្តិច ហើយផ្លាស់ប្តូរគ្នាលេង តទៅទៀត គេលេងតែរបៀបនេះរហូតដល់ពេលឈប់។ ប៉ុន្តែល្បែងបែបនេះដូនគ្នានេះ នៅស្រុកខ្លះ គេហៅតម្រូវន័យតាម របៀបលេងថា “ល្បែងខ្លែងចាប់កូនមាន់” ក៏មាន។ ល្បែងនេះ ជាការបង្ហាត់មនុស្សឲ្យចេះប្រុងស្នៀត ប្រុងស្មារតី ឲ្យរហ័សរហួន ចេះការពារខ្លួននិងគ្រួសារ ផង។
៦. ល្បែងឱបត្រឡាច ឬបេះឪឡឹក
ល្បែងខ្មែរ មានច្រើនបែប ល្បែងខ្លះគេលេងតែក្នុងពេលថ្ងៃ ល្បែងខ្លះគេលេងតែក្នុងពេលយប់ខែភ្លឺ ល្បែងខ្លះគេលេងតែក្នុងពេល បុណ្យមានបុណ្យចូលឆ្នាំជាដើម ល្បែងខ្លះគេលេងមិនកំណត់ពេល ។
ល្បែងដែលលេងតែក្នុងពេលយប់ខែភ្លឺ ហើយមិនចាំបាច់មាន បុណ្យទានអ្វីនោះ មាន ល្បែងឱបត្រឡាច ឬ បេះឪឡឹក ជាដើម។ ល្បែងនេះ ជាល្បែងកំសាន្តសប្បាយ របស់ពួកកុមារាកុមារីនៅគ្រប់និគមជនបទនៃប្រទេសកម្ពុជា។
របៀបលេង មុនដំបូង ពូកកុមារប្រុសស្រី ស្រុះស្រួលចិត្តបបួលគ្នាឲ្យមានចំនួនច្រើន រួចហើយគេចាត់ ម្នាក់ឲ្យធ្វើម្ចាស់ត្រឡាច ឬ ឪឡឹកម្នាក់ទៀតឲ្យធ្វើជាអ្នកទិញ សល់ប៉ុន្មានគេឲ្យធ្វើត្រឡាច ឬ ឪឡឹកទាំងអស់ ហើយអ្នកលេងទាំងនោះ គេសំដៅទៅរកគល់ឈើ ឬដង្គត់អ្វីមួយ ឲ្យតែមានទំហំល្មមឱបបាន ដោយហោចទៅ សសរផ្ទះក៏បានដែរ ឲ្យតែជាទីវាលស្រឡះល្អ ។ កាលបានកន្លែងស្រួលបួលហើយ ក្មេងម្នាក់ជាទី១ ក្នុងកណ្តាក្មេង ដែលគេឲ្យធ្វើត្រឡាច ឬ ឪឡឹកនោះ អង្គុយឱបដើមឈើ ឬសសរនោះទាំងជើងទាំងដៃ ក្មេងម្នាក់ទៀតទី២ អង្គុយ ឱបចង្កេះយកជើងទាំងពីរដាក់លើភ្លៅក្មេងទី១ ក្មេងទី៣ យកដៃនឹងជើងឱបក្មេងទី២ ដូចក្មេងទី២ ឱបក្មេងទី១ ដែរ ឯក្មេងដទៃទៀតក៏បន្តគ្នារហួត ទាល់តែអស់ពួកក្មេងដែលត្រូវធ្វើជាត្រឡាច ឬ ឪឡឹក ។ ឯក្មេងម្នាក់ដែលគេឲ្យ ធ្វើជាម្ចាស់ត្រឡាច ឬឪឡឹកឈរធ្វើព្រងើយ ដើររេរាៗ ក្បែរក្មេងជាត្រឡាច ឬ ឪឡឹកទាំងនោះ ហើយក្មេងម្នាក់ ទៀត ដែលគេឲ្យធ្វើជាអ្នកទិញមកសួរតថ្លៃអ្នកលក់ដូចជាគេទិញធម្មតា ។ តថ្លៃគ្នាត្រូវរ៉ូវហើយ ក៏ឲ្យអ្នកទិញបេះ តាមចិត្ត ។ អ្នកទិញក៏ដើរយកដៃគោះខ្នងក្មេងដែលអង្គុយឱបចង្កេះគ្នានោះ ។ គោះបណ្តើរសួរបណ្តើរថា ខ្ចី ឬ ទុំ?។ អ្នកបន្តៗ ពីដើមទៅ ចេះតែឆ្លើយថាខ្ចីៗ លុះដល់អ្នកចុងក្រោយផ្លែបំផុតទើបឆ្លើយថា ទុំ រួចអ្នកទិញបេះយកអ្នក ដែលនៅចុងគេបំផុតនោះទៅ ដោយខំប្រឹងទាញមែនទែន ព្រោះអ្នកអង្គុយឱបគ្នាគេខំរឹបឱបចំកោងខ្នងតែរៀង ខ្លួនតាំងពីអ្នកខាងចុងរហូតដល់អ្នកខាងគល់ រេចុះឡើង ដោយអ្នកបេះប្រឹងទាញខ្លាំងពេក ។ អ្នកបេះក៏បេះប្រលេះ បានមួយម្តងដរាបដល់អស់មនុស្ស ជួនកាលក៏បេះបាន ២.៣.៤.៥ នាក់ តាមដែលអ្នកខាងដើមឱបជាប់ ឬមិនជាប់ បេះបានប៉ុន្មានយកមកដាក់១ដុំ បើអ្នកទិញបេះមិនបាន ដោយកម្លាំងខ្សោយជាងគេនោះ ក៏រើលេងសាជាថ្មីម្តត ទៀត ។ ឯអ្នកលក់អ្នកទិញត្រឡាចទៅធ្វើជាអ្នកឱប ហើយអ្នកឱបមុនក៏ប្តួរទៅធ្វើជាអ្នកលក់ អ្នកទិញវិញ។ គេធ្វើ ដោយរបៀបនេះរហូតដល់ពេលឈប់លេង។
ល្បែងនេះ ជាកីឡារបស់ខ្មែរសម័យបុរាណ សម្រាប់ហាត់ដៃហាត់ជើង ឲ្យមានកម្លាំងពលំមាំមួន ឲ្យមានសាច់ដុំល្អ មានសុខភាពស្រួលបួល។
៧. ល្បែងគ្របមាន់
ល្បែងគ្របមាន់ ជាល្បែងកំសាន្តមួយយ៉ាងរបស់ពួកកុមារាកុមារីជំទង់ៗ គ្រប់ភូមិស្រុក ទូទៅទាំងប្រទេស កម្ពុជា ដែលតែងតែលេងនៅពេលទំនេរ ក្នុងវេលាយប់ខែភ្លឺ ។ អ្នកលេងមានស្រីមានប្រុស មានគ្នាតាំងពី ៥នាក់ ឬ១០នាក់ ម្ខាងឡើងទៅ ។ របៀបលេងគេជ្រើសយកក្មេងប្រុសម្នាក់ និងក្មេងស្រីម្នាក់ ក្នុងបណ្តាពួកអ្នកទាំងពីរនោះ មកគ្របសំពត់ ឬក្រមា ឲ្យជិតខ្លួនតាំងពីក្បាល ដល់ចុងជើង ដើម្បីកុំឲ្យស្គាល់ជា នរណា ហើយគេឲ្យក្មេងពីរអ្នក នោះ ក្រាបបែរមុខរកគ្នា គឺខាងប្រុសតំណាងមាន់ឈ្មោល ខាងស្រីតំណាងមាន់ញី ។
កាលក្រាបហើយគេឲ្យពូកខាងប្រុសម្នាក់ គោះខ្នងមាន់ខាងស្រីឲ្យរងាវ មាន់ខាងស្រីរងាវថា “កិកកិកែកឺត” ឡើង ដោយខំធ្វើសម្លេងឲ្យប្លែកពីធម្មតា ។ តែបើស្តាប់សូរមិនបានគេអាចគោះ ឲ្យរងាវបានបីដង ពួកខាងប្រុស ចាំស្តាប់សម្លេងមាន់ខាងស្រីនោះ ហើយគេទាយតាមឈ្មោះ មនុស្សស្រីដែលគេស្គាល់ ទាយហើយគេបើកគ្រប ឡើង បើត្រូវ គេយកមាន់មកទុកជារបស់គេ រួចហើយខាងស្រីគោះមាន់ខាងប្រុសឲ្យរងាវម្តង ។មាន់ខាង ប្រុសរងាវថា “កិកកិកែកឺត” ដូចគ្នា ។ ពួកខាងស្រីចាំស្តាប់សម្លេងមាន់ខាងប្រុសនោះហើយគេ ទាយតាមឈ្មោះមនុស្សប្រុស ដែលគេស្គាល់ បើខាងស្រីទាយត្រូវ ឮខាងប្រុសគេយកមាន់ខាងស្រីដែលគេយក ទៅនោះមកសងស្រីវិញ តែបើខាង ប្រុសទាយខុស ខាងប្រុសគេយកមាន់ខាងស្រីនោះទៅទៀត ។
ការទាយសម្លេងមាន់ ស្រេចលើខាងណាទាយត្រូវច្រើន គេបានមាន់ច្រើន ខាងណាទាយខុសច្រើន ត្រូវបង់ ខាតមាន់ច្រើនដែរ ។ គេធ្វើរបៀបនេះទាល់តែម្ខាងៗ អស់មាន់ទាំងអស់ ឬអស់មាន់ច្រើនជាង គេទុកជាចាញ់ ខាងណាបានមាន់ច្រើន គេទុកជាឈ្នះ ហើយគេរៀបចំជាថ្មីឡើងវិញ ។ គេចេះតែធ្វើរបៀបនេះ ដរាបដល់ពេល ដែលគេសន្មត់គ្នាថាឈប់ ទើបលែងលេង។
ល្បែងនេះ ជាល្បែងកំសាន្តមួយយ៉ាង សម្រាប់កុមារាកុមារីជំទង់ៗ លេងតាមសប្បាយ ដែលជាល្បែង ហាត់បញ្ញា ហាត់គំនិត ឲ្យប៉ិនប្រសប់ខាងស្តាប់ ខាងកាត់ប្រមាណតម្រូវតាមសម្លេងរបស់មនុស្ស។ (១)-ស្រុកខ្លះ គេហៅថា ល្បែងលាក់មាន់។
៨. ល្បែងបិទពួន
ល្បែងបិទពួន ជាល្បែងមួយយ៉ាងដែលពួកកុមារាកុមារីជំទង់ៗ តែងលេងកំសាន្តសប្បាយនៅពេលរាត្រី ខែភ្លឺ ល្បេងនេះគេលេងគ្មានកំណត់ខែណា ឬរដូវណាទេ នៅខែណា រដូវណាក៏បាន ឲ្យតែមានពេលលំហែ ហើយគ្មានកំណត់ចំនួនមនុស្សឡើយ ។ វិធានការនៃការលេងនេះ គឺពួកម្ខាងអ្នកពួន ពួកម្ខាងទៀតអ្នកដើររក កាលរកឃើញគេដញចាបពួន ដើម្បីញៀច (មួលស្លឹកត្រចៀក) ។
សកម្មភាពរបស់អ្នកលេង ដូចរូបភាពនេះ៖ របៀបលេង មុខដំបូង គេបបួលកុមារាកុមារីដែលមានអាយុប្រមាណស្របាលៗគ្នា ឲ្យបានច្រើនប្រមាណ ៥ឬ ១០ នាក់ឡើងទៅ ស្រេចតែមានគ្នាតិចឬច្រើន ចែកជាពីរផ្នែកស្មើគ្នា ស្រីម្ខាងប្រុសម្ខាង ឬលាយចម្រុះគ្នា ទាំងស្រីទាំងប្រុស ឬក៏សុទ្ធតែប្រុស សុទ្ធតែស្រីក៏បាន ។ គេកំណត់កន្លែងណាមួយ ដែលមានភាពដ៏ស្រឡះ ឲ្យ ឈ្មោះថា “ទី” ហើយគេឲ្យពួកម្ខាងទៅពួននៅទីដទៃ គឺត្រូវពួនរបៀបណាកុំឲ្យពួកម្ខាងទៀតរកឃើញបានដោយ ងាយ ពួកម្ខាងទៀតឈរធ្មេចភ្នែកឬបិទភ្នែកនៅក្នុងទី។ ត្រណមរបស់ពួកនេះ នៅត្រង់ធ្មេចភ្នែក គឺគេសន្យាគ្នាថា អ្នកណាលួចមើលពួកគេអ្នកពួន ឲ្យដឹងថាគេពួនត្រង់នេះត្រង់នោះ នឹងត្រូវស្អុយភ្នែក ។ ចំនួន ២-៣ នាទី ទើបពួក អ្នកនៅក្នុងទីបើភ្នែកឡើងស្រែកថា “ បើកគ្របបាយ កំចាយរក អ្នកមិនមក អញរកឃើញ ” ហើយក៏ចាត់ម្នាក់ រើសរកអ្នកណាមានមាឌធំបន្តិច ក្នុងបណ្តាពួកអ្នកនៅចាំទីនោះ ឲ្យនៅចាំទីការពារ កុំឲ្យពួកអ្នកទៅពួនរត់មកចូលទី បាន សល់ប៉ុន្មានឲ្យដើររកគ្រប់ទីកន្លែងដែលកំបាំងៗ ។ បើអ្នកណាមួយឃើញអ្នកពួកណាម្នាក់ក៏នាំគ្នាដេញចាប់ ញៀប បើដេញចាប់ញៀចបាន ឈ្មោះថាស្អុយ បើមិនបាន អ្នកពួននោះរត់ចូលទីបាន ឈ្មោះថាបបានរួចខ្លួន មិនត្រូវដេញញៀចគេទេ ប៉ុន្តែពួកអ្នកនោះ បើចូលទី ហើយត្រូវស្រែកឲ្យខ្លាំងៗថា “ចូលទី” បើមិនស្រែកទេគេមាន អំណាចញៀចបានទៀត ។ លុះអ្នកដើររក រកឃើញពួកអ្នកពួនអស់ហើយ ឬបើមិនទាន់ឃើញអស់គេខំដើររកឲ្យ ទាល់តែបានឃើញ ទោះបីញៀចបាន ឬក៏មិនបានក៏ដោយ មកជួបជុំហើយ គេក៏និយាយប្រាប់អ្នកទាំងអស់គ្នា (ទាំងពីរផ្នែក) ថា ពួកគេញៀចបានប៉ុណ្ណានាក់តាមដែលគេញៀចបាន រូចហើយពួកអ្នកនៅចាំទីមុននោះទៅពួន វិញ ឯពួកអ្នកមុនត្រូវនៅចាំក្នុងទី ហើយដើររកគេ ផ្លាស់ប្តួរគ្នាតែរបៀបនេះរហូតដល់ពេលឈប់លេង ។ ក្នុងការផ្លាស់ប្តួរគ្នានេះ គឺទៅពួនម្តងមួយផ្នែក រូចហើយបើពួកខាងម្ខាងញៀចគេបាន ៣-៤ នាក់ ដល់ពួក ម្ខាងទៀតញៀចគេវិញបានតែ ២-៣នាក់ ពួកនោះឈ្មោះថាចាញ់គេ ។
តាមរបៀបអ្នកស្រុកខ្លះ គេលេងប្លែកពីនេះបន្តិច គឺគេប្រមូលអ្នកស្ម័គ្រលេងទាំងប៉ុន្មានមកឈរដំកង់ ហើយ ម្នាក់ផ្តើមសូត្រថា “ត្រៃត្រក ត្រៃត្រេង” ឬថា “កាច់ស្លឹកឫស្សី សំដីល្ង ខែចែត្រពេញបូណ៌លោកឲ្យលោកលេងពួន លេងខែណា លេងខែដូងព្រះ កាច់សន្ទះមហាទង់ដែង អញ្ចែងអញ្ចាច់ អញ្ចែងចង្វាក់ អអ៊ឺតអន្ទង អំពងអំពួន ប្រពន្ធ ចៅហ្វាយ” ។ ក្នុងការសូត្រពាក្យទាំងនេះ គេចង្អុលបណ្តើរទៅចំខ្លួនមនុស្សម្នាក់ៗ គឺមួយមាត់ចង្អុលម្នាក់ៗ បើអស់ ចំទៅលើរូបអ្នកណា អ្នកនោះត្រូវរត់ទៅរកកន្លែងពួន រូចធ្វើដូចមុនទៀតរហូតដល់សល់តែម្នាក់ក្រោយគេ ទុកជា អ្នកនៅចាំទី ។ កាលណាអ្នកពួកស្រែកថា “រូច” អ្នកចាំទីដើរតាមរកញៀច បើញៀចបាននរណាមួយ ត្រូវប្តូរអ្នកនោះ មកចាំទីម្តង ឯអ្នកចាំទីមុនត្រឡប់ទៅពួនវិញ ។ តែញៀចម្តងបានតែមួយនាក់ទេ ទោះជាគេពួននៅជិតគ្នាក៏ដោយ ហើយបើខុសពីត្រណមនេះគេទុកជាស្អុយ គេរៀបចំលេងសាជាថ្មីម្តងទៀត ធ្វើតែយ៉ាងនេះបន្តៗទៅ ។ ប្រសិនជា យូរពេលហើយនរណាមួយគេខ្ជិលពួន អាចរត់គេចពីភ្នែកអ្នកចាំទីមកអង្គុយត្រង់ទីក៏បាន ចាំគេញៀចបាននរណា ថ្មីទៀត សឹមទៅពួនម្តងទៀត ។ កាលណាអ្នកណាម្នាក់ចង់ឈប់លេងត្រូវស្រែកឲ្យរហ័សថា “ បើកបាយក្រហាយ ទឹក អ្នកណាមិនមកឈ ប់លេង ” បើគេស្រែកដូច្នេះរួច អ្នកចាំទីគ្មានសិទ្ធិញៀចគេទៀតទេ ។ ល្បែងនេះ ជាល្បែងអាចចាត់ចូលក្នុងពួកកីឡាហាត់ប្រាណបាន ត្រង់ការរត់ ការស្ទុះ ការលោត ការដេញ។
៩. ល្បែងប្រជល់មាន់
ល្បែងប្រជល់មាន់ ជាល្បែងមួយ យ៉ាងរបស់ពួកកុមារាកុមារីជំទង់ៗ ទូទៅក្នុងកម្ពុជរដ្ឋគេលេងកំសាន្ត ក្នុងវេលាយប់ ។ សមាសភាពនៃអ្នកលេងល្បែងនេះមានគ្នា ៤ នាក់ គឺប្រុសម្នាក់ធ្វើមាន់ឈ្មោល ស្រីម្នាក់ធ្វើមាន់ញី ប្រុសម្នាក់ស្រីម្នាក់ធ្វើជាអ្នកចាំឲ្យទឹកមាន់ ។ ពេលលេងប្រុសម្នាក់ស្រីម្នាក់ដែលធ្វើជាមាន់ចូលទៅឱនក្រាបទន្ទឹម គ្នា មួយបែរមុខទៅខាងជើង មួយបែរមុខទៅខាងត្បូង ។ ឯប្រុសម្នាក់ដែលធ្វើជាអ្នកចាំឲ្យទឹកចូលទៅឈរក្បែរមាន់ ឈ្មោលក្បែរមាន់ ឈ្មោលមាន់ញីរបស់ខ្លួនចាំឲ្យទឹកមាន់ខ្លួន។
ពេលរៀបឲ្យមាន់ជល់គ្នា ម្ចាស់មាន់គេទះដៃស្រែកឡើង ថា “យើងបានគ្នាហើយ” ។ បន្ទាប់ពីម្ចាស់មាន់ ស្រែក តួមាន់ក៏រៀបខ្លួនចូលទៅជល់ ដោយកាងដៃឡើងធ្វើបែបមាន់ទទះស្លាប ហើយដើរឱនៗ ចូលទៅជិតគ្នា មានអាការដូចអួតជល់គ្នា តែមិនឲ្យប៉ះទង្គិចស្មា ឬប៉ះដៃគ្នាទេ គ្រាន់តែលើដៃទាំងពីរ តាមចង្វាក់ពាក្យច្រៀងរបស់ ម្ចាស់មាន់ប៉ុណ្ណោះ ។ ពេលនោះ ម្ចាស់មាន់គេច្រៀងឡើងថា “មាន់នាងនីវ៉ឺយៗ ជល់នឹងមាន់នាងនល់ លោកឲ្យ ប្រជល់ វ៉ឺយៗ មាន់យើងឈ្នះគេ” ។ កាលម្ចាស់មាន់ច្រៀងហើយ មាន់ទាំងពីរក៏លោតចូលទៅឈរកណ្តាលវង់ ហើយលោតចេញមកវិញ ចេញមកហើយចូលទៅវិញទៀត ដោយធ្វើអាការទទះស្លាបដូចមុន ម្ចាស់ មាន់ក៏ស្រែក ច្រៀងដូចមុខម្តងទៀត ។ មាន់ខាងណាមានអាការក្លៀវក្លាស្វាហាប់ក្លាហាន ខ្លាំងពូកែជាងគេ ក្នុងវេលាជល់ គេទុកជាឈ្នះ ។ កាល បើមាន់ ១ គូមុនដឹងឈ្នះចាញ់ហើយ ម្ចាស់មាន់គេឲ្យមាន់ផឹកទឹក គឺឲ្យផឹកទឹកត្នោត ឬឲ្យស៊ីបបរជាដើម ជាកម្សាន្ត សប្បាយ ហើយគេរៀបចំប្រជល់ សាជាថ្មីតទៅទៀត ។ គេលេងតែរៀបនេះ រហូតដល់ពេលឈប់ ។ ល្បែងនេះ អាចរាប់ចូលក្នុងកីឡាសម្រាប់បង្ហាត់ក្មេងឲ្យមានទំលាប់ ប្រកាន់នូវសេចក្តីក្លាហានបាន។
១០. ល្បែង លោតអន្ទាក់
ល្បែងលោតអន្ទាក់ ជាល្បែងសម្រាប់កុមារាកុមារីនិងជំទង់ៗ លេងក្នុងវេលាយប់ នៅរដូវចូលឆ្នាំ ឬនៅពេល ទំនេរខ្លះ តាមដែលគេស្ម័គ្រ ។ បានជាគេហៅថា “ល្បែងលោតអន្ទាក់” ព្រោះល្បែងនេះមានមនុស្សមួយពួកអង្គុយ ច្រហោងដំកង់ ចាប់ចុងដៃគ្នាជាអន្លាក់ដៃ ចាំស្ទាក់អ្នកលោតកុំឲ្យលោតចូលបាន មួយពួកទៀត ឈរជុំវិញចាំលោត រំលងឲ្យចូលទៅក្នុងអន្ទាក់ដៃនោះ ។ របៀបលេងល្បែងនេះ គេចែក ពួកអ្នកលេងជា ២ ចំនួនស្មើគ្នា គឺចាប់តាំងពី ៥ ឬ ៦ ម្នាក់ម្ខាងឡើងទៅ។
ពួកទី១ អង្គុយច្រហោងដំកងគ្នាជាវង់ ឃ្លាតពីគ្នាល្មមលោត ឬកាងដៃទាំងពីរខាងដៃបាន ហើយចាប់ ចុងដៃគ្នានិងគ្នា មើលទៅឃើញ ភាពដូចជាអន្ទាក់ ។
ពួកទី២ ឈរជុំវិញ ចាំលបឆ្មក់ លោតចូលក្នុងអន្ទាក់ដៃរបស់ពូកទី១។
ពេលលេង ពូកទាំង២ នេះ សុទ្ធតែប្រុងប្រយ័ត្នរៀងៗខ្លួន គឺមុននិងលោតចូល ពួកអ្នកឈរគេធ្វើរ៉ែរ៉ៗ ជុំវិញ ពួកអ្នកអង្គុយ ឲ្យពួកអ្នកអង្គុយភ្លេចខ្លួន ឬពួកអ្នកលោតគេចាត់ឲ្យពួកគេខ្លះទៅពួននៅទីឆ្ងាយ ហើយឲ្យរួចរត់ពី ចម្ងាយមកលោតចូលតែម្តងក៏មាន។ ចំណែកពួកខាងអ្នកអង្គុយ ធ្វើអន្ទាក់ក៏ប្រុងប្រយ័ត្នដែរ ដើម្បីកុំឲ្យពួកអ្នក លោត លោតផ្លោះចូលមក ក្នុងវង្វង់បាន ។ ឯពួកអ្នកអង្គុយគេលើដៃឡើង ដោយប្រញាប់ជាបន្ទាន់ ដើម្បីកុំឲ្យគេ លោតចូលបាន ឬដើម្បីលើដៃគះឲ្យប៉ះជើងអ្នកលោត ។ បើអ្នកអង្គុយគះប៉ះជើងអ្នកលោតបានហើយ គេទុកអ្នក លោតជាចាញ់ អ្នកធ្វើអន្ទាក់ជាអ្នកឈ្នះ ហើយអ្នកឈ្នះក្រោងឈរឡើងចាំលោត ឲ្យអ្នកចាញ់ទៅអង្គុយធ្វើអន្ទាក់ វិញ។ ឯអ្នកលោតនោះ បើមានអ្នកណាម្នាក់លោតចូលបានដោយស្រួលគេឲ្យគ្នាគេទាំងអស់ ចូលតាមលោតទៅ ក្នុងវង់អន្ទាក់នោះ ហើយពួកអ្នកលោតចូលបាននោះ គេនាំគ្នាលោតចេញវិញ គឺអ្នកលោតចូលបាននោះ គេឈរ គ្រប់គ្នាគាបជើងលើអន្ទាក់ដៃអង្គុយគ្រប់គ្នា ទុកជើងម្ខាងនៅក្នុងជើងម្ខាងនៅខាងក្រៅអន្ទាក់ដៃនោះ ។ បើក្នុង បណ្តាពួកអ្នកលោតនោះ មានអ្នកណាម្នាក់ លោតចេញដោយស្រួលបាន មិនប៉ះដៃអ្នកអង្គុយ គេនាំគ្នាចេញ ទាំងអស់ ។ តែការចេញនិងចូលបាននោះត្រូវចេញ ឬចួលឲ្យចំច្រកដែលលោតរំលងបាននោះ បើខុសច្រកនោះ គេទុកជាចាញ់។ ហើយការលោតចូល ឬលោតចេញនោះ ត្រូវតែលោតម្តងម្នាក់ បើជូនជាស្របពីរនាក់ស្មើគ្នា ក៏គេ ទុកជាចាញ់ដែរ ។ គេចេះតែផ្លាស់ប្តួរគ្នាលេងតាមរបៀបនេះរៀងទៅដរាបដល់ពេលយប់ ។
ល្បែងនេះ ជាល្បែងកំសាន្តមួយយ៉ាង ដែលចាត់ចូលក្នុងកីឡាហាត់ប្រាណ គឺហាត់កាយឲ្យមាន សុខភាពល្អ មានកម្លាំងកាយរឹងប៉ឹងហាត់ភ្នែកឲ្យវៃ ហាត់ស្មារតីឲ្យចេះប្រុងប្រយ័ត្ន ចេះប្រើគំនិតឲ្យវាងវៃ កុំឲ្យអ្នកដទៃបំភ័ន្តបាន។
សូមជម្រាបជូនផងដែរថា ល្បែងប្រជាប្រិយដែលប្រជាជនខ្មែរពេញនិយមលេងនៅរដូវចូលឆ្នាំខ្មែរនោះរួមមានលាក់កន្សែង ទាញព្រ័ត្រ ចោលឈូង បោះអង្គញ់ វាយក្អម ឡើងសសរខ្លាញ់ ចត្រង្គ (អុក) ស្វាដណ្ដើមស្លឹកឈើ ស្ដេចចង់ ចាប់កូនខ្លែង ឱបត្រឡាចឬបេះឪឡឹក គោះត្រឡោក លោតអន្ទាក់ គោះពព្លាក់ គ្របមាន់ បីដកមួយ លោតបាវ យាយដឹកតា និងល្បែងជាច្រើនទៀត។
ដកស្រង់ចេញពីសៀវភៅ #ល្បែងប្រជាប្រិយខ្មែរ