ចំពោះអ្នកដែលទើបនឹងបោះតង់ដំបូងៗអាចនឹងនៅខ្វះបទពិសោធន៍ ដែលអាចនាំឲ្យសម្ភារៈដែលអ្នកយកទៅបោះតង់នោះខ្វះខាត ឬមិនសមស្របទៅនឹងកន្លែងដែលអ្នកជ្រើសរើស។
ដូច្នេះហើយនៅពេលទៅបោះតង់អ្នកគួរតែមានវត្ថុទាំងអស់ខាងក្រោមនេះ៖
១. សម្ភារៈដំណេក
អ្នកគួរតែយកខ្នើយ ភួយ ពូកខ្យល់ ឬសម្ភារៈដំណេកណាដែលអ្នកអាចគេងលក់ស្រួលបាន ព្រោះយើងអាចនឹងពិបាកសម្របខ្លួនទៅនឹងកន្លែងថ្មី។ តាមយោបល់របស់អ្នកដើរព្រៃខ្លះ គឺយើងអាចនឹងងាយស្រួលសំរាកជាងមុនបើសិនជាយើងយកម៉ាសគ្របភ្នែក ឬឧបករណ៍កាត់បន្ថយសម្លេងតាមខ្លួន។
២. សម្ភារៈសម្រាប់បរិវេណតង់
យើងអាចយក ពិល ភ្លើងអគ្គិសនី ចង្កៀង ឬភ្លើងLEDជាដើម ដើម្បីបំភ្លឺជុំវិញបរិវេណតង់។ យើងក៏គួរយកធុងត្រជាក់ ឬទឹកកកវេចខ្ចប់ ទឹកស្អាត ដបទឹក ឈើគូស ឬដៃកេសនិងចង្ក្រានហ្គាសជាដើម។ ចំពោះវត្ថុដែលត្រូវការថ្មពិល អ្នកគួរតែយកថ្មពិលទៅសាគួរទុកនិងជាពិសេស Powerbank សម្រាប់សាកថ្មទូរស័ព្ទ។
៣. គ្រឿងតុបតែង
បើអ្នកចង់ឱ្យទីតាំងបោះតង់របស់អ្នកកាន់តែទាក់ទាញ អ្នកគួរតែយក កៅអី ឬតុដែលបត់បាន កំរាលតុទានបណ្តេញសត្វល្អិត តង់ធំសម្រាប់បាំងថ្ងៃនិងភ្លៀង។ អ្នកក៏អាចយកកម្រាលជើងទុកជូតជើងមុនចូលក្នុងកន្លែងគេងរបស់អ្នកដែរ។ សម្ភារៈទាំងអស់នេះគួរតែយកទំហំសមស្របតាមដែលអាចធ្វើទៅបាន។
៤. សម្ភារៈសំខាន់ៗផ្សេងៗ
អ្នកគួរតែមានក្រដាសជូតមាត់ កន្សែង សាប៊ូ ស្បែកជើង ខោអាវ ច្រាសដុះធ្មេញនិងថ្នាំដុះធ្មេញជាដើម។
៥. សម្ភារៈអនាម័យ
មុន និងក្រោយអ្នកប្រើប្រាស់ទីតាំងសម្រាប់បោះតង់សម្រាកខួរក្បាលរួច អ្នកត្រូវតែចូលរួមថែរក្សាបរិស្ថានដោយសម្អាតទីធ្លាឲ្យបានស្អាត ដូច្នេះសូមយកសម្ភារៈទុកសម្អាតទីតាំងបោះតង់តាមខ្លួនផង។
៦. សម្ភារៈផ្ទាល់ខ្លួន
សម្ភារៈទាំងនោះមានដូចជា កាបូបលុយ សោរ អត្តសញ្ញាណប័ណ្ណ ឬកាតសំខាន់ផ្សេងៗ។
៧. សម្ភារៈការពារ និងព្យាបាល
អ្នកគួរតែយក ថ្នាំលេបផ្សេងៗ ថ្នាំលាបខ្លួន ថ្នាំការពារសត្វល្អិត ឡេការពារកម្តៅថ្ងៃ សម្ភារៈសម្អាតដំបៅ ឬរបួសផ្សេងៗ ដើម្បីការពារពេលមានបញ្ហាចៃដន្យ។
៨. សម្ភារៈផ្ទះបាយ
បើអ្នកចង់ធ្វើម្ហូបដោយខ្លួនឯង នោះអ្នកគួរតែត្រៀម ខ្ទះ ឆ្នាំង វែក ស្លាបព្រា សម ចង្កឺះ ចាន កែវ។ល។ ក៏ប៉ុន្តែអ្នកត្រូវប្រាកដថា សម្ភារៈចម្អិនម្ហូបអាចទប់ទល់ជាមួយភ្លើងអូស ឬហ្គាសដែលអ្នកប្រើដើម្បីចម្អិនម្ហូបផងដែរ៕
អត្ថបទដោយ៖ Nuth
រូបភាព៖ Google Image