មនុស្សប្រុសចរិតយ៉ាប់ទាំង ១០ ស្រីៗ កុំទាក់ទងនឹងមនុស្សប្រុសបែបនេះឱ្យសោះ បើមិនចង់ស្ដាយក្រោយ

ការជ្រើសរើស ឬអនុញ្ញាតឱ្យនរណាម្នាក់ ជាពិសេសគឺមនុស្សប្រុស ចូលមកក្នុងជីវិតយើង មិនមែនជារឿងដែលងាយស្រួល ឬចេះតែឱ្យពាក់ព័ន្ធនោះទេ។ ជាការពិត យើងត្រូវគិត និងសម្រេចចិត្តឱ្យបានច្បាស់លាស់ ព្រោះមនុស្សខ្លះ ចូលមកដើម្បីតែបំផ្លាញយើងប៉ុណ្ណោះ។ ខាងក្រោមនេះ ជាចំណុចនៃចរិតខ្លះៗរបស់មនុស្សប្រុស ដែលអ្នកគួរចៀស និងមិនគួរឱ្យគេចូលមកក្នុងជីវិត។

១. មនុស្សប្រុសគំនិតស្រី

ចរិតពិតប្រាកដនៃមនុស្សប្រុស គឺមិនចេះសាំញុំា រញ៉េរញ៉ៃ ខឹងងរងក់ រករឿងផ្ដេសផ្ដាសឡើយ ហើយក៏មិនចេះគម្រិះ ម៉ៅស្វិតដែរ តែមនុស្សប្រុសដែលមានចរិតស្រីនេះ គឺគិតគូរ សូម្បីតែទិញម្ហូបអាហារ រិះថាំ មិនសូវជាទូលាយប៉ុន្មានឡើយ។ បែបហ្នឹង មិនមែនមានន័យថា ចរិតមនុស្សស្រីយ៉ាប់ទេ ជាមនុស្សស្រី បើមិនមានចរិតបែបហ្នឹង ក៏គេមិនហៅថាស្រីដែរ តែបើមនុស្សប្រុសចរិតបែបហ្នឹង គឺចប់ហើយ ពិបាកនិយាយ ពិបាកយល់ណាស់។

២. មនុស្សប្រុសខួរក្បាលឪពុកម្ដាយបងប្អូន

ជាកូនប្រុស ជាមនុស្សប្រុស គឺត្រូវតែមានម្ចាស់ការលើខ្លួនឯង មានផ្លូវជីវិត មានគំនិតជាខ្លួនឯង តែបើជាមនុស្សប្រុស ខួរក្បាលម៉ែឪបងប្អូនហើយនោះ គឺមានន័យថា គេគ្មានម្ចាស់ការលើខ្លួនឯងទេ ចាំតែធ្វើ ឬដើរតាមការបញ្ជារបស់ឪពុកម្ដាយតែប៉ុណ្ណោះ។ បែបហ្នឹង ក៏មិនមែនមានន័យថា ឪពុកម្ដាយ ឬបងប្អូនគេសុទ្ឌតែមិនល្អដែរ តែភាគច្រើននៃមនុស្សប្រុស ដែលចាំតែតាមឪពុកម្ដាយ គឺគ្មានជីវិតគូដែលល្អឡើយ ច្រើនតែបែកបាក់ ព្រោះគ្មានលទ្ធភាពមើលថែគ្រួសារខ្លួនឯង។

2

៣. មនុស្សប្រុសប៉ោឡែ

មនុស្សប្រុសសំខាន់បំផុត គឺត្រូវមាន គំនិត មានបញ្ញា មានការងារ អាចរកលុយបានដោយខ្លួនឯង មានលទ្ធភាពចិញ្ចឹមខ្លួនឯង ព្រោះអនាគតជាមេគ្រួសារ ត្រូវមើលថែប្រពន្ធកូន តែបើគេជាមនុស្សប៉ោឡែហើយនោះ ប្រាកដណាស់ថា គ្មាននារីណា ហ៊ានប្រថុយជីវិត ឱ្យមកវេទនាជាមួយឡើយ គេហៅថា គ្មានកំណើត។

៤. មនុស្សប្រុសអំនួតអាត្មា

មនុស្សប្រុសអំនួតអាត្មាឯង គេនឹងគិតថា អ្នកផ្សេងមិនដូចគេ អ្នកផ្សេងអន់ជាងគេ គ្មានអ្នកណាចេះដល់គេទេ ដូច្នេះហើយ គេនឹងមើលងាយ មនុស្សដែលនៅជុំវិញខ្លួន ជិះជាន់ ចាំតែស្ដីបន្ទោស ចាប់កំហុសតែប៉ុណ្ណេាះ និងមួយទៀតគឺ អញមិនចេះខុស។

៥. មនុស្សប្រុសបានតែសម្ដី

ពិតជាមាន មនុស្សប្រុសពូកែប្រូ ពូកែអួត និយាយទៅ គឺអួតលើសពីសមត្ថភាព និយាយច្រើនយកជាការមិនបាន។ មនុស្សប្រុសពិត គេមិនសូវនិយាយច្រើនទេ ជាពិសេសគឺមនុស្សប្រុសដែលមានគោលដៅជីវិតច្បាស់លាស់។ មនុស្សប្រុសនិយាយច្រើន បានតែសម្ដី ភាគច្រើន គឺចង់តែឈ្នះ។

3

៦. មនុស្សប្រុសសាវា

មួយរយនាក់ ទាំងមួយរយនាក់ គ្មានមនុស្សស្រីណា ចង់ជួបមនុស្សប្រុសសាវា ស្រីច្រើនកៀរជើងឡើយ។ ព្រោះមនុស្សប្រុសបែបនេះ មិនអាចផ្ដល់ក្ដីសុខ សុភមង្គល និងភាពកក់ក្ដៅឱ្យនាងបានទេ។

៧. មនុស្សប្រុសងប់នឹងអបាយមុខ

អបាយមុខ នាំឱ្យរលាយគ្មានសល់អ្វីទេ ដូចនេះ គួរចៀសឱ្យឆ្ងាយពីមនុស្សប្រុសបែបហ្នឹង ទោះគេនោះស្អាត សង្ហា មាន ពូកែរកលុយប៉ុនណា តែបើគេប្រឡូកក្នុងរឿងអបាយមុខ គឺមានតែរលាយតែប៉ុណ្ណេាះ។

៨. មនុស្សប្រុសកំសាកញី

មនុស្សប្រុសកំសាក មិនអាចសម្រេចកិច្ចការងារ ឬការរកស៊ីធំដុំបានទេ។ ព្រោះគេមិនហ៊ាន សូម្បីតែសម្រេចចិត្តក្នុងរឿងតូចតាច អីចឹងហើយ គេមិនអាចផ្ដល់អនាគតល្អឱ្យអ្នកបានឡើយ។

1

៩. មនុស្សប្រុសពូកែប្រចណ្ឌ

ការប្រចណ្ឌខ្លាំងលែងដឹងអី គេហៅថា ជាមនុស្សខ្វះការគិតពិចារណា អាចហៅម្យ៉ាងទៀតថា ភ្លើ ឬល្ងង់។ ធម្មតា ប្រចណ្ឌ គេតែងតែថែមពាក្យពីមុខគឺ ភ្លើង គឺភ្លើងប្រចណ្ឌ មនុស្ស តែកាលណាប្រចណ្ឌពេក គឺគ្មានគំនិតគិតរកស៊ី ធ្វើការអីទេ ព្រោះរវល់តែចាំឃាឃាំង ចាប់ថ្នាក់ដៃគូ ចេះតែខ្លាច ចេះតែសង្ស័យ ធ្វើអីក៏មិនចេញដែរ។

១០. មនុស្សប្រុសគ្មានហេតុផល

ខ្លាចបំផុតមនុស្សប្រុសគ្មានហេតុផល គេនឹងយល់តែចិត្ត គំនិតខ្លួនគេ មិនស្ដាប់អ្នកណាទេ ភាពគ្មានហេតុផល នឹងកកើតជាកំហឹង ហើយនឹងអាចក្លាយជាហិង្សាក៏មានដែរ៕

អត្ថបទ ៖ មនុស្សចុងក្រោយ