មនុស្សស្រីឈប់ល្ងង់ ដេញតាមរឿង ៣ យ៉ាងនេះទៀតទៅ បើមិនចង់ឱ្យខ្លួនឯងត្រូវរងទុក្ខ គ្រាំចិត្ត មួយជីវិត

មនុស្សស្រីដឹងចាំថា ការដែលអ្នកព្យាយាមដេញតាមអ្វីមួយ វានឹងធ្វើឱ្យអ្នកកាន់តែលំបាក វេទនា បាត់បង់តម្លៃ និងសេចក្ដីសុខផ្ទាល់ខ្លួនបន្តិចម្ដងៗ។ តួយ៉ាង ដូចការដែលអ្នកដេញតាមក្នុងរឿងទាំង ៣ យ៉ាងខាងក្រោមនេះ វានឹងធ្វើឱ្យជីវិតអ្នកកាន់តែតានតឹង និងត្រូវបាត់បង់ពេលវេលាដ៏មានតម្លៃ ចុងក្រោយ សូម្បីតែតម្លៃ និងសេចក្ដីសុខផ្ទាល់ខ្លួនអ្នក ក៏អ្នកមិនមានសល់ដែរ។

១. កុំចេះតែដេញតាមរកលុយកាក់

0da3c0bbd1189a79c5c867791399036c

ការររកលុយគឺជារឿងដែលមនុស្សយើងម្នាក់ៗត្រូវតែធ្វើ បើទោះបីជាមានទ្រឹស្តីខ្លះនិយាយថា លុយមិនសំខាន់ តែត្រូវចាំថា លុយវាចាំបាច់សម្រាប់ការប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ដូច្នេះ ការរកលុយ គឺជាអ្វីដែលយើងត្រូវតែបំពេញ ដោយមិនអាចបោះបង់ចោលបានឡើយ។ ប៉ុន្តែ បើទោះជាយ៉ាងណាក៏ដោយ ក៏អ្នកមិនអាចដោយសារតែការខិតខំរកលុយជ្រុលហួសហេតុពេក រហូតធ្វើឱ្យខ្លួនឯងបាត់បង់ពេលវេលាផ្ទាល់ខ្លួន ដើម្បីជួបជុំ និងមើលថែគ្រួសារ កុំដោយសារតែការខំរកលុយពេក រហូតធ្វើឱ្យអ្នកមិនមានពេលគ្រប់គ្រាន់ក្នុងការមើលថែសម្រស់ និងសុខភាពខ្លួន។ អ្វីដែលសំខាន់ជាងនេះ អ្នកមិនអាចព្រោះតែការខំដេញតាមរកលុយ រហូតដល់ភ្លេច និងធ្វើឱ្យបាត់បង់តម្លៃ និងកិត្តិយសនោះឡើយ កុំលក់កិត្តិយស មុខមាត់ដោយសារតែលុយកាក់ វាមិនសមតម្លៃទេ។

២. ឈប់ដេញតាមទ្រ ឬផ្គាប់ផ្គន់អ្នកណា

4751c320c71fcbb740c165bb2aea5df6

អ្នកត្រូវចាំថា អ្នកមានតម្លៃគ្រប់គ្រាន់សម្រាប់ខ្លួនឯងហើយ មិនថាអ្នកមានរូបរាងមិនស្អាត ការតុបតែងខ្លួនមិនឡូយឆាយនៅក្នងភ្នែកអ្នកណា តែសំខាន់ អ្នកខ្លាំង អ្នកពូកែអស្ចារ្យនៅក្នុងភាពជាខ្លួនឯង អ្នកស្អាតតាមរបៀបរបស់អ្នក ដូច្នេះ កុំព្រោះតែចំណុចដែលអ្នកដទៃមើលមក ឬព្រោះតែពាក្យសម្ដីគេនិយាយអវិជ្ជមានពីអ្នក រហូតធ្វើឱ្យខ្លួនឯងមើលងាយខ្លួនឯង បន្ទាបតម្លៃខ្លួនឯង ហើយចេះតែតាមទ្រ យកចិត្ត រណបរហូតឱ្យគេជាន់ក្បាលខ្លួនឯងបាន។ អ្នកត្រូវដឹងថា ត្រឹមតែអ្នកមិនធ្វើបាប ឬបំពាន បំផ្លាញអ្នកណា គឺល្អពេកហើយ មិនបាច់ដល់ថ្នាក់តាមផ្គាប់ផ្គន់គេជ្រុលពេក រហូតបាត់បង់តម្លៃនៃខ្លួនឯងទេ។

៣. ឈប់ព្យាយាមដេញតាមរកស្នេហាដែលល្អឥតខ្ចោះ

9adb8143ff48fffe954a7d21d357c7d7

អ្នកណាៗក៏ប្រាថ្នាចង់បានដៃគូដែលល្អដែរ ប៉ុន្តែអ្នកត្រូវចាំថា នៅលើលោកនេះ គ្មានទេមនុស្សដែលល្អឥតខ្ចោះ ក៏គ្មានដែរ មនុស្សដែលអាចធ្វើតាមចិត្តអ្នករហូតនោះ ព្រោះសូម្បីតែអ្នកខ្លួនឯង ក៏នៅមានចំណុចខ្វះខាត សូម្បីតែអ្នកខ្លួនឯង នៅតែមិនអាចយល់ និងតាមចិត្តខ្លួនឯងបានគ្រប់រឿងដែរពេលខ្លះ។ ដូច្នេះការព្យាយាមដេញតាម ឬចង់បានមនុស្សដែលល្អគ្រប់យ៉ាងតាមដែលចិត្តអ្នកត្រូវការ វានឹងធ្វើឱ្យអ្នករឹតតែខាតពេលវេលា បាត់បង់ឱកាសល្អៗផ្សេងៗទៀត ហើយវាក៏នឹងធ្វើឱ្យអ្នកកាន់តែសោកសៅ ព្រោះតែមិនអាចរកបានមនុស្សដែលល្អគ្រប់យ៉ាងដូចចិត្តខ្លួនឯងប៉ង។ ផ្ទុយទៅវិញ អ្នកគួរតែសម្របចិត្ត បើកចិត្តក្នុងការទទួលយកនរណាម្នាក់ដែលសមរម្យ សមល្មមនឹងខ្លួនឯង គេល្អសមល្មម ហើយអាចកែប្រែ ឬអាចឱ្យអ្នកទទួលយកបាន សាមញ្ញៗក៏បានដែរ មិនបាច់ចង់បានឡូយឆាយ ហក់លោតពេកទេ ក្រែងគេបែរជាធ្វើបាបចិត្តអ្នកទ្វេដងទៅវិញ៕

អត្ថបទ ៖ ក្នុងស្រុក