ហេតុផល៦យ៉ាង បង្ហាញថាការគោរពគ្នាទៅវិញទៅមក គឺ សំខាន់ណាស់ដើម្បីធ្វើឱ្យចំណងស្នេហាគង់វង្សយូរអង្វែង

ហេតុអ្វីបានជាមនុស្សពីរនាក់ សម្រេចចិត្តមានទំនាក់ទំនងស្នេហាជាមួយគ្នា? ជាការពិតណាស់ ចម្លើយដ៏សមហេតុផលបំផុត គឺថាពួកគេស្រឡាញ់គ្នា ហើយចង់រស់នៅជាមួយគ្នា ដូចជាជីវិតតែមួយ។ ប៉ុន្តែនៅពេលដែលអ្នកបន្តជាជីវិតគូ តេីអ្នកធ្លាប់គិតអំពីរឿងផ្សេងទៀត ក្រៅពីរឿងស្នេហា ដែលវាជាចំនុចដ៏សំខាន់ក្នុងការរក្សាចំណងស្នេហ៍របស់អ្នក ឱ្យនៅគង់វង្សដែរឬទេ?

មនុស្សជាច្រើនមាន បទពិសោធន៍ខុសៗគ្នា បាននិយាយថា ការស្រឡាញ់តែម្យ៉ាង គឺមិនគ្រប់គ្រាន់ទេសំរាប់ទំនាក់ទំនងស្នេហា។ ពិតមែនហេីយ ការស្រឡាញ់គឺជាចំនុចស្នូលនៃចំណងស្នេហ៍របស់អ្នក ប៉ុន្តែវាមិនមែនជាធាតុសំខាន់តែមួយគត់ នៅក្នុងការធ្វើឱ្យទំនាក់ទំនង ដំណេីរការបានល្អនោះទេ។ ប្រសិនបើ អ្នកចង់សួរគូស្វាមីភរិយា ដែលនៅជាមួយគ្នាជាច្រើនទសវត្សមកហើយនោះ ពួកគេនឹងប្រាប់អ្នកនូវរឿងមួយផ្សេងទៀត ដែលត្រូវតែមាននៅក្នុងទំនាក់ទំនង៖ ការគោរព

ប៉ុន្ដែហេតុអ្វី ការគោរព គឺសំខាន់ខ្លាំងចំពោះរឿងនេះ? ខាងក្រោមនេះជាហេតុផលដែរ អ្នកគួរតែពិចារណា៖

១. ការគោរព៖ ការមើលឃើញតាមរយៈរឿងល្អៗ និងរៀនទទួលយករឿងអាក្រក់

នៅពេលដែល អ្នកស្រលាញ់នរណាម្នាក់ អ្វីដែលអ្នកឃើញ គឺជាគុណសម្បត្តិល្អបំផុត ទាំងក្នុង និងក្រៅ។ ស្របគ្នានេះផងដែរ អ្នកអាចនឹងមេីលរំលង គុណវិបត្តិ និងចំណុចខ្សោយ យ៉ាងច្រេីនរបស់គេ។ ប៉ុន្តែជាមួយការគោរព គឺមិនមែនបែបនេះទេ។

នៅពេលអ្នកគោរព មនុស្សដែលអ្នកស្រឡាញ់ នោះអ្នកនឹងទទួលយកទាំង គុណសម្បត្តិ និងគុណវិបត្តិ, ភាពជូរចត់ និងផ្អែមល្ហែម, ល្អនិងអាក្រក់។ ហើយដោយការទទួលយកនេះ អ្នកទាំងពីរនឹងរៀន សម្របសម្រួលគ្នា ដេីម្បីអាចរស់នៅជាមួយគ្នាបាន។ ការគោរព គឺជាថាមពលមួយដើម្បីរក្សាទំនាក់ទំនង ឱ្យដេីរទៅមុខកាន់តែល្អ និងឆ្ងាយ។

២. ការគោរព៖ បង្រៀនអ្នកអំពីតម្លៃនៃការអត់ធ្មត់ ជាពិសេសចំពោះដៃគូរបស់អ្នក

វាជាការលំបាកក្នុងការអត់ធ្មត់ នៅពេលមានស្នេហា ជាពិសេសនៅពេលដែលអ្នក ដឹងកាន់តែច្រេីនអំពី គុណវិបត្តិ និងឥរិយាបថមិនល្អរបស់ដៃគូរបស់អ្នក។ ដូចគ្នានេះផងដែរ មានករណីជាច្រើន នៅពេលដែលអ្នកមានអារម្មណ៍ថា អ្នកបានវិនិយោគជាច្រើនលើដៃគូ និងចំណងស្នេហ៍របស់អ្នករួចហើយ ហេតុដូច្នេះនៅពេលដែលមានជម្លោះកើតឡើង អ្នកអាចមានគំនិតថា នេះជាការចំណាយឥតបានការ។

ទោះយ៉ាងណាក៏ដោយ ជាមួយការគោរព អ្នកនឹងចេះអត់ធ្មត់ មិនត្រឹមតែជាមួយ ដៃគូរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏ចេះអត់ធ្មត់ជាមួយខ្លួនឯងផងដែរ។ អ្នកត្រូវរៀនដឹងថា គ្មានអ្នកណាល្អឥតខ្ចោះទេ ហើយអ្នកត្រូវចេះអត់ធ្មត់ ជាមួយរបៀបដែលអ្នកត្រូវដោះស្រាយ ក្នុងស្ថានភាពដែលមិនដូចការរំពឹងទុកផងដែរ។

ហើយដូចពាក្យគេនិយាយថា សេចក្ដីស្រឡាញ់ គឺជាការអត់ធ្មត់។ ហើយវា គឺជាការគោរព ដែលបង្រៀនអ្នកឱ្យចេះអត់ធ្មត់។

៣. ការគោរព៖ អនុញ្ញាតឱ្យអ្នកមានការអត់អោនច្រេីន, សូម្បីតែនៅពេលដែលអ្នកទាំងពីរលែងសូវជិតស្និទ្ធគ្នាក៏ដោយ

ប្រសិនបើ អ្នកធ្វើការស្ទង់មតិលើគូស្វាមីភរិយា ដែលបានរៀបការរយៈពេលយូរ នោះអ្នកនឹងមិនសូវបានឮពួកគេ និយាយថាស្រឡាញ់ទេ។ ផ្ទុយទៅវិញ អ្នកនឹងដឹងថា ពួកគេនឹងនិយាយអំពី «ការគោរព» ច្រើនជាង។

នេះគឺដោយសារតែស្នេហា នឹងអន់ថយបន្តិចម្តងៗ ទៅតាមពេលវេលា។ នៅពេលអ្នក និងដៃគូរបស់អ្នក ចំណាយពេលច្រើនជាមួយគ្នា នោះអ្នកនឹងមាន ទាំងពេលរីករាយ និងពេលឈ្លោះគ្នា ជាហេតុធ្វេីឱ្យអ្នកទាំងពីរផ្លាស់ប្តូរ។ អ្នកនឹងចាប់ផ្តេីមមាន អាកប្បកិរិយា និងអារម្មណ៍សម្រាប់គ្នាទៅវិញទៅមក ប៉ុន្តែស្ថានភាពនោះ ទាមទារឱ្យអ្នកនៅជាប់ជាមួយគ្នា ហើយបន្តដេីរទៅមុខទៀត។ រឿងទាំងនេះចំពោះជីវិតស្នេហា គឺជារឿងធម្មតា ដែលគេតែងនិយាយថា «ចានក្នុងរាវតែងតែប៉ះទង្គិចគ្នាអញ្ចឹងហេីយ» ប៉ុន្តែវាអាចត្រូវបានដោះស្រាយ ប្រសិនបើអ្នកទាំងពីរចេះ គោរពគ្នាទៅវិញទៅមក។

ជាមួយការគោរព អ្នកនឹងរៀនទទួលយក ការពិតដែលអាក្រក់ខ្លះៗ អំពីដៃគូរ និងទំនាក់ទំនងរបស់អ្នក ហើយបន្ទាប់មកទៀត អ្នកនឹងអាចរស់នៅជាមួយគ្នា ហើយស្វែងរកវិធីដើម្បីបន្ត និងធ្វើឱ្យអ្វីៗដំណើរការបានល្អ និងយូរអង្វែង។

៤. នៅពេលអ្នកមានការគោរព៖ អ្នកនឹងមិនត្រូវបានគេល្បួងឱ្យ ធ្វើអ្វីដែលអាចធ្វើឱ្យខូច ទំនាក់ទំនងរបស់អ្នកឡើយ

ខណៈពេលដែលនិយាយថា អ្នកនិងដៃគូរបស់អ្នក គឺកំពុងស្រឡាញ់គ្នាខ្លាំង នោះនឹងមានពេលខ្លះ ដែលអ្នកមានអារម្មណ៍ថា ត្រូវបានគេល្បួងឱ្យ ធ្វើអ្វីមួយដែលអាចធ្វើ ឱ្យខូចអារម្មណ៍ទាំងសងខាង។ អ្នកត្រូវបានល្បួងឱ្យបោកប្រាស់ ឬធ្វើការសម្រេចចិត្ត ដែលទាក់ទងនឹងដៃគូរបស់អ្នក ដោយមិនប្រាប់ពួកគេជាមុន។ រឿងទាំងនេះ នឹងនាំមកនូវការខូចខាត ដែលមិនអាចជួសជុលវិញបាន ដែលនឹងធ្វើអោយទំនាក់ទំនងរបស់អ្នក ដួលរលំនៅនឹងមុខរបស់អ្នកជាមិនខាន។

ប៉ុន្តែប្រសិនបើ អ្នកមានការគោរពចំពោះដៃគូ និងទំនាក់ទំនងរបស់អ្នក នោះអ្នកនឹងមិនគិតអំពីការលួចបន្លំ ឬសកម្មភាពដែលធ្វើ ឱ្យប៉ះពាល់ដល់អ្នកដទៃទេ ព្រោះអ្នកដឹងពីដែនកំណត់របស់អ្នក និងផលវិបាកនៃការធ្វេីបែបនេះ។ អ្នកគួរតែមានការព្រួយបារម្ភឱ្យបានច្រេីន ទៅលេីរបៀបដែលអ្នកទាំងពីរ ត្រូវធ្វេីដូចម្តេច ដេីម្បីការរីកចម្រេីន មិនត្រឹមតែជាគូស្នេហ៍មួយគូរនោះទេ ប៉ុន្តែជាលក្ខណៈបុគ្គលផងដែរ។

៥. ការគោរព៖ បង្កេីតជំនឿចិត្ត

នៅពេលដែលអ្នកគោរពនរណាម្នាក់ អ្នកនឹងទទួលស្គាល់ សមត្ថភាព និងដែនកំណត់របស់គាត់ដែរ។ ទន្ទឹមនឹងនេះដែរ អ្នកអាចកោតសរសេីរ លើគុណសម្បត្តិរបស់ពួកគេ និងផ្តល់ឱ្យពួកគេនូវទំនុកចិត្តច្រើន ក្នុងការដោះស្រាយស្ថានភាពផ្សេងៗ តាមរបៀបដែលពួកគេគួរដោះស្រាយ។ នេះក៏ដូចគ្នាផងដែរ ចំពោះដៃគូស្នេហារបស់អ្នក។ នៅពេលពួកគេគោរពគ្នាទៅវិញទៅមក ពួកគេក៏ជឿជាក់លើ សុខុមាលភាពរបស់គ្នាទៅវិញទៅមកផងដែរ ហើយពួកគេនឹងមិនធ្វើអ្វី ដែលអាចធ្វើឱ្យប៉ះពាល់ដល់ពួកគេ ដោយចេតនានោះទេ។

ទោះជាយ៉ាងណាក៏ដោយ ការជឿទុកចិត្ត គឺមានការរីកចំរើនបន្ថែមទៀត ដោយសេចក្ដីស្រឡាញ់ ហេតុដូច្នេះហើយបានជា អ្នកក្លាយជាមនុស្សតែម្នាក់ដែលផ្តល់ និងយល់ ចំពោះដៃគូរបស់អ្នក កាន់តែច្រេីនកាន់តែល្អ។ នេះក៏ជាមូលហេតុ ដែលអ្នកនឹងមានអារម្មណ៍ឈឺចាប់ខ្លាំង នៅពេលដៃគូរបស់អ្នក បំផ្លាញការជឿជាក់របស់អ្នក។ មិនតែប៉ុណ្ណោះ នៅពេលការជឿទុកចិត្តត្រូវបានខូច ហេីយនោះអ្នកក៏បាត់បង់ការគោរពផងដែរ។

៦. ការគោរព៖ បង្កេីតស្នេហាពិត

ជាចុងបញ្ចប់ ការគោរពនឹងបង្កើត ក្តីស្រលាញ់មួយដែលល្អបំផុត។ វាបង្កើតក្ដីស្រឡាញ់មួយ ដែលយល់ពីគ្នា និងទទួលយកមិនថា ចំនុចល្អឬអាក្រក់។ ស្នេហាដែលមានរយៈពេលយូរ គឺជាស្នេហាដែលអាច យកឈ្នះលើរាល់អារម្មណ៍សង្ស័យ និងជម្លោះ ដែលអ្នកនិងដៃគូមាន។

គ្រប់ទំនាក់ទំនងទាំងអស់ គឺសុទ្ធតែមាន ពេលល្អ និងពេលអាក្រក់, រីករាយ និងធុញទ្រាន់, សូម្បីតែពេលខ្លះ អ្នកអាចនឹងចង់បោះបង់ចោល។ ប៉ុន្តែជាមួយការគោរព គឺជារឿងសំខាន់បំផុត នៅក្នុងទំនាក់ទំនងរបស់អ្នក វានឹងមានភាពងាយស្រួលសម្រាប់អ្នក ក្នុងនាមជាគូស្វាមីភរិយា ដើម្បីប្រឈមមុខនឹងការលំបាកក្នុងជីវិត។ ចូរបង្កើនការគោរពដោយ ការសេចក្តីស្រឡាញ់ ការទុកចិត្ត និងការអត់ធ្មត់ បន្ទាប់មក អ្នកនឹងដឹងថាទំនាក់ទំនងស្នេហា គឺជាមនុស្សម្នាក់ដែលអ្នកត្រូវតែរក្សាឱ្យបាន។

ប្រភព៖ inspiringtips.com