ហេតុអ្វីបានជាមនុស្សជាច្រើនរស់នៅដោយមិនសប្បាយចិត្ត? ក៏ព្រោះតែពួកគាត់មិនបានស្រឡាញ់ខ្លួនឯងឱ្យច្រើនៗ។
មានពេលជាច្រើន ព្រោះតែអ្នកដទៃក៏ធ្វើឱ្យចិត្តខ្លួនឯងស្មុគស្មាញ បំផ្លាញថាមពលរបស់ខ្លួនឯងទៅវិញ។ តែងតែចង់បានការសរសើរពីអ្នកដទៃ ខំទៅយកចិត្តយកថ្លើមគេ នៅតែគេមើលមិនឃើញ មិនទទួលស្គាល់ ហើយពេលខ្លះថែមទាំងត្រូវបានគេយល់ច្រលំទៀតផង។
តាមពិតទៅ មិនមែនមកពីអ្នកមិនល្អទេ គឺវាមិនចាំបាច់ខំទៅធ្វើតម្រូវចិត្តគេថ្នាក់ហ្នឹងនោះទេ ត្រូវដឹងថា ទោះជាអ្នកធ្វើបានល្អហើយ ក៏គង់តែនៅមានមនុស្សស្អប់ អ្នកស្មោះត្រង់ដាក់គេអស់ពីពោះ ក៏គង់តែមានគេសង្ស័យ។
- រឿងដែលពិបាកបំផុតក្នុងលោកគឺ ទៅខ្ទប់មាត់មនុស្សមិនឱ្យនិន្ទា!
- រឿងដែលពិបាកស្មានគឺ ស្មានចិត្តរបស់មនុស្ស!
- អ្នកនៅស្ងៀមស្ងាត់ គេរិះគន់ថាអ្នកក្លែងធ្វើពុតជាខ្ពងខ្ពស់!
- អ្នករួសរាយរាក់ទាក់ គេរិះគន់ថាអ្នកទាមទារការចាប់អារម្មណ៍!
- អ្នករៀបចំខ្លួនសមសួនទាន់សម័យ គេរិះគន់ថាអ្នកចូលចិត្តសម្ញែង!
- អ្នកស្លៀកពាក់សាមញ្ញពេក គេរិះគន់ថាអ្នកធ្លាក់ខ្លួនក្រជិតដាច់បាយហើយ!
ដូច្នេះហើយ មិនថាអ្នកធ្វើបែបណានោះទេ នៅតែមានមនុស្សថានេះថានោះឥតឈប់។
មនុស្សយើងនេះណា គ្មានសមត្ថភាពឯណាទៅឱ្យមនុស្សមួយពិភពលោកមកស្រឡាញ់ចូលចិត្តយើងទេ។ ប៉ុន្តែយើងអាចរៀនគោរពខ្លួនឯង ទទួលស្គាល់នឹងឱ្យតម្លៃខ្លួន រៀនចេះគយគន់ខ្លួនឯងបាន។ ចូរស្រឡាញ់ខ្លួនឯងឱ្យច្រើនៗចុះ ពីព្រោះនៅទីបញ្ចប់ មនុស្សដែលនៅជុំវិញខ្លួន គឺនៅតែជាអ្នកដទៃដដែល។ គិតមើលថាពេលដែលយើងពិបាកចិត្ត បៀមទុក្ខ ឈឺចាប់ ខឹង គឺអត់មានអ្នកណាមកទទួលរ៉ាប់រងឈឺចាប់ជំនួសយើងបាន។ អត់មានអ្នកណាមកយល់ពីអារម្មណ៍ឈឺចាប់ដែលយើងកំពុងទទួលបាននោះទេ។ ពីព្រោះមនុស្សជុំវិញខ្លួនយើង គង់មានថ្ងៃដល់ពេលដែលត្រូវចាកចេញពីយើង។ អ្នកមើលៗ គឺមានតែយើងខ្លួនឯងម្នាក់ប៉ុណ្ណោះ មិនថាឋិតក្នុងស្ថានភាពបែបណា អារម្មណ៍បែបណា គឺនៅតែនៅកំដរខ្លួនឯងរហូតដល់ដង្ហើមចុងក្រោយ។
ខំចំណាយពេលទៅតម្រូវចិត្តអ្នកដទៃ សុខចិត្តចំណាយពេលមករៀនតម្រូវចិត្តខ្លួនឯងប្រសើរជាង។
យើងត្រូវជឿជាក់លើខ្លួនឯងថា យើងគឺជាជីវិតពេញលក្ខណៈ យើងមកដល់ពិភពលោកនេះគឺសុទ្ធតែមានតម្លៃ និងមានន័យ។
《ត្រូវស្រឡាញ់ខ្លួនឯងឱ្យច្រើនៗ》គឺជាមេរៀនសម្រាប់មនុស្សគ្រប់រូបត្រូវរៀន ជាពិសេសពេលធំពេញវ័យ និងពេលចាស់ជរា។
- ពេលនៅជាកូនង៉ែតកូនក្មេងមានអ្នកផ្តល់ក្តីស្រឡាញ់ឱ្យច្រើន ព្រោះតែគេមិនទាន់ចេះស្រឡាញ់ខ្លួនឯង។
- ពេលធំពេញវ័យត្រូវតែរៀនចេះស្រឡាញ់ខ្លួនឯង ដោយមិនរំពឹងចាំអ្នកដទៃមកផ្តល់ក្តីស្រឡាញ់ឱ្យទេ។
- ពេលចាស់ រឿងដែលសំខាន់បំផុតក្នុងជីវិតចុងក្រោយ គឺត្រូវស្រឡាញ់ខ្លួនឯង រឿងកូនចៅគឺគេមានផ្លូវដើរ មានវាសនារបស់គេរួចហើយ ជឿជាក់លើពួកគេថាពួកគេគឺមានសមត្ថភាពអាចដើរឆ្លងបាន។
- ពេលដែលខ្ញុំឈប់តម្រូវតាមចិត្តគេ ហើយងាកមករស់នៅតាមជីវិតរបស់ខ្ញុំជាខ្លួនខ្ញុំ ខ្ញុំរីករាយស្ងប់សុខជាងមុន៕
ប្រែសម្រួលដោយ ៖ សុខ គឹមទៀវ