បងប្អូនប្រុសស្រីកាន់តែច្រើន ត្រូវចេះគោរពគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះសម្រាប់រក្សាទំនាក់ទំនងល្អឱ្យបានយូរអង្វែង។
អ្វីដែលអស្ចារ្យបំផុតក្នុងលោក គឺការមានបងប្អូនក្រៅពីឪពុកម្ដាយ នោះគឺជាមនុស្សដែលនៅជាប់នឹងយើងខ្លាំងបំផុត ក៏ជាការគាំទ្រដ៏រឹងមាំសម្រាប់មនុស្សម្នាក់ៗពេញមួយជីវិតផងដែរ។ ទោះបីជាអាចមានជម្លោះខ្លះក៏ដោយ ក៏បងប្អូននៅតែសាច់ឈាមតែមួយ មានចំណងមិនអាចបំបែកបានឡើយ។
ទោះជាយ៉ាងណាក៏ដោយ ដើម្បីឱ្យទំនាក់ទំនងរវាងបងប្អូនបង្កើតមានភាពល្អប្រសើរឡើង វាទាមទារនូវភាពប៉ិនប្រសប់ ព្រំដែនដែលគួរគោរព និងមិនគួរឆ្លងកាត់។ នៅពេលដែលអាកប្បកិរិយារបស់អ្នកពិតជាធ្វើឱ្យពួកគេឈឺចាប់ វាអាចជាការលំបាកខ្លាំងណាស់ក្នុងការធ្វើឱ្យទំនាក់ទំនងត្រឡប់មកដូចដើមវិញ។ ដូច្នេះ រវាងបងប្អូនប្រុសស្រី បើចង់បានទំនាក់ទំនងជាបងប្អូនល្អ ត្រូវចាំពាក្យ ៣ ឃ្លាខាងក្រោមនេះ ៖
១. កុំជ្រៀតជ្រែកក្នុងជីវិតស្នេហារបស់បងប្អូន
អ្នករាល់គ្នាមានមាគ៌ារៀងខ្លួនក្នុងការដើរ ហើយទោះកើត និងធំក្នុងគ្រួសារតែមួយក៏ដោយ ក៏អ្នកនៅតែត្រូវរស់នៅក្នុងជីវិតរបស់ខ្លួនឯងរៀងៗខ្លួនដែរ។ ដូច្នេះ អ្នកត្រូវតែចងចាំថា ត្រូវតែមានចម្ងាយជាក់លាក់រវាងមនុស្សពីរនាក់ ដោយផ្តល់ឱ្យគ្នាទៅវិញទៅមកនូវកន្លែងទំនេរ និងឯករាជ្យ។ មនុស្សគ្រប់រូបនឹងមានជីវិត ផ្លូវអារម្មណ៍រៀងៗខ្លួន កុំជ្រៀតជ្រែកក្នុងជីវិតស្នេហារបស់អ្នកដទៃ សូម្បីតែជាបងប្អូនបង្កើតក៏ដោយ។
ដៃគូជីវិតរបស់អ្នកគឺជាជម្រើសរបស់អ្នក។ បេះដូងរបស់អ្នកលោតញាប់យ៉ាងណា មានអារម្មណ៍យ៉ាងណា មានតែអ្នកទេដែលដឹងច្បាស់បំផុត។ អ្វីដែលយើងចង់បានបំផុតគឺពរជ័យ និងការគាំទ្រ ប្រសិនបើអាចធ្វើទៅបានពីសមាជិកគ្រួសាររបស់យើង។ ត្រូវមានសន្តិភាពជាមួយគ្នាដោយស្មោះស្ម័គ្រ ដោយផ្តល់ការគោរពឱ្យគ្នាទៅវិញទៅមកឱ្យបានគ្រប់គ្រាន់ និងកន្លែងទំនេរ នេះគឺជាអ្វីដែលអ្នកគួរតែធ្វើ បើអ្នកពិតជាបងប្អូនដែលស្រឡាញ់ បារម្ភពីគ្នាពិតមែន។
២. កុំជ្រៀតជ្រែកជ្រៅពេក កុំសម្រេចចិត្តជំនួសបង ឬប្អូនរបស់អ្នក
ការនិយាយអំពីអារម្មណ៍រវាងបងប្អូនបង្កើត ជាការពិត ការចេះបញ្ចេញគំនិតផ្ទាល់ខ្លួន និងវិភាគបញ្ហាជាមួយគ្នា និងផ្តល់យោបល់គ្នាទៅវិញទៅមក នឹងជួយឱ្យទំនាក់ទំនងកាន់តែរឹងមាំ និងយូរអង្វែង។ ទោះយ៉ាងណាក៏ដោយ ត្រូវតែមានតុល្យភាពនៅក្នុងអ្វីគ្រប់យ៉ាង។ ក្នុងនាមជាសមាជិកគ្រួសារ សូមផ្តល់មតិស្ថាបនានៅពេលចាំបាច់ កុំជ្រៀតជ្រែកច្រើនពេក ហើយគ្រាន់តែចង្អុលបង្ហាញថានរណាម្នាក់ត្រូវតែធ្វើអ្វីដែលពួកគេចង់បាន។
បុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗមានភាពខុសប្លែកគ្នា ហើយពេលខ្លះសូម្បីតែនៅក្នុងទំនាក់ទំនងជិតស្និទ្ធបំផុតក៏ដោយ អ្នកមិនអាចធ្វើការជ្រើសរើសជំនួសអ្នកដទៃបានទេ។ អ្វីដែលអ្នកត្រូវធ្វើ គឺជួយពួកគេនៅពេលដែលពួកគេត្រូវធ្វើការសម្រេចចិត្ត មិនមែនចង្អុលទៅផ្លូវនេះ ឬបែបនោះ ចង់ឱ្យអ្នកផ្សេងគិតតាមទស្សនៈរបស់អ្នកបានឡើយ។
នៅពេលអ្នកជ្រៀតជ្រែកជ្រៅពេកក្នុងជម្រើសជីវិតរបស់បុគ្គលណាម្នាក់ ទោះបីជាអ្នកធ្វើវាដោយចេតនាល្អក៏ដោយ អ្វីទាំងអស់ដែលពួកគេយល់ឃើញ គឺជាអំពើតាមអំពើចិត្ត។ សម្រាប់ពួកគេ អ្នកគឺជាគ្រួសារ ហើយអ្នកគួរឱ្យទុកចិត្តណាស់។ ទុកឱ្យពួកគេរស់នៅ និងជួយពួកគេតាមដែលអាចធ្វើទៅបាន មិនមែនសម្រេចចិត្តជីវិតអ្នកដទៃឡើយ។
៣. កុំខ្ចីលុយងាយៗ
ក្ដីស្រឡាញ់រវាងបងប្អូនប្រុសស្រី គឺជារឿងដ៏ពិសិដ្ឋ និងស៊ីជម្រៅណាស់ កុំឱ្យពាក្យសម្ដីពីរចូលគ្នា។ ពេលសេពគប់បងប្អូន កុំងាយខ្ចីលុយខ្លាំងពេក។ ទោះបីជាពេលខ្លះវាចាំបាច់ខ្លាំងក៏ដោយ ក៏អាកប្បកិរិយាបែបនេះ មិនអំណោយផលដល់ការរាប់អានជាបងប្អូននោះទេ។
ដឹងថាអ្នករាល់គ្នាមានការលំបាករៀងខ្លួន គ្រាន់តែថាគេនិយាយឬអត់តែប៉ុណ្ណោះ។ កុំគ្រាន់តែឈរនៅម្ខាងរបស់អ្នក ហើយគិតថាវាចាំបាច់។ ទោះបីជាពួកគេជាសមាជិកគ្រួសាររបស់អ្នកក៏ដោយ ពួកគេសុខចិត្តចែករំលែកដើម្បីជួយអ្នក ប៉ុន្តែនៅពេលដែលខ្ចីលុយម្ដងហើយម្ដងទៀត ជាញឹកញយដងគ្មាននរណាម្នាក់នឹងមានអារម្មណ៍ស្រួលនោះទេ។
លុយគឺជាអ្វីដែលធ្វើឱ្យអារម្មណ៍ឈឺចាប់បំផុត។ នៅក្នុងទំនាក់ទំនងណាមួយ នៅពេលដែលអ្នកខ្ចីលុយពីពេលមួយទៅពេលមួយ ទំនាក់ទំនងនោះនឹងកាន់តែមានភាពខើចខ្លីទៅៗ។ អ្នកផ្សេងទៀតនឹងសួរសំណួរថា តើអ្នកមករកពួកគេក្នុងទំនាក់ទំនងនេះគ្រាន់តែដើម្បីលុយតើមែនទេ? ប្រសិនបើអ្នកខ្ចីលុយហើយសងវិញទាន់ពេល វាជារឿងមួយផ្សេងទៀត។ បើមិនដូច្នេះទេ ភាគីម្ខាងទៀតនឹងមានភាពឆ្គាំឆ្គង នៅពេលដែលពួកគេមិនដឹងថាត្រូវចាប់ផ្តើម ឬអនុញ្ញាតឱ្យអ្នកបង់ប្រាក់ដោយស្ម័គ្រចិត្ត។
ដូច្នេះដើម្បីរក្សាទំនាក់ទំនងល្អជាមួយបងប្អូន សូមកុំខ្ចីលុយដោយងាយខ្លាំងពេក។ លុះត្រាតែចាំបាច់ អ្នកគួរតែសុំជំនួយពីអ្នកដទៃ ហើយពិចារណាពីប្រភពដើមទុនដែលអ្នកអាចខ្ចី ជំនួសឱ្យការខ្ចីប្រាក់ពីបងប្អូន ដែលជាការងាយស្រួលបំផុត។ ពេលចុះសម្រុងជាមួយសមាជិកគ្រួសារ ចូរបើកចិត្តឱ្យទូលាយ ហើយកុំបាត់បង់ទំនុកចិត្តពីអ្នកដែលនៅជិតអ្នកបំផុត ដោយសារតែការធ្វេសប្រហែសរបស់អ្នក៕
ប្រភព ៖ Phunutoday / Knongsrok