រឿង ២ យ៉ាង បើសិនជាអាច កុំនិយាយប្រាប់អ្នកណា ទោះស្និទ្ធស្នាលយ៉ាងណាក៏ដោយ

ក្នុងសង្គមបច្ចុប្បន្នយើងនេះ អ្វីដែលអាចធ្វើបានគឺ ប្រុងប្រយ័ត្ន យើងមិនអាចទៅថាអ្នកនេះអាក្រក់ អ្នកនោះមិនល្អ ឬថាគេក្បត់ បោកប្រាស់យើងបានទេ មនុស្សដែលអាចក្បត់ និងបោកប្រាស់យើងបាន គឺជាមនុស្សដែលយើងទុកចិត្តបំផុត ហើយការដែលគេអាចធ្វើបាប និងបោកប្រាស់យើងបាន ក៏ដោយសារតែយើងនេះឯង ផ្ដល់ឱកាស ជឿជាក់ និងទុកចិត្តគេខ្លាំងពេក។ យ៉ាងណាមិញ ការរស់នៅប្រចាំថ្ងៃ ជាមួយនឹងមនុស្សមួយចំនួន បើអាច​ កុំនិយាយរឿងទាំង ៣ យ៉ាងនេះប្រាប់គេឱ្យសោះ មិនមែនថាយើងនេះចង់លាក់បាំងអ្វីនោះទេ តែមនុស្សខ្លះ គឺ​មិនគួរដឹង ហើយរឿងទាំង ៣ ហ្នឹង គឺមិនត្រូវនិយាយនោះឡើយ។

១. រឿងមិនល្អក្នុងគ្រួសារ បញ្ហាវាងប្ដីប្រពន្ធ

1

មនុស្សជួបមុខគ្នា មិនខ្វះទេរឿងដែលត្រូវនិយាយ បើគ្មានអ្វីនិយាយទេ ក៏និយាយរឿងហូបចុក ហាងនេះឆ្ងាញ់ ម្ហូបនេះទំនង តែកុំយករឿងក្នុងគ្រួសារ បញ្ហារបស់ប្ដីប្រពន្ធខ្លួនឯង ទៅនិយាយ រអ៊ូរទាំ ឬសុំយោបល់ពីគេឱ្យសោះ ទោះយ៉ាងណា ក៏នៅតែជាគ្រួសារយើង ឈ្លោះទាស់បែបណា ក៏នៅតែជាប្ដីប្រពន្ធយើង ឈ្លោះថ្ងៃនេះ ស្អែកគង់តែត្រូវគ្នាវិញ អ្វីដែលយើងនិយាយចេញទៅ យើងប្រាកដជាភ្លេច តែអ្នកដែលស្ដាប់ គេមិនភ្លេចទេ បើគេនោះល្អ គេស្ដាប់ហើយ ទុកក្នុងចិត្ត តែបើគេមានគំនិតមិនល្អ គេច្បាស់ជាយករឿងយើងទៅនិយាយប្រាប់អ្នកដទៃ ចុងក្រោយ គេច្បាស់ជាដឹងឮគ្រប់គ្នា ហើយទីបំផុត រឿងនោះក៏ត្រឡប់មកគ្រួសារយើងវិញ ដឹងដល់ប្ដីយើងប្រពន្ធយើង ច្បាស់ជាឈ្លោះគ្នាជាថ្មីមិនខាន។

២. រឿងដែលយើងសោកស្ដាយ

2

មិនថាជារឿងអ្វីក៏ដោយ បើយើងនៅនឹក នៅស្ដាយ ចងចាំ ហើយទុកវាក៏ចិត្ត បិទមាត់ កុំនិយាយប្រាប់អ្នកដទៃ ព្រោះថា បើយើងនិយាយអំពីអ្វីដែលធ្វើឱ្យយើងស្ដាយប្រាប់គេ ​គេនឹងចាំទុក ហើយគេនឹងដឹងពីចំណុចខ្សោយរបស់យើង ថ្ងៃក្រោយទៅ បើមិនត្រូវគ្នា គេអាសចនឹងយករឿងរបស់យើង មកធ្វើបាបយើងវិញមិនខាន។

រឿងខ្លះ ដឹងច្បាស់ថាយើងនឹកស្ដាយ យើងខូចចិត្ត យើងឈឺចិត្ត តែមិនបាច់ទៅគិត រឹតតែមិនបាច់និយាយដដែលៗ ប្រាប់អ្នកណា ពីអារម្មណ៍របស់យើងទេ បច្ចុប្បន្ននេះ មនុស្សភាគច្រើន គេមិនខ្វល់ពីអារម្មណ៍យើងឡើយ គេដឹងតែម្យ៉ាងថា​ ចាំតែថ្ងៃណាយើងភ្លេចខ្លួន គេនឹងវាយបក សើចចំអកមកយើងវិញតែប៉ុណ្ណោះ។

លើសពីនេះ មិនត្រឹមតែថារឿងទាំង ២ នេះ មិនគួរនិយាយប្រាប់គេនោះទេ វារឹតតែសំខាន់​ ដែលយើងខ្លួនឯងនេះ មិនគួរទៅសួរនាំរឿងទាំង ២ យ៉ាងនេះពីអ្នកដទៃ ព្រោះវាមិនបានពាក់ព័​ន្ធអ្វីនឹងយើងឡើយ ហើយបើមានអ្នកណាមកនិយាយប្រាប់យើងដោយខ្លួនឯង ស្ដាប់ហើយ ទុកក្នុងចិត្តទៅ បើមិនបានជួយអ្វីដល់គេទេ កុំតែយករឿងគេទៅនិយាយបន្តទៅបានហើយ ព្រោះថា ការដែលគេនិយាយប្រាប់យើង ក៏ព្រោះតែគេចង់និយាយឱ្យបានធូរចិត្ត គេប្រាប់យើង ក៏ព្រោះតែគេទុកចិត្តយើងហើយ ដូច្នេះ បើគេទុកចិត្តយើងបែបនេះ កុំទៅបំផ្លាញទំនុកចិត្តគេឱ្យសោះ ៕

អត្ថបទ ៖ លីម បញ្ញា / មនុស្សចុងក្រោយ / ក្នុងស្រុក