មនុស្សដែលឆ្លាតវៃ ច្បាស់ណាស់ថា គេដឹងនូវអ្វីដែលគួរនិយាយ និងអ្វីដែលគួររក្សាភាពស្ងៀមស្ងាត់។ យ៉ាងណាមិញ ៩ ចំណុចខាងក្រោមនេះ គឺជាចំណុចខ្លាំងរបស់មនុស្សឆ្លាត។
១. មិននិយាយអ្វីងាយៗឡើយ
មនុស្សឆ្លាត តែងមានការគោរពចំពោះពាក្យសម្ដីដែលខ្លួននិយាយណាស់ អ្វីដែលគេនិយាយហើយ គឺគេត្រូវតែធ្វើ អ្វីដែលគេមិនធ្វើ ឬធ្វើមិនបាន ដាច់ខាត គេមិនសន្យាឡើយ។ ម្យ៉ាងទៀត មនុស្សឆ្លាតមិននិយាយអ្វីចេញមកងាយៗ ព្រោះតែគេមិនចង់ឱ្យមនុស្សដែលស្ដាប់ហើយ បែរជាមានអារម្មណ៍មិនល្អ ឬក៏បាត់បង់ជំនឿចិត្តចំពោះគេជាដាច់ខាត។
២. មិននិយាយអ្វីដែលមិនសមហេតុផល
អ្នកដែលមិនដឹងពីទម្ងន់នៃរឿង ឬបញ្ហា គឺជាមនុស្សល្ងង់។ មនុស្សឆ្លាត គេចេះបែងចែក និងយល់ពីហេតុផលច្បាស់លាស់ ពិតប្រាកដ មិនមែនចេះតែម៉ុំាងៗ និយាយតាមតែអំពើចិត្ត ចំពោះរឿងដែលកើតឡើង ដោយគ្មានហេតុផលនោះឡើយ។
៣. មិននិយាយអ្វីត្រង់ពេកឡើយ
និយាយពាក្យពិត ស្មោះត្រង់ គឺជារឿងសំខាន់ តែយ៉ាងណា មនុស្សឆ្លាត មិនធ្វើរឿងនេះទេ ព្រោះគេចេះមើលកាលៈទេសៈ ដូច្នេះ គេអាចបែងចែកនូវពាក្យពិត និងភាពស្មោះត្រង់ គួរប្រើចំពោះអ្នកណា និងប្រើនៅពេលណា។
៤. កុំនិយាយខ្លាំងៗ
មនុស្សឆ្លាតចេះប្រើពាក្យសម្ដី ល្អ ពីរោះ មិនមែនចេះតែស្ដោះសម្ដីចេញមកដោយកំហឹង កំរោល ស្រែកសម្លុត បន្ទោសមនុស្សជុំវិញខ្លួននោះឡើយ។ មនុស្សឆ្លាត តែងតែឥរិយាបថទន់ភ្លន់នៅពេលនិយាយស្ដី។
៥. មិននិយាយរឿងអាថ៌កំបាំង
នៅពេលនរណាម្នាក់ទុកចិត្តអ្នក ហើយចែករំលែកអ្វីមួយជាឯកជន មនុស្សឆ្លាតតែងរក្សាអាថ៌កំបាំងនោះបានយ៉ាងល្អបំផុត។ ពេលនិយាយដល់អ្នកដទៃ វាសំខាន់ណាស់ដែលមិនត្រូវនិយាយបកអាក្រាត ឬនិយាយដើមគេទេ។ នេះជាបញ្ហាសីលធម៌ និងចរិត។ ពេលដែលរឿងមិនច្បាស់លាស់កុំនិយាយ វាងាយនឹងប៉ះពាល់ដល់អ្នកពាក់ព័ន្ធយ៉ាងធ្ងន់ធ្ងរ។
៦. មិននិយាយពាក្យអាក្រក់
មនុស្សឆ្លាត មិននិយាយពាក្យប្រមាថមើលងាយអ្នកដទឡើយ។ មានពាក្យចាស់ពោលថា របួសដោយកាំបិតងាយនឹងជាសះស្បើយ តែរបួសដោយពាក្យសម្ដីពិបាកព្យាបាល។ ពាក្យអាក្រក់អាចបង្កគ្រោះថ្នាក់ផ្លូវចិត្តជាងការប៉ះពាល់ដល់រាងកាយ។
៧. មិននិយាយអួតអាង
មនុស្សក្រអឺតក្រទម តែងតែគិតថាខ្លួនត្រូវ។ បុគ្គលដែលតែងតែបង្ហាញសមត្ថភាពនឹងបាត់បង់ការងារ បុគ្គលដែលតែងតែគិតអំពីខ្លួនឯងនឹងមិនអាចកែលម្អបានឡើយ។ បុគ្គលដែលនិយាយអួតអាង ជាមនុស្សល្ងង់ មិនថាអ្នកណា ធ្វើអ្វីក៏ដោយ តែងប៉ះពាល់ដល់ការលូតលាស់របស់ខ្លួន ធ្វើឱ្យអ្នកដទៃកាន់តែស្អប់ខ្ពើម។
៨. មិននិយាយបង្កាច់បង្ខូច
ពាក្យបង្កាច់បង្ខូច គឺនិយាយពាក្យអាក្រក់ពីក្រោយខ្នងរបស់អ្នក ផ្សព្វផ្សាយរឿងមិនពិត ឬបង្កាច់បង្ខូចអ្នកដទៃដោយអំពើអាក្រក់។ អ្នកបង្កាច់បង្ខូចគឺជាអ្នកតូច។ កុំនិយាយអាក្រក់ពីអ្នកដទៃពីក្រោយខ្នង ព្រោះវានឹងធ្វើឱ្យអ្នកដទៃ និងខ្លួនឯងមិនស្រួល។
៩. មិននិយាយពេលខឹង
មិននិយាយពេលខឹង ព្រោះអ្វីដែលអ្នកនិយាយពេលនេះ អាចធ្វើឱ្យអ្នកដទៃឈឺចាប់ និងខ្លួនឯងស្ដាយក្រោយ។ ពាក្យសម្ដីប្រៀបដូចជាទឹកក្នុងចាន បើជះចោលហើយ យកមកវិញមិនបានទេ។ ពេលយើងខឹង យើងមិនអាចគ្រប់គ្រងពាក្យសម្ដីរបស់យើងបានទេ អ្វីដែលយើងនិយាយប្រហែលជាមិនពិតដូចការគិតធម្មតាទេ។
នៅពេលអ្នកខឹង ចូរយកក្រដាសទទេមួយសន្លឹកចេញ ហើយសរសេរគំនិតរបស់អ្នក ឬគំនូរធម្មតាដែលមិនធ្វើតាមរចនាប័ទ្មណាមួយ។ នេះនឹងជួយអ្នកគ្រប់គ្រងកំហឹងរបស់អ្នកបានកាន់តែប្រសើរ។ យ៉ាងណាមិញ ចូរបត់ក្រដាសចូលទៅក្នុងយន្តហោះ ហើយហោះវាទៅឆ្ងាយ ដូចជាអ្នកកំពុងកម្ចាត់គំនិតអវិជ្ជមាននៅក្នុងក្បាលរបស់អ្នក៕
ប្រភព ៖ Phunutoday / Knongsrok