ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាព្រះរាជបុត្រ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ និងសម្ដេចព្រះរាជអគ្គមហេសី នរោត្ដម មុនីនាថសីហនុ។ ទ្រង់ជានិច្ចជាកាលតែងសៀតស្លឹកព្នៅបីស្លឹកក្នុងពេលប្រារព្ធពិធីបុណ្យប្រពៃណីជាតិធំៗជាពិសេសគឺ ព្រះរាជពិធិគ្រងព្រះរាជសម្បត្តិតែម្តង ។
ចុះតើអ្នកដឹងទេ? ហេតុអ្វី បានជាព្រះមហាក្សត្រសៀតស្លឹកនេះ ក្នុងពេលប្រារព្ធពិធីបុណ្យប្រពៃណីជាតិម្តងៗ?
យោងតាមការបកស្រាយលម្អិតយ៉ាងក្បោះក្បាយរបស់គណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា IMan-KH បានរៀបរាប់ឲ្យដឹងថា៖
« ក្នុងព្រះរាជពិធីតាមទំនៀមមក តើអង្គព្រះមហាក្សត្រទ្រង់សៀតស្លឹកអ្វីនៅព្រះការណ៌ (ត្រចៀក) និងដើម្បីអ្វី?
នេះគឺជាស្លឹកព្នៅ ស្លឹកព្នៅមួយទងមានបីស្លឹក តំណាងត្រៃវេទមកុដពេជ្រ តំណាងអាទិទេព មហានគរបីព្រះអង្គ គឺ ព្រះសិវៈ ព្រះវិស្ណុ និង ព្រះព្រហ្ម។
អាទិទេពទាំងបីអង្គបង្រួមចូលគ្នានៅលើទងតែមួយ មិនបែកគ្នាបង្ហាញពីការរួបរួមសាមគ្គីនៃអានុភាព សិរីមង្គល ឈ្នះអស់មារសត្រូវ។ អាទិទេពទាំងបីអង្គតំណាង អតីតបុព្វបុរស និង ទេពនៃចក្រវាឡ។ ជាពិសេសចាស់២ បុរាណខ្មែរ ឲ្យដាំដើមព្នៅក្បែរផ្ទះកាពារ អមនុស្ស ខ្មោចបិសាច និងជាសិរីមង្គលក្នុងភូមិស្ថាន។ ដោយនៅក្នុងនោះព្នៅក៏ជាឱសថបុរាណខ្មែរដ៏ពូកែផងដែរ »។
ចំណែកឯកសារជាច្រើនទៀត បានឲ្យដឹងថា ស្លឹកព្នៅសព្វថ្ងៃ នៅតែប្រើក្នុងទំនៀមក្សត្រ។ នៅក្នុងព្រះបរមរាជវាំងភ្នំពេញ ក៏មានដើមព្នៅដែរ ដ្បិតក្នុងកិច្ចពិធីខ្លះ បារគូ (ដែលជាពូជពង្សព្រាហ្មណ៍) ត្រូវយកស្លឹកព្នៅ មកថ្វាយព្រះករុណា ជាអម្ចាស់សៀតនឹងព្រះកាណ៌។
ដោយឡែក ស្លឹកព្នៅ មានឈ្មោះរុក្ខជាតិជាឡាតាំងថា Aegle marmelos។ នៅប្រទេសឥណ្ឌា គេច្រើនហៅឈ្មោះ តាមពាក្យសំស្ក្រឹតថា Bilva ។ ឥណ្ឌាគោរពរុក្ខជាតិនេះណាស់ ដ្បិតគេយល់ថា ជាដើមឈើព្រះឥសូរ អ្នកខ្លះរហូតដល់អះអាងថា ព្រះឥសូរគង់នៅគល់ ឬឫសដើមនេះទៀតផង។ ដូច្នេះហើយគេតែងឃើញ មានដើមព្នៅនៅតាមបូជនីយដ្ឋាន ព្រះឥសូរ មាននៅតាមប្រាសាទបុរាណជាដើម។
បើយើងពិនិត្យស្លឹកព្នៅ ឲ្យមែនទែន ពេលដែលទើបនឹងលាស់នោះ យើងនឹងឃើញថា មួយសន្លឹកធំ ដែលឈរតែងតែមាន សន្លឹកពីរទៀត តូចជាងនោះ នៅឯបផ្តេកទៅសងខាង ។ ទងមួយ បែកជាបីសន្លឹកនេះឯងហើយ ដែលធ្វើឲ្យគេប្រៀបទៅនឹង ព្រះនេត្រព្រះឥសូរ ដែលតែងតែមានបី (ផ្តេកពីរនិងបញ្ឈរកណ្តាលថ្ងាសមួយ)។
មានចំណុចមួយចំនួនទៀត ដែលត្រូវសង្កេត គឺថា ព្នៅប្រហែលជាមាន ប្រភេទខុសគ្នាខ្លះៗ ទៅទៀត តែពុំទាន់មានការសិក្សា ពីរុក្ខជាតិវិទូនៅឡើយ បើពោលពីប្រទេសកម្ពុជា។ យើងស្មានដូច្នេះ បានដោយឃើញថា ជួនកាលសន្លឹក មានរាងខុសគ្នាបន្តិចបន្តួច ពីដើមមួយទៅដើមមួយ។
គួរឱ្យដឹងផងដែរថា ការសៀតស្លឹកព្នៅក្នុងពិធីសំខាន់ៗបែបនេះ សូម្បីតែប្រទេសថៃក៏មានការអនុវត្តិបែបនេះដែរ ដោយយើងអាចសង្កេតឃើញតាមរយៈកម្មវិធីគ្រងរាជសម្បត្តិៗថ្មីៗនេះមហាក្សត្រប្រទេសថៃជិតខាងយើង៕
អត្ថបទដកស្រង់ប្រភពពី yosothor.org និង den-sharing