មនុស្សស្រលាញ់គ្នា ទាក់ទងគ្នា ក៏មិនប្រាកដថា អាចបានយូរអង្វែង មានអនាគតល្អជាមួយគ្នានោះឡើយ ... យ៉ាងណាក៏ដោយ គូស្នេហ៍ដែលមានចរិតទាំង ៤ ប្រភេទខាងក្រោមនេះ គឺមិនអាចទៅមុខជាមួយគ្នាបានយូរឡើយ មុន និងក្រោយ គង់តែបែកគ្នាមិនខាន។
១. គូដែលមានទស្សនៈខុសគ្នាទាំងស្រុង
នេះទាមទារឱ្យមានការយល់ស្របគ្នាទៅវិញទៅមក ប៉ុន្តែយ៉ាងហោចណាស់ ភាគីទាំងពីរអាចស្វែងរកចំណុចរួម ខណៈពេលដែលរក្សាភាពខុសគ្នា។ ប៉ុន្តែយ៉ាងណាមិញ ក៏មានគូស្នេហ៍ខ្លះ ដែលមានទស្សនៈផ្ទុយគ្នាទាំងស្រុង។
ពួកគេប្រព្រឹត្តចំពោះមនុស្ស និងរបស់របរតាមរបៀបផ្សេងគ្នាទាំងស្រុង ដូច្នេះក្នុងជីវិតពួកគេ តែងតែឈ្លោះប្រកែកគ្នាអំពីរឿងតូចតាច។ ចំពោះគូស្នេហ៍បែបនេះ បើហ៊ានតែរៀបការ ច្បាស់ណាស់ថា នឹងត្រូវឈ្លោះគ្នាគ្មានលស់ថ្ងៃឡើយ។
ឧទាហរណ៍៖ អ្នកកំពុងជជែកគ្នាអំពីស្ថានភាពរឿងរ៉ាវណាមួយ ម្ខាងមើលឃើញរឿងនោះលើផ្លូវវិជ្ជមាន ម្ខាងទៀតមើលឃើញលើផ្លូវអវិជ្ជមាន ហើយមិនមានម្ខាងព្យាយាមបត់ ឬសម្របទៅតាមគ្នា នាំឲ្យនិយាយគ្នាចុះ។ ការបន្តទាក់ទងគ្នារបៀបនេះ ជាញឹកញយតែងប៉ះមាត់ប៉ះពាក្យ ហើយយូរទៅ នឹងនាំឲ្យកើតមានអារម្មណ៍មិនល្អ សឹងតែថា ជួបមុខលែងចង់និយាយ ព្រោះហាអ្វី និយាយអ្វី ក៏តែងតែខុស តែងតែនិយាយមិនចូលគ្នា។
២. មានស្ថានភាពគ្រួសារខុសគ្នាខ្លាំង ហើយមិនមានគំនិតសុទិដ្ឋិនិយម
ទោះបីជាការរៀបការ អាស្រ័យលើមនុស្សពីរនាក់ក៏ពិតមែន ប៉ុន្តែអាពាហ៍ពិពាហ៍ត្រូវតែមានគ្រួសារទាំងពីរដឹងឮ និងទទួលស្គាល់ដែរ។ ប្រសិនបើផ្ទៃខាងក្រោយខុសគ្នាខ្លាំងពេក ទិដ្ឋភាពនៃភាគីទាំងពីរ ក៏នឹងខុសគ្នាដោយចៀសមិនរួច។
ឧទាហរណ៍ ស្ត្រីធ្លាប់ជាអ្នកមាន បុរសជាកូនក្នុងគ្រួសារក្រីក្រ។ ប្រសិនបើអ្នកទាំងពីរនេះមកចាប់ដៃរស់នៅជាមួយគ្នា វានឹងពិបាកក្នុងការផ្សះផ្សាគ្នានាពេលអនាគត។ ថ្ងៃនេះមិនអី ក៏មិនប្រាកដថាទៅថ្ងៃមុខអាចឆ្លងផុតរហូតនោះដែរ ពេលជួបជុំបងប្អូន សាច់ញាតិជិតឆ្ងាយ ក៏តែងមានគេសួរនាំ មានគេនិយាយបែបនេះ បែបនោះ តើឲ្យម្ខាងទៀត បន្តឆ្លងកាត់ដោយរបៀបណា។
បែបនេះស្នេហា ពេលខ្លះមិនអាចបង្ខំទៅឈោងខ្ពស់ ឬចាប់ទាបពេក បានទេ អ៊ីចឹងមានតែទទួលយក ទៅតាមរបៀប ទៅតាមផែនជីវិត ឬធម្មជាតិដែលបានផ្តល់ឲ្យអ្នក។
៣. គូស្នេហ៍ដែលគ្មានភាពស្មោះត្រង់
ទំនាក់ទំនងតែងតែទាមទារភាពស្មោះត្រង់។ ប្រសិនបើនរណាម្នាក់ធ្វើអ្វីមួយខុស ដូចជាការក្បត់ដៃគូម្ខាងទៀត នោះទំនាក់ទំនងមុននិងក្រោយ ក៏ត្រូវតែបញ្ចប់។ ទោះជាយ៉ាងណាក៏ដោយ ពេលខ្លះ មានមនុស្សឆោតល្ងង់ ផ្តល់ឱកាសឲ្យគ្នាទៅវិញទៅមក ធ្វើឱ្យខ្លួនឯងពិបាកចិត្ត ជ្រើសរើសអភ័យទោស រំពឹងឱ្យអ្នកផ្សេងប្រែចិត្ត និងកែប្រែ។ ប៉ុន្តែក៏មានស្នេហាខ្លះ គឺជាមនុស្សដែលមានឱកាសច្រើន ហើយនៅតែធ្វើខុសដដែល។
៤. គូស្នេហ៍ដែលមិនទុកចិត្តគ្នា
មិនមែននិយាយតែប្ដីប្រពន្ធទេ សូម្បីតែការប្រាស្រ័យទាក់ទងគ្នា ក៏ទាមទារឱ្យមានការជឿជាក់ចំពោះគ្នាផងដែរ។ បើគ្មានការទុកចិត្តទេ ភាគីម្ខាងទៀតមិនជឿអ្វីឡើយ វាតែងមានរឿងប្លែកៗលាក់បាំងដែលអ្នកមិនអាចដឹង។ តាមការពិត ទំនាក់ទំនងបែបនេះ គឺមិនអាចបន្តទៅមុខ មិនគួរនឹងចាប់ផ្តើមតាំងពីថ្ងៃដំបូងដែលស្គាល់គ្នា។
ការព្យាយាមបន្តរស់នៅ ដោយមិនទុកចិត្តគ្នា ក៏គង់តែប៉ះមាត់ ឬម្ខាងដែលមិនទុកចិត្តនោះ មានចិត្តមិនស្ងប់ ហត់តែខ្លួនឯង យូរទៅនឹងជិនណាយ ដើរចេញដោយគ្មានអ្នកបង្ខំ។ រួចអ្នកដែលឈឺចាប់ គឺអ្នកដែលអង្គុយមិនទុកចិត្តគេនោះឯង រីឯអ្នកដែលមិនត្រូវទទួលបានការទុកចិត្ត គឺគិតតែឃើញការសប្បាយ រីករាយនឹងជីវិតដែលមាន ព្រោះបើគេ ចេះខ្លាចម្ខាងអន់ចិត្ត ខ្លាចម្ខាងមិនរីករាយក្នុងទំនាក់ទំនង នោះក៏នឹងព្យាយាមប៉ះប៉ូវ ផ្សះផ្សា មិនត្រាំត្រែងឲ្យកើតមានរឿងទាំងអស់នោះយូរដែរ៕
ប្រភព ៖ Phunutoday / Knongsrok