ឆ្ងល់យូរហើយ​ បង្គោលផ្លូវទឹក ស្ទឹងត្រែង ទាំងនេះ គឺជាអ្វី?

រូបភាពនៃដែនបង្គោលនៅក្នុងទន្លេមេគង្គខេត្តស្ទឹងត្រែង ត្រូវបានគ្រប់គ្នាមានចម្ងល់ជាយូរមកហើយថាវាគឺជាអ្វី? នោះគឺជា បង្គោលដែនទឹកជ្រៅ ដែលបោះកាលពីសម័យអាណានិគម នៅក្នុងទន្លេមេគង្គ ស្ថិតនៅឃុំព្រះរំកិល។ ដោយសារតែស្ថានភាពទឹកនៅតំបន់នេះហូរខ្លាំងគួរឲ្យខ្លាចមិនថានៅរដូវប្រាំង ឬរដូវវស្សា។ មិនឆ្ងាយពីទីនេះ មានអន្លង់មួយកណ្តាលទន្លេមេគង្គដែលអាចមានជម្រៅរហូតជាង ៦០ម៉ែត្រ (សំដីអ្នករត់ទូក) ។

តោះមកដឹងបន្ថែមពីគោលបង្ហាញផ្លូវទឹក (ស្ទឹងត្រែង)

316814873_716833963138269_186666879834863891_n

# គោលបង្ហាញផ្លូវទឹក (ស្ទឹងត្រែង) 

« មានមនុស្សមួយចំនួនឃើញរូបភាពនេះហើយឆ្ងល់ថាបង្គោលនេះគេហៅថាអ្វី? ហើយដាក់ដើម្បីអ្វី? ដោយមានអ្នកខ្លះថាបង្គោលព្រំដែន, អ្នកខ្លះថាបង្គោលសម្រាប់វាស់ជម្រៅទឹក ប៉ុន្តែការពិតទៅមិនមែនឡើយ » នេះជាសម្តីផ្គាល់របស់លោក ម៉ិញ ឡៃយ៉ា (MEGN LAI YA) ដែលបានកើតធំដឹងក្តីនៅក្នុងទឹកដីនៃ ភូមិអូរសាយ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ (បច្ចុប្បន្នស្រុកបុរីអូរស្វាយសែនជ័យ) ខេត្តស្ទឹងត្រែង ជាប់នឹងព្រំប្រទល់ខ្មែរ-លាវ ។

316942287_716833976471601_2577623525723268873_n

លោកក៏បានរៀបរាប់បន្តថា ៖ « ខ្ញុំបានឃើញ គោល នេះឈរនៅក្នុងទន្លេស្រាប់ទៅហើយ។ នៅក្នុងឆ្នាំ ២០០៥ ខ្ញុំបានចុះទៅក្នុងទន្លេជាមួយនឹងឪពុករបស់ខ្ញុំ ពេលនោះខ្ញុំក៏មានការងឿងឆ្ងល់ហើយក៏សួរឪពុករបស់ខ្ញុំថា: តើនេះជាអ្វី? គេដាក់ដើម្បីអ្វី? ហើយនៅពេលណា?

ឪពុកខ្ញុំប្រាប់ថា: នេះគឺជា «គោល»! គោលគឺជាបង្គោលដែលបានសាងសង់នៅក្នុងសម័យអាណានិគមបារាំង ដែលបានមកដាក់អាណានិគមលើប្រទេសកម្ពុជាក្នុងឆ្នាំ ១៨៦៣-១៩៥៣។ បង្គោលនេះមានកម្ពស់ចន្លោះពី ៣-៥ ម៉ែត្រ (តាមទឹករាក់ឬជ្រៅ) ឯបង្គោលខ្លះមានដាក់ដែកតឡើងលើប្រហែលជា ២-៣ ម៉ែត្រ បន្ថែមទៀតក៏មាន។

317546550_716834016471597_4370081204588017730_n

គោលនេះធ្វើឡើងដើម្បីសម្គាល់ឬបង្ហាញផ្លូវទឹក នៅតាមចំណុចដែលមានទឹករាក់ មានថ្ម និងល្បាប់ថ្មជាដើម។ ដើម្បីសុវត្ថិភាពនិងដើម្បីងាយស្រួលចំណាំផ្លូវទឹក ក្នុងការធ្វើនាវាចរណ៍ដឹកជញ្ជូនទំនិញតាមផ្លូវទឹក ពីព្រោះនៅក្នុងតំបន់នោះពោរពេញទៅដោយថ្មនិងល្បាក់ថ្ម ផ្លូវទឹកមានភាពតូចចង្អៀតដោយកន្លែងខ្លះមានទំហំត្រឹមតែ ៥០-១០០ម៉ែត្រ តែប៉ុណ្ណោះ ហើយល្បឿននៃទឹកហូរមានកម្លាំងខ្លាំងនិងកួចបោកថែមទៀតផង។ ដូច្នេះវាងាយនឹងមានគ្រោះថ្នាក់ក្នុងការធ្វើដំណើរផ្លូវទឹកប្រសិនណាជាមានការប៉ះទង្គិចបុកជាមួយនឹងថ្ម។ គោលទាំងអស់នេះសុទ្ធតែមានលាបថ្នាំដើម្បីចំណាំនៅក្បាលផ្នែកខាងលើ។ ដោយនៅលើក្បាលគោល មានលាបថ្នាំ ពណ៌ខ្មៅ និងពណ៌ក្រហម សម្រាប់សម្គាល់។ នៅពេលធ្វើដំណើរឡើង (បញ្ច្រាស់ទឹក) គោលក្បាលក្រហមស្ថិតនៅ (ខាងស្ដាំដៃ) ឯគោលក្បាលខ្មៅស្ថិតនៅ (ខាងឆ្វេងដៃ), នៅពេលធ្វើដំណើរត្រឡប់ចុះមកវិញ (បណ្ដោយទឹក) គោលក្បាលខ្មៅស្ថិតនៅ (ខាងស្ដាំដៃ) ចំណែកឯគោលក្បាលក្រហមស្ថិតនៅ (ខាងឆ្វេងដៃ) វិញម្ដង។ ប្រសិនបើអ្នកបើកបរទូកឬនាវាភ័ន្តច្រឡំនោះ គ្រោះថ្នាក់ធំនឹងកើតមានភ្លាម។

316680381_716833999804932_85028189364348412_n

ហើយគោលទាំងអស់នេះត្រូវបានសាងសង់នៅតាមដងទន្លេមេគង្គផ្នែកខាងលើ ដែលចាប់ពីម្ដុំ ឃុំថ្មគ្រែ, អន្លង់ផ្សោត ឃុំសំបុក ស្រុកចិត្របុរី និងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ឡើងទៅផ្នែកខាងលើដល់ម្ដុំ អន្លង់ផ្សោត ឃុំព្រះរំកិល និងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ (អតីតស្រុកថាឡាបរិវ៉ាត់) ក្នុងខេត្តស្ទឹងត្រែង រហូតឡើងទៅដល់ទឹកដីប្រទេសលាវ ផងដែរ។ នៅសម័យអាណានិគមបារាំងក្នុងតំបន់នោះប្រទេសកម្ពុជាមិនទាន់មានផ្លូវគោកក្នុងការធ្វើដំណើរនិងដឹកជញ្ជូននៅឡើយ។ ដូច្នេះរាល់ការធ្វើដំណើរនិងដឹកជញ្ជូនគឺត្រូវធ្វើដំណើរតាមផ្លូវទឹក រាល់ការធ្វើដំណើរតាមផ្លូវទឹកទាំងអស់ បើមិនមានការចាំបាច់ប្រជាជននៅក្នុងតំបន់នោះគឺមិនធ្វើដំណើរឡើយជាពិសេសនៅក្នុងខេត្តស្ទឹងត្រែង ត្រង់ម្តុំភ្នំកំបោរ។

317092492_716834006471598_4512833295257420924_n

ចំណែកអ្នកខេត្តផ្សេងៗដែលបានជិះទូកទៅដល់តំបន់នោះបានស្រែក បន់ព្រះសំពះទេវតាអារក្ខអារក្សអ្នកតាព្រៃភ្នំក្រំថ្មច្រលងបព្វតាជលសាសមុទ្រ ដើម្បីឱ្យជួយថែរក្សា និងអ្នកខ្លះមានការស្រែកយំដោយមានការភ័យខ្លាច អ្នកខ្លះទៅតែម្ដងក៏ស្បថលែងហ៊ានទៅតទៅទៀតក៏មាន។ សូម្បីតែខ្ញុំដែលជាអ្នកស្រុកមានដើមកំណើតនិងរស់នៅទីនោះផ្ទាល់ក៏ត្រូវបានឪពុកម្ដាយហាមឃាត់មិនចង់ឱ្យធ្វើដំណើរតាមផ្លូវទឹកផងដែរ ប៉ុន្តែទោះជាយ៉ាងណាខ្ញុំក៏ធ្លាប់បានស្គាល់រសជាតិនៃការធ្វើដំណើរតាមផ្លូវទឹកនៅក្នុងតំបន់គ្រោះថ្នាក់នោះផងដែរ (ទាំងក្នុងខេត្តស្ទឹងត្រែងនិងខេត្តក្រចេះ)។ វាគឺជារឿងត្រឹមត្រូវណាស់ដែលឪពុកម្ដាយខ្ញុំបានហាមឃាត់បែបនេះ។ ពីព្រោះនៅក្នុងតំបន់នោះពោរពេញទៅដោយល្បាក់ថ្មទឹកកួចមានទំហំធំប៉ុនៗថ្លុកក្របីឬធំជាងនេះក៏មាន។ បើមានទូក ឬនាវាណាធ្វើដំណើរឆ្លងកាត់គឺត្រូវតែមានអ្នកស្ទាត់ជំនាញក្នុងការបើកទូកឬនាវា។ បើមិនដូច្នោះទេនឹងមានគ្រោះថ្នាក់ជាក់ជាមិនខានឡើយ ហើយបើលិចទូកក្នុងតំបន់នោះហើយ ភាគរយនៃការរស់គឺមានតិចណាស់ មានខ្លះទៀតរកសាកសពមិនឃើញជារៀងរហូតក៏មាន » ៕

រូបភាពដោយ៖ Rahayu Meita

អត្ថបទចែករំលែកដោយ៖ មុិញ ឡៃយ៉ា