មុខមាត់កម្ពុជា! ល្បុក្កតោក្បាច់គុនខ្មែរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

នៅទីបំផុត គុនល្បុក្កតោ (ក្បាច់គុនខ្មែរ) ត្រូវបានអង្គការយូណេស្កូ ប្រកាសដាក់បញ្ចូលទៅក្នុងបញ្ជីតំណាងសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ហើយ កាលពីវេលាម៉ោង ៩ : ០០ នាទីយប់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះនៅទីក្រុង Rabat ព្រះរាជាណាចក្រម៉ារ៉ុក

317424708_3442437202663977_6786490286050572103_n

ក្បាច់គុនខ្មែរមាននាទីយ៉ាងសំខាន់ក្នុងការពារនិងពង្រីកដែនដីនៃចក្រភពខ្មែរ តាំងពីសម័យបុរាណរៀងមក មុនពេលដែល សព្វាវុធទំនើបត្រូវបានបង្កើត។ ថ្វីត្បិតតែពុំមានតឹកតាង បញ្ជាក់ថា ក្បាច់គុនខ្មែរមានកំណើតតាំងពីពេលណាមក ប៉ុន្តែតាមរយៈចម្លាក់ឯប្រាង្គប្រាសាទបុរាណនានា ទូទាំងព្រះរាជាណាចក្របានបង្ហាញអោយយើងដឹងថា ក្បាច់គុនខ្មែរនេះមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ។ នៅសម័យបុរាណ រាប់តាំងពី ព្រះមហាក្សត្រ កងទ័ពរហូតដល់រាស្ត្រសាមញ្ញ តែងតែសង្វាតយកចិត្តទុកដាក់ ហាត់ក្បាច់គុនដើម្បីការពារខ្លួន និងការពារប្រទេសជាតិពេលមានសត្រូវមកឈ្លានពាន។ ដោយសារមូលហេតុទាំងនេះហើយទើប មរតកអរូបីមួយនេះ បានវិវត្តន៍ខ្លួនអស់រយៈកាលរាប់ពាន់ឆ្នាំ និងត្រូវបានផ្ទេរបន្តពី១ជំនាន់ទៅមួយជំនាន់ រហូតដល់សម័យបច្ចុប្បន្នកាលនេះ។

316959369_3442050656035965_2216812064408376238_n

សព្វថ្ងៃនេះក្បាច់គុនខ្មែរមានឈ្មោះសម្រាប់ហៅផ្សេងៗគ្នាទៅតាមស្រុកតាមតំបន់ គ្រូគុនភាគច្រើន តែងហៅក្បាច់គុនខ្មែរថា "គុនល្បុក្កតោ" ។ គុនខ្មែរជាទូទៅគេ ប្រើប្រាស់រាងកាយផ្ទាល់ក្នុងការប្រយុទ្ធ ដូចជាប្រើប្រាស់កណ្តាប់ដៃ កែងដៃ ជង្គង់ និងជើង។ ឯគុនខ្មែរដ៏ទៃទៀតដូចជា គុនដំបង គុនដាវ តម្រូវអោយប្រើប្រាស់អាវុធ បែបប្រពៃណីនានាជាជំនួយ។ គុនខ្មែរ មិនត្រឹមតែជ្រួតជ្រាបក្នុងវិស័យកងទ័ពប៉ុណ្ណោះទេ តែក៏មានឥទ្ធិពលដល់វិស័យសិល្បៈទស្សនីយភាពដូចជា ល្ខោនខោល និង ល្ខោនបាសាក់ ផងដែរ។ ជាពិសេសទៅទៀតគុនខ្មែរ បានវិវត្តន៍ក្លាយខ្លួនជាកីឡាជាតិដ៏មានប្រជាប្រិយក្នុងសង្គមខ្មែរយើងបច្ចុប្បន្ននេះគឺ "ប្រដាល់ក្បាច់គុនខ្មែរ"។

316965105_3442050686035962_1806471362104431623_n

ក្នុងឆ្នាំ២០២២នេះ ព្រះរាជាណាចក្រកម្ពុជាបានសម្រេចជោគជ័យក្នុងការដាក់បញ្ចូល គុនល្បុក្កតោ ចូលទៅក្នុងបញ្ជីតំណាងសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ដោយប្រើប្រាស់ឈ្មោះជាភាសាអង់គ្លេសគឺ Kun Labokator, traditional martial arts in Cambodia (គុនល្បុក្កតោ ក្បាច់គុនបុរាណខ្មែរ) ដោយអាចប្រើប្រាស់ឈ្មោះផ្សេងៗទៀតបានដូចជា Kun Khmer (គុនខ្មែរ), Kbach Kun Khmer (ក្បាច់គុនខ្មែរ) ជាដើម។

317713179_6055237131176211_5078077041420084099_n

គុនល្បុក្កតោ ដែលមានអាយុកាលតាំងពីសតវត្សទី១ នៃគ្រឹស្តសករាជមក ជាសិល្បៈក្បាច់គុនដែលជួយពង្រឹងស្មារតី កម្លាំងកាយ និង វិន័យ របស់អ្នកហាត់ តាមរយៈបច្ចេកទេសនៃការការពារខ្លួន និងទស្សនវិជ្ជាអហិង្សា។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: