ក្នុងដំណើរជីវិត ជួបមនុស្សច្រើនរាប់មិនអស់ ប៉ុន្តែមិនមែនគ្រប់គ្នាអាចក្លាយទៅជាមិត្តភ័ក្តិនោះទេ។ មានមនុស្សខ្លះ លាក់គំនួចមានបំណងមិនល្អចង់ធ្វើបាបអ្នក ក៏មានមនុស្សខ្លះទៀត ចង់បោកបញ្ឆោតអ្នក ដូច្នេះរាប់អានមិត្តភ័ក្តត្រូវប្រុងប្រយ័ត្ន មានតែមិត្តប៉ុន្មានប្រភេទខាងក្រោមនេះ ទើបស័ក្តសមឱ្យអ្នករាប់អានអស់មួយជីវិត។
១. មិត្តដែលស្គាល់អ្នក យល់ពីអ្នក
មនុស្សបែបនេះ ហៅថាមិត្តស្គាល់ចិត្តថ្លើម គេមានចិត្តដូចគ្នានឹងអ្នក ក៏អាចយល់ពីអារម្មណ៍របស់អ្នកបានដែរ អាចឱ្យអ្នកមានអារម្មណ៍រីករាយជាខ្លាំង មានមិត្តម្នាក់នេះកំដរអ្នកដើរលើវិថីជីវិត នឹងធ្វើឱ្យជីវិតរបស់អ្នកពោរពេញដោយភាពស្រស់បំព្រង។
២. មិត្តដែលមានចិត្តស្មោះ
មនុស្សបែបនេះ គ្មានចិត្តពុតត្បុតឡើយ ពេលដែលអ្នកខ្វះខាតប្រាក់ គេនឹងឱ្យអ្នកខ្ចី ពេលដែលអ្នកឋិតក្នុងភាពលំបាក គេនឹងគាំទ្រអ្នក ពេលដែលអ្នកដួល គេនឹងគ្រាអ្នកឡើង ពេលដែលអ្នកសុំជំនួយ គេនឹងជួយដល់អ្នក មានគេដើររួមគ្នាលើវិថីជីវិតជាមួយអ្នក នឹងញុំាងឱ្យអ្នកយល់ថាមានភាពស្ងប់ចិត្តជាមិនខាន។
៣. មិត្តដែលប្រកាន់ពាក្យសច្ចៈ
មនុស្សបែបនេះ មានសច្ចៈណាស់ រឿងដែលសន្យានឹងអ្នក ដាច់ខាតត្រូវធ្វើឱ្យបាន ធានាចំពោះអ្នកដាច់ខាតត្រូវមានសម្មទ្ធិផលឱ្យអ្នកឃើញ បច្ចុប្បន្ននេះមនុស្សប្រភេទនេះមានតិចខ្លាំងណាស់ បើអ្នកមានមិត្តបែបនេះហើយ សូមអ្នកថែរក្សាឱ្យបានល្អ ពីព្រោះគេអាចជាអ្នកមានបុណ្យនៅក្នុងជីវិតរបស់អ្នក រឹតតែជាទ្រព្យដ៏តម្លៃនៅក្នុងជីវិតរបស់អ្នកថែមទៀត។
៤. មិត្តដែលមានចិត្តល្អគិតដល់គេ
មនុស្សបែបនេះ គ្មានចិត្តអាក្រក់ឡើយ ពេលមានប្រាក់ គេមិនបោកប្រាស់អ្នក ពេលអ្នកជោគជ័យ គេមិនអាចជាន់ពន្លិចអ្នក ពេលអ្នកមានបាន គេមិនគិតចង់ធ្វើបាបអ្នក គេចាត់ទុកអ្នកដូចជាក្រុមគ្រួសារគេអ៊ីចឹង ធ្វើជាមិត្តនឹងមនុស្សប្រភេទនេះ អ្នកនឹងយល់ថារស់នៅមានភាពសុខសាន្តខ្លាំងណាស់ ។
៥. មិត្តដែលធ្វើការអាចទុកចិត្តបាន
មនុស្សបែបនេះ គឺអាចពឹងពាក់បាន ពេលសហការជាមួយអ្នក មានភាពម៉ត់ចត់ចំពោះកិច្ចការ ប្រកៀកស្មាជាមួយអ្នក មានភាពពុះពារចំពោះកិច្ចការរកស៊ី។ នៅក្នុងដំណើរឆាកជីវិតអាចមានគូកនប្រភេទនេះ កិច្ចការរកស៊ី និងរលូនទៅមុខ អនាគតភ្លឺស្វាង។
មិត្តភ័ក្តិប៉ុន្មានប្រភេទខាងលើ ខ្ញុំសុខចិត្តរាប់អានមួយជីវិត មានពួកគេនៅ ដំណើរផ្លូវច្បាស់ជាដើរបានស្រួល មានពួកគេកំដរ មានការលំបាកនឹងមានគេមកជួយ ដូច្នេះ បានជួបមិត្តប៉ុន្មានប្រភេទនេះហើយ អ្នកទាំងអស់គ្នាចាំបាច់ត្រូវរាប់អានអស់មួយជីវិត បើសិនជាមានមិត្តបែបនេះហើយ នោះគឺជាទ្រព្យរបស់អ្នកពេញមួយជីវិត៕
រៀបរាងដោយ៖ Mythical bird / Knongsrok