ពេលជួបមនុស្សម្នាក់ដែលគេបានកសាងទំនាក់ទំនងល្អជាមួយយើង ឬក៏ទទួលបានរបស់មួយចំនួនដែលយើងយល់ថាសំខាន់នោះ គឺយើងនឹងចេះថែរក្សាវា។ ប៉ុន្តែមានពេលខ្លះទៀត ពេលដែលមនុស្សម្នាក់នោះ ឬក៏របស់មួយនោះយើងមិនសូវជាមើលសំខាន់ ឬក៏មើលរំលងហួសនោះ ទីបំផុតមនុស្ស ឬរបស់នោះក៏បាត់បង់ទៅ។ ក្រោយពីយើងបានបាត់បង់ទៅ យើងក៏ឆ្លុះបញ្ចាំងមកវិញថា ៖ មិនគួរបាត់បង់ទៅសោះ បើខ្ញុំដឹងមុន ខ្ញុំមិនល្ងីល្ងើដូចពេលនេះទេ ការឈឺចាប់ឆ្លាក់ជាប់ចិត្តបែបនេះ ក៏អាចផ្តល់មេរៀនដ៏ល្អដល់យើងផងដែរ។
១. របស់អ្វីដែលមិនអាចបាត់បង់បាន?
នៅក្នុងជីវិតមានរបស់ជាច្រើនដែលមិនអាចបាត់បង់បានឡើយ ដូចជា៖ សុខភាព អារម្មណ៍ល្អ ផ្លូវចិត្តរឹងមាំ បេសកម្មដែលខ្លួនត្រូវធ្វើ អត្ថន័យនៃការរស់នៅ ដេញតាមក្តីសុបន មិត្តភាពដ៏ស្មោះត្រង់ ស្នេហាដ៏ស្មោះស្ម័គ្រ និងការងារដែលខ្លួនបានតស៊ូជាដើម។ អ្វីដែលសំខាន់បំផុត នៅមានគុណធម៌ និង ការចិញ្ចឹមបំប៉ន់ផ្នែកទស្សនៈគំនិត ព្រមទាំងសតិសម្បជញ្ញៈរបស់ខ្លួន។ ឱ្យតែរបស់ទាំងនេះបាត់បង់ទៅហើយ ជីវិតទាំងមូលក៏មានការខ្វះខាតដែរ ព្រោះវាជាធាតុផ្សំដ៏សំខាន់សម្រាប់ធ្វើឱ្យដំណើរជីវិតអ្នកកាន់តែមានពន្លឺ។
២. ពេលដែលបាត់បង់ទៅហើយមានអារម្មណ៍ដូចម្តេចទៅ?
មនុស្សម្នាក់ពេលបាត់បង់របស់ដែលខ្លួនមិនគួរបាត់បង់ តែងមានអារម្មណ៍ទាំង២ប្រភេទនេះ ៖
- ប្រែទៅជាស្ពឹកស្រពន់ លែងមានការឈឺចាប់ចំពោះការបាត់បង់ ក៏មិនចង់យកអ្វីត្រលប់មកវិញដែរ បាត់បង់ភាពជាខ្លួនឯង។
- មានការឈឺចាប់ខ្លាំង រស់នៅក្នុងភាពស្តីបន្ទោស និងវិប្បដិសារី ពួកគេមិនបានយល់ថារាល់របស់ដែលខ្លួនបានបាត់បង់នោះ គឺមិនគួរបាត់បង់ទៅឡើយ ដោយសារមិនចេះថែរក្សា មិនក្លាហាន មិនប្រឹងប្រែងទើបមានការស្តាយក្រោយ។
ចំពោះអ្នកទី១ គេរស់នៅបណ្តែតបណ្តោយ បន្តរស់នៅបែបនេះ។ ចំណែកអ្នកទៅ ២ នៅក្នុងភាពស្តាយក្រោយ គេចេះភ្ញាក់រឭក គេចេះប្រឹងប្រែងទៅប៉ះប៉ូវ ថែរក្សា យករបស់ដែលខ្លួនគេចង់បាននោះមកវិញ។
៣. ក្រោយបាត់បង់ទៅហើយគួរតែធ្វើអ្វីទៅ?
របស់មិនគួរបាត់បង់ទៅនោះ មិនថាជាទ្រព្យសម្បត្តិមើលឃើញនឹងភ្នែក ឬក៏សតិសម្បជញ្ញៈគុណធម៌ដែលភ្នែកមើលមិនឃើញឡើយ ឱ្យតែបាត់បង់ទៅហើយ គួរតែមានការភ្ញាក់រឭកហើយ។ ការដឹងថាខ្លួនឯងបានបាត់បង់របស់ដែលខ្លួនមិនគួរបាត់បង់ វាល្អជាងខ្លួនឯងមិនដឹងថាបានបាត់បង់របស់ដែលខ្លួនមិនគួរបាត់បង់ដែរ។
ពេលដឹងថាខ្លួនបានបាត់បង់ហើយ ជាដំបូងត្រូវធ្វើការក្រើនរំឭកខ្លួនឯង បែងចែកឲ្យច្បាស់ហេតុអ្វីបានជាខ្លួនធ្វើឲ្យបាត់បង់របស់ដ៏សំខាន់មួយនេះ ស្របពេលនោះដែរត្រូវមានសកម្មភាពទៅថែរក្សា ក្តោបក្តាប់ ប្រឹងប្រែងសារជាថ្មីទៅយករបស់ដែលខ្លួនឯងចង់បាន មានតែបែបនេះទេ ទើបជាការបកស្រាយដ៏ល្អមួយចំពោះខ្លួនឯង មិនផ្តល់វិប្បដិសារីចំពោះខ្លួនឯង៕
អត្ថបទ ៖ បក្សីទេព / Knongsrok