ប្រពន្ធជាអ្នកមានគុណរបស់អ្នក មនុស្សប្រុស ត្រូវចេះថែរក្សាឱ្យបានល្អ

មួយជីវិតរបស់មនុស្ស ៖

- ជោគជ័យដ៏ធំបំផុត គ្មានអ្វីលើសពីជោគជ័យក្នុងជីវិតអាពាហ៍ពិពាហ៍ឡើយ។

- សុភមង្គលដ៏ធំបំផុត គ្មានអ្វីលើសពីសុភមង្គលក្នុងគ្រួសារឡើយ។

- សាច់ញាតិដ៏ជិតស្និទ្ធបំផុត គ្មានអ្វីក្រៅពីប្តីប្រពន្ធឡើយ។

- ទំនាក់ទំនងដ៏សំខាន់បំផុត គ្មានអ្វីលើសពីទំនាក់ទំនងប្តីប្រពន្ធឡើយ។

- ការអនុគ្រោះដល់គ្នាដ៏មានតម្លៃបំផុត គ្មានអ្វីលើសពីការអនុគ្រោះរវាងប្តីប្រពន្ធ។

- ការអត់ធ្មត់ និងអត់ឱនឱ្យគ្នាដ៏មានប្រសិទ្ធភាពបំផុត គឺជាការអត់ធ្មត់ និងអត់ឱនរវាងប្តីប្រពន្ធ។

- ការយកចិត្តទុកដាក់ ដែលមិនអាចមើលរំលងបាននោះគឺ ជាការយកចិត្តទុកដាក់រវាងប្តីប្រពន្ធ។

មនុស្សប្រុស ពេលទើបរៀបការភាគច្រើន តែងតែថ្នាក់ថ្នមគេស្រលាញ់ប្រពន្ធរបស់ខ្លួនខ្លាំងណាស់ ដល់ពេលរស់នៅជាមួយគ្នាយូរទៅ បែរជាភ្លេចពេលវេលាល្អៗកាលគ្រាដើម។ អាពាហ៍ពិពាហ៍ដូចជាកែវ សម្រាប់ដាក់វត្ថុរាវ ពេលដែលយកមនុស្សប្រុស និងស្រីដាក់ចូលគ្នា រំលាយចូលគ្នា ញុំាឱ្យជីវិតដើមឡើយដែលមានភាពល្វីងនោះបានបញ្ចេញនូវក្លិនក្រអូបមកក្រៅ។

១

ជីវិតប្តីប្រពន្ធនេះ គឺមិនអាចចៀសផុតភាពប៉ះទង្គិចគ្នាឡើយ មានមនុស្សប្រុសមួយចំនួនយល់ថា រស់នៅជាមួយគ្នាយូរទៅប្រពន្ធខ្លួនមិនស្អាតដូចស្រីដទៃ រីឯមនុស្សប្រុសខ្លះទៀត ពេលខ្លួនមានកេរិ៍្តឈ្មោះ និងមាសប្រាក់បែរទៅជាជ្រើសរើសបោះបង់ប្រពន្ធរបស់ខ្លួនចោល ហើយទៅរកជនទី៣ រកមើលមនុស្សស្រីណាដែលក្មេងហើយស្រស់ស្អាតជាងប្រពន្ធខ្លួន តើអ្នកធ្លាប់គិតពីប្រពន្ធរបស់ខ្លួនដែរឬទេ?

នាងក៏ធ្លាប់ក្មេង ស្រស់ស្អាតដែរ ព្រោះតែការរស់នៅ ព្រោះតែនាងបានលះបង់គ្រប់យ៉ាងដើម្បីគ្រួសារ។

មនុសប្រុសអើយ! សូមកុំសួរថា រូបរាងស្រស់ស្អាតរបស់នាងបាត់ទៅណាឱ្យសោះ សូមអ្នកក្រឡេកទៅមើលកូនរបស់អ្នក ព្រោះតែនាងក្លាយទៅជាម្តាយរបស់កូនៗអ្នក ទើបនាងសុខចិត្តស៊ូទ្រាំលំបាក បាត់បង់សុខភាព និងរូបសម្រស់បែបនេះ។

សូមកុំសួរនាងថា មុខមាត់ស្រស់ស្អាតរបស់នាងបាត់ទៅណាឱ្យសោះ ព្រោះតែនាងចង់ឱ្យអ្នកចេញទៅក្រៅ ប្រឹងប្រែងធ្វើការដោយស្ងប់ចិត្ត និងទុកចិត្តថានាងមិនបានធ្វើអ្វីដែលផិតក្បត់ចំពោះអ្នកឡើយ។

សូមកុំបន្ទោសនាង ថាមិនបានចេញទៅដើរផ្សារទំនើប ឬមិនបានទិញសម្លៀកបំពាក់ស្អាតៗ និងបន្ទោសនាងថាស្លៀកពាក់កន្ត្រេកកន្ត្រាក។ កុំបន្ទោសនាងថានាងមិនស្អាតដូចស្រីដទៃ ពីព្រោះនាងបានលះបង់គ្រប់យ៉ាងឱ្យទៅគ្រួសារ ឱ្យទៅកូន និងឱ្យទៅអ្នក អស់រលីងហើយ ។

២

តាមពិតទៅ នាងគឺជាមនុស្សដែលមិនបានជាប់ខ្សែស្រឡាយជាមួយអ្នកទាល់តែសោះ តែនាងបែរជាបារម្ភស្ទើរស្លាប់ ពេលអ្នកត្រលប់មកវិញយប់ជ្រៅ ។ នាងបានធ្វើគ្រប់យ៉ាងដើម្បីតែគ្រួសារ ដើម្បីអ្នក ហើយនាងសុខចិត្តសុខកាយលះបង់ចេញមករស់នៅជាមួយអ្នក ដោយមិនត្រូវការការតបស្នងអ្វីទាំងអស់ នាងគឺជាមនុស្សស្រីតែម្នាក់គត់ដែលស្រលាញ់អ្នកបំផុត យលល់ពីអ្នកបំផុត។

ពេលអ្នកនៅក្រីក្រ នាងមិនដែលរើសអើងអ្នកឡើយ តែងតែនៅក្បែរអ្នកកំដរអ្នក លើកទឹកចិត្ត និងគាំទ្រដល់អ្នក រហូតដល់អ្នកជោគជ័យ។ ពេលអ្នកឈឺថ្កាត់ នាងនៅក្បែរខ្លួនអ្នករហូត មើលអ្នកទាំងថ្ងៃទាំងយប់ រហូតដល់អ្នកជាសះស្បើយ។

ប្រពន្ធ គឺជាផ្ទះក៏កក់ក្តៅមួយ គឺអាចនាំមកនូវកន្លែងដ៏សុខសាន្តមួយសម្រាប់អ្នក មនោសញ្ចេតនាស្រីប្រុសណាក៏ដោយ ប្រៀបមិនស្មើនឹងមនោសញ្ជេតនាប្តីប្រពន្ធឡើយ។

សូមមនុស្សប្រុសគ្រប់គ្នា ស្រលាញ់ប្រពន្ធរបស់ខ្លួនឱ្យបានច្រើន សូមផ្តល់ពេលវេលាសម្រាប់ប្រពន្ធរបស់ខ្លួនផង កុំមើលរំលងអ្វីទាំងឡាយដែលនាងបានលះបង់ដើម្បីអ្នក ឱ្យតែក្តីស្រលាញ់នៅមានដាច់ខាតត្រូវតែថែរក្សា កុំចាំដល់ពេលបាត់បង់ហើយទើបយល់ពីតម្លៃរបស់នាង៕

អត្ថបទ ៖ បក្សីទេព / Knongsrok