ទន្ទឹមនឹងការបើកច្រកព្រំដែនឱ្យមានការចេញចូលបានសេរីដូចមុនពេលកូវីដ ឃើញថាមានភ្ញៀវទេសចរណ៍អន្តរជាតិជាច្រើនបានធ្វើដំណើរទៅលេងទីក្រុងបាងកក ប្រទេសថៃ។ ក្រៅពីភាពមមាញឹកនិងលក្ខណៈដ៏សម្បូរបែបនៃទីក្រុង បាងកកត្រូវបានគេស្គាល់ថាជាឋានសួគ៍សម្រាប់អ្នកដែលចូលចិត្តដើរផ្សារ ទិញសម្លៀកបំពាក់ វត្ថុអនុស្សាវរីយ៍ជាដើម។ នេះគឺរាល់កន្លែងទាំង៥ដែលអ្នកមិនគួរមើលរំលងនៅពេលទៅដល់ទីក្រុងបាងកក៖
១.ផ្សារ Chauchatk
ផ្សារ Chatuchak គឺជាកន្លែងដ៏ពេញនិយមមួយនៅក្នុងទីក្រុងបាងកក។ ផ្សារមួយនេះមានទំហំប្រហែល ៣៥ហិចតានិងប្រមូលផ្តុំទៅដោយស្តង់លក់ជាង១មុឺនស្តង់ឯណោះ ដែលមានលក់នូវវត្ថុអនុស្សាវរីយ៍ធ្វើដោយដៃ សៀវភៅ សម្លៀកបំពាក់និងវត្ថុផ្សេងៗទៀត។
២.ផ្សារអណ្តែតទឹក Damnoen Saduak
ប្រសិនបើបានធ្វើដំណើរទៅដល់ទីក្រុងបាងកកហើយ អ្នកមិនត្រូវមើលរំលង Damnoen Saduak ដែលជាផ្សារអណ្តែតទឹកដ៏ចំណាស់និងមានឈ្មោះល្បីល្បាញយូរអង្វែងមកហើយ។ អ្នកនឹងឃើញអាជីវករចាស់ក្មេងលក់ម្ហូបអាហារនិងបន្លែផ្លែឈើផ្សេងៗនៅលើផ្ទៃទឹកតាមទូកដែលសាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តសាកម្ហូបប្លែកៗ។
៣.ផ្សាររាត្រី Patpong
ផ្សាររាត្រី Patpong ត្រូវបានគេស្គាល់ថាជាផ្សារដែលលក់វត្ថុកូពីពីប្រេនល្បីៗដូចជា Louis Vuitton, Rolex, Gucci និង Lacoste ជាដើម។ ក្រៅពីនេះ ផ្សារ Patpong ក៏មានលក់នូវវត្ថុធ្វើដោយដៃផ្សេងៗ
សម្លៀកបំពាក់ និងគ្រឿងអលង្ការទៀតផង។
៤.ផ្សារ Pratunam
បើបានទៅដល់បាងកកហើយមិនបានទៅអើត ផ្សារ Pratunam គឺពិតជាគួរឱ្យស្តាយណាស់។ ផ្សារ Pratunam គឺជាឋានសូគ៍នៃអ្នកចូលចិត្តដើរផ្សារដោយសារតែសម្លៀកបំពាក់នៅទីនោះមានតម្លៃទាបស្អាតៗនិងទាន់សម័យ។
៥.Siam Paragon
សម្រាប់អ្នកដែលចូលចិត្តផលិតផលប្រេនៗវិញ អ្នកអាចដើរផ្សារទំនើប Siam Paragon ដែលពោរពេញទៅដោយហាងល្បីៗដូចជា Jimmy Choo, Louis Vuitton, Rolex, Prada, Gucci និង Mont Blanc ជាដើម។ ក្រៅពីនេះ ផ្សារទំនើប Siam Paragon ក៏មាននូវឧទ្យានមច្ឆាដ៏ធំជាងគេនៅប៉ែកអាសុីអាគ្នេយ៍ថែមទាំងរោងកុនដ៏ធំ ផាសុខភាព៕
ប្រភព ៖ បរទេស