គ្រប់រូបនៃភរិយា តែងតែភាវនា បួងសួង សុំឱ្យខ្លួនបានជួបស្វាមីដែលមានចិត្តភក្ដីបរិសុទ្ធ ស្មោះត្រង់ ហ៊ានលះបង់ចំណង់នៃតណ្ហា ដើម្បីគ្រួសារ ដើម្បីប្រពន្ធ ដើម្បីកូន ... ។
នារីគ្រប់កាយ មិនស្ដាយឡើយ នូវអ្វីដែលខ្លួនបានលះបង់ដើម្បីស្វាមីនិងកូន តែនាងសុំត្រឹមតែអ្នកដែលជាស្វាមី ជាប្ដី ឈ្មោះថាជាមេគ្រួសារ យល់ដល់តម្លៃនៃនាងដែលជាភរិយា ជាមាតារបស់កូន សុំឱ្យស្វាមី មានចិត្ត អាណិត មេត្តា ចេះជួយសម្រាលនូវទុក្ខធុរៈទាំងឡាយណា ... ស្វាមី មិនប្រើអំពើហិង្សាដាក់នាង ស្វាមី ត្រូវមានហេតុផល ចេះផ្ដល់ភាពកក់ក្ដៅ មិនថាទោះនៅក្នុងផ្ទះ នៅក្រៅផ្ទះ ឬនៅចំពោះមុខមហាជនទាំងអស់ ... ។
ក្នុងនាមជាភរិយា ជានារីដែលមិនមានកម្លាំងកំហែងច្រើនដូចមនុស្សប្រុស ទោះមើលទៅនាងជាស្ត្រីរឹងមាំខ្លាំងប៉ុណ្ណា ក៏នាងនៅត្រូវការ ការយកចិត្តទុកដាក់ ថ្នមថ្នាក់ បីបាច់ ថែរក្សា ទឹកក្ដៅទឹកត្រជាក់ ពីស្វាមី ជាពិសេសគឺការយល់ចិត្តស្គាល់ថ្លើមនាង គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ...។
បំណងប្រាថ្នារបស់នារីគ្រប់រូប គឺសុំឱ្យបានជួបបុរស ដែលល្អពិតប្រាកដម្នាក់ ដែលអាចធានាបាននូវក្ដីសុខ សុភមង្គល ដ៏ធំធេងដល់នាង ព្រមកាន់ដៃនាងរហូតដល់វិនាទីចុងក្រោយនៃដង្ហើមជីវិត មិនថាជួបឧបសគ្គ កាលៈទេសៈ លំបាកខ្លាំងប៉ុណ្ណា ក៏សង្ឃឹមថាស្វាមី នៅតែតស៊ូ ពុះពារ ដឹកដៃនាងហែលឆ្លង ជ្រលងជ្រោះនៃទុក្ខលំបាកបានដោយសុវត្ថិភាព ... ។ មិនថាសុខឬទុក្ខ មានក្រ ក៏ស្វាមីមិនបោះបង់នាង ទុកនាងឱ្យនៅម្នាក់ឯងឯកា កណ្ដោចកណ្ដែង... ។
សង្ឃឹមថាអស់លោកដែលជាស្វាមី គប្បីយល់ពីតម្លៃនៃគ្រួសារ ចេះផ្ដល់ការស្រលាញ់ ផ្ដល់ភាពកក់ក្ដៅ ចេះថ្នាក់ថ្នម ហ៊ានលះបង់ក្នុងភាពជាបុរស ត្រូវស្មោះត្រង់នឹងប្រពន្ធកូន មិនសោយសុខតែឯង មិនវង្វេងនឹងឧបាយមុខ មិនទុក បណ្ដោយឱ្យភរិយា គ្រាំគ្រាចិត្តព្រោះតែទង្វើអាត្មានិយាយរបស់អ្នក ... ។
អ្នកមានប្រពន្ធ អ្នកមានកូន អ្នកមានគ្រួសារជារបស់ខ្លួន ក្នុងនាមអ្នកជាមនុស្សប្រុស អ្នកត្រូវតែមាំមួន ឱ្យសមឈ្មោះថាជាមេគ្រួសារ ...។
ដូចរូប បងប្រុស ជា វណ្ណារិទ្ធិ ជាគំរូ គាត់ស្រលាញ់ប្រពន្ធ គាត់ឱ្យតម្លៃគ្រួសារ គាត់ដឹងពីទុក្ខធុរៈការលំបាករបស់ភរិយា គាត់ជាស្វាមីដ៏ល្អ ជាប៉ាៗដ៏ប្រពៃ គាត់មានក្ដីសុខពិតប្រាកក្នុងជីវិត ព្រោះគាត់បានគោរពប្រតិបត្តិ នូវតួនាទីការងាររបស់លោកបានយ៉ាងខ្ជាប់ខ្ជួន ... ។
សូមជូនពរ ដល់ក្រុមគ្រួសាររបស់បង ជួបតែសេចក្ដីសុខ ចម្រុងចម្រើន កើនមាសកើនប្រាក់ យសសក្តិប្រពៃ និងជួបតែអ្វីដែលល្អៗ គ្រួសារមានក្ដីសុខ សុភមង្គលតរៀងទៅ
ហើយក៏សូមជូនពរដល់នារីគ្រប់រូប បានជួបបុរសនៅក្នុងក្ដីប្រាថ្នា មានគ្រួសារមួយដែលល្អដូចចិត្តប៉ង ហើយក៏សុំសំណូមពរបងៗសុភាពបុរស ត្រូវតែល្អ ស្ម័គ្រស្មោះ ឱ្យសមនឹងឈ្មោះថា សុភាពបុរសនេះផង ... សូមអ្នកដឹងថា គ្រប់នារី ដែលជាភរិយារបស់អ្នក នាងមានសំណឆង ព្រោះបានស្វាមីដែលល្អពិតប្រាកដ មិនមែនល្អតែចំពោះមុខនាង ឬចំពោះមុខអ្នកមានគុណរបស់នាងនោះទេ ... ។
ខ្ញុំក៏ជឿជាក់ថា មិនមែនតែនារីទេ ដែលចង់បានបុរសម្នាក់ដែលល្អពិតប្រាកដសម្រាប់ជីវិតនាង បុរសក៏ដូចគ្នា គ្រប់បុរសក៏ត្រូវការនារម្នាកដែលល្អសម្រាប់ជីវិតគាត់ដូចគ្នា នោះគឺមានន័យថា គ្រប់មនុស្សសុទ្ធតែប្រាថ្នាចង់បាន គ្រួសារមួយដែលមានសេចក្ដីសុខក្សេមក្សាន្ត មានបាន ថ្កុំថ្កើង រុងរឿង ត្រជាក់ សុខដុមរម្យនា ដូចគ្នា ... ។
គ្រួសារល្អ នឹងកើយឡើងបាន នៅពេលដែលអ្នកចេះស្រលាញ់គ្នា ចេះយោគយល់អធ្យាស្រ័យ ប្រណីមេត្តា ស្មោះត្រង់ លះបង់ ឲ្យតម្លៃ ចេះលើតម្កើង ដឹងទុក្ខធុរ: ចេះរក្សានូវទំនាក់ទំនងអ្នកទាំងពីរឲ្យបានល្អ ចង់ល្អ លុះត្រាតែយើងល្អសិន ទើបបានល្អ ចាប់ផ្ដើមដោយយើងខ្លួនឯង ដើម្បី ក្រុមគ្រួសារយើងខ្លួនឯង ... ៕
អត្ថបទ ៖ Knongsrok / Knongsrok