ចិត្តវិទ្យាធរណីមាត្រ! ជ្រើសរើសយករូបធរណីមាត្រមួយដើម្បីដឹងអំពីបុគ្គលិកលក្ខណៈរបស់អ្នកផ្ទាល់

ចិត្តវិទ្យាធរណីមាត្រគឺជាការសិក្សាទៅលើមនុស្សទូទៅដែលមានទំនោរឬចាប់ចិត្តទៅលើរូបធរណីមាត្រណាមួយដោយផ្អែកទៅលើអត្តចរិត បុគ្គលិកលក្ខណៈរបស់ពួកគេផ្ទាល់។ ចូរអ្នកជ្រើសរើសយករូបធរណីមាត្រមួយដើម្បីដឹងអំពីបុគ្គលិកលក្ខណៈរបស់អ្នក៖

76

១. ការេ

អ្នកធ្វើការដែលមិនចេះនឿយហត់ ហើយតែងតែខិតខំដើម្បីសម្តៅរកភាពល្អឥតខ្ចោះ។ អ្នកចូលចិត្តបរិយាកាសដែលមានរបៀបរៀបរយហើយមានអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការ ពោលគឺត្រូវតែស្អាត មិនថាជាផ្ទះ ឬកន្លែងធ្វើការរបស់អ្នកនោះទេ ព្រោះវាជួយអ្នកឱ្យផ្តោតអារម្មណ៍កាន់តែប្រសើរឡើង។ អ្នក​មាន​ភាពអំណត់​អត់ធ្មត់ ហើយចូលចិត្តធ្វើ​អ្វី​ឱ្យ​បាន​សម្រេច ព្រោះអ្នក​មិនពេញចិត្ត​ចំពោះ​ការងារដែលធ្វើឱ្យតែរួចពីដៃឡើយ។

បុគ្គលិកលក្ខណៈ

អ្នក​មាន​ការ​តាំង​ចិត្ត និង​ឧស្សាហ៍​ព្យាយាម

មានរបៀបរៀបរយ ចំណេះដឹង និងការគិតបែបតក្កៈ

ចូលចិត្តភាពល្អឥតខ្ចោះនិងភាពលម្អិត

ទំនោរទៅរកការពន្យារពេលលើការសម្រេចចិត្តសំខាន់ៗណាមួយ

អារម្មណ៍ច្របូកច្របល់ពេលមានជម្លោះ

រឹងរូស ឬពិបាកក្នុងការផ្លាស់ប្តូរ

២. ត្រីកោណ

ត្រីកោណគឺជានិមិត្តសញ្ញានៃភាពជាអ្នកដឹកនាំ និងការផ្តោតអារម្មណ៍។ ដូច្នេះ​បើ​អ្នក​រើសរូប​នេះ​មុន​គេ នោះ​មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​ផ្ដោត​លើ​គោលដៅ​របស់​អ្នក ហើយ​មិន​ងាយត្រូវកត្តាជុំវិញខ្លួនរំខាន​ដល់ការផ្ចង់អារម្មណ៍របស់អ្នកនោះ​ទេ។ អ្នក​ជា​មនុស្ស​មាន​ទំនុក​ចិត្ត ហើយ​ពូកែវោហាសព្ទ។ អ្នកស្អប់ការចាប់កំហុសពីអ្នកដទៃ ព្រោះអ្នកពិបាកនឹងទទួលយកការរិះគន់ទាំងអស់នោះណាស់។ ទោះជាយ៉ាងណាក៏ដោយ ជំនាញរបស់អ្នកអនុញ្ញាតឱ្យអ្នកវិភាគស្ថានភាពបានយ៉ាងឆាប់រហ័ស និងធ្វើការសម្រេចចិត្តបានត្រឹមត្រូវក្នុងជីវិត។

បុគ្គលិកលក្ខណៈ

មានមហិច្ឆិតានិងគោលដៅច្បាស់លាស់

ធម្មជាតិជាមនុស្សប្រកួតប្រជែងខ្លាំង

ត្រូវតែត្រឹមត្រូវជានិច្ច

អ្នកដ៏ទៃគោរពកោតខ្លាច

ពូកែដោះស្រាយបញ្ហា

ផ្តោតលើគោលដៅជាក់លាក់

៣.​ រង្វង់

រង្វង់គឺជានិមិត្តរូបនៃភាពសុខដុម។ ប្រសិនបើអ្នកជ្រើសរើសយករូបរាងមួយនេះបានន័យថាអ្នកជាមនុស្សមានក្តីមេត្តា និងការយល់ចិត្តខ្ពស់ចំពោះអ្នកដ៏ទៃ ហើយអាចជួយចែករំលែកអារម្មណ៍ឈឺចាប់ និងសេចក្តីរីករាយរបស់អ្នកដ៏ទៃបានដែរ។ ជួនកាល អ្នកអាចក្លាយជាមនុស្សដែលមិនសមហេតុសមផល ប៉ុន្តែអ្នកមានភាពច្នៃប្រឌិត និងមានមនោសញ្ចេតនាច្រើន។ អ្នក​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ព្រលឹង​ដែល​ចិញ្ចឹម​បីបាច់​ថែរក្សា​មនុស្ស ​ជា​ពិសេស​នៅ​ពេល​ដែល​ពួកគេ​មាន​បញ្ហាលំបាក។

បុគ្គលិកលក្ខណៈ

មានចិត្តមេត្តា និងយកចិត្តទុកដាក់ចំពោះអ្នកដទៃ

ព្យាយាមរក្សាសន្តិភាពក្នុងការទំនាក់ទំនង

អ្នកទំនាក់ទំនងល្អ និងជាអ្នកពូកែស្តាប់

រួសរាយរាក់ទាក់និងមនោសញ្ចេតនា

ជារឿយៗមានអារម្មណ៍ថាសោកសៅ

៤. ចតុកោណកែង

ប្រសិន​បើ​អ្នក​បាន​ជ្រើសរើសយករូបចតុកោណកែង ​បានន័យ​ថា​អ្នក​មិន​ពេញ​ចិត្ត​នឹង​ជីវិត​របស់​អ្នក​ ហើយ​កំពុងស្វែង​រក​ការ​ផ្លាស់​ប្តូរ។ អារម្មណ៍​មិន​ប្រាកដប្រជា​ និង​ការ​មិនសូវឱ្យតម្លៃខ្លួនឯង ធ្វើឱ្យអ្នកមានអារម្មណ៍ច្របូកច្របល់យ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ អ្នកមានភាពក្លាហាន និងចង់សាកល្បងអ្វីដែលអ្នកមិនធ្លាប់បានធ្វើពីមុន។ ស្មារតី​ស្មោះត្រង់ និង​ភាពវិជ្ជមាន​របស់​អ្នក​គឺ​ជា​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​បន្ត​ដំណើរ​ទៅ​មុខបាន។

បុគ្គលិកលក្ខណៈ

មិនប្រាកដប្រជា ឬខ្វះទំនុកចិត្ត

ពិបាកប៉ាន់ស្មាន

តែងតែស្វែងរកការចំណេះដឹងថ្មីៗ

បើកទូលាយក្នុងការទទួលយកគំនិត និងមនុស្សថ្មីៗ

មានសន្តិភាព និងជៀសវាងជម្លោះ

៥. បន្ទាត់បត់

ប្រសិនបើអ្នកជ្រើសរើសរូបបន្ទាត់បត់ បានន័យថាអ្នកជាមនុស្សបើកចំហ ច្នៃប្រឌិតបំផុត និងពូកែត្រិះរិះរកគំនិតល្អៗ ប៉ុន្តែមិនមែនជាមនុស្សលម្អិតខ្លាំងនោះទេ។ អ្នក​មាន​គំនិត​ច្រើន​ទាំង​ល្អ​និង​អាក្រក់ តែ​ការគិតទាំងនោះមាន​រយៈពេល​ខ្លី​ ក៏ប៉ុន្តែវាក៏ជានិមិត្តសញ្ញានៃភាពច្នៃប្រឌិតផងដែរ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាត់បត់បែនក៏មានន័យថាមនុស្សមិនអាចនៅជាប់នឹងកន្លែងមួយបានយូរដែរ។ ពួកគេធុញទ្រាន់យ៉ាងងាយ ហើយចង់ស្វែងយល់ពីអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាច្រើនទៀតដើម្បីសង្កេតនិងទទួលយកបទពិសោធន៍ថ្មីៗ។

បុគ្គលិកលក្ខណៈ

ទាក់ទាញ និងសម្បូរគំនិតប្លែកៗ

អាចបង្កើតគំនិតល្អៗ និងថ្មីៗ

តែងតែប្រឈមនឹងស្ថានភាពនាពេលបច្ចុប្បន្ន

ផ្លាស់ប្តូរជានិច្ចកាល

ស្រលាញ់ភាពឯករាជ្យ៕

PERSONALITY TEST SHAPES

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: