មនុស្សស្រីទាក់ទាញមិនត្រឹមតែដោយភាពស្រស់ស្អាតខាងក្រៅរបស់នាងប៉ុណ្ណោះទេ ប៉ុន្តែបូករួមទាំងអត្តចរិតរបស់នាងផងដែរ។ មានតែពេលដែលអ្នកជាខ្លួនឯងទេ ទើបអ្នកអាចបញ្ចេញភាពស្រស់ស្អាតទាក់ទាញបំផុត ធ្វើឱ្យបុរសស្រលាញ់ ពេញចិត្ត និងចង់បានអ្នកជាគូអនាគត។
ក្នុងជីវិត មនុស្សគ្រប់រូបនឹងត្រូវប្រឈមមុខនឹងជម្រើសជាច្រើន។ រឿងសំខាន់នៅពេលនេះគឺត្រូវមានប្រាជ្ញាក្នុងការជ្រើសរើសត្រឹមត្រូវដែលល្អបំផុតសម្រាប់អ្នក។ មិនត្រូវជឿជាក់ទៅលើដៃគូខ្លាំងពេកនោះទេ ពិសេសមនុស្សស្រីត្រូវចេះបដិសេធ ៣ ចំណុចនេះ។
១. បដិសេធ មិនរស់នៅជាមួយគ្នា
នៅពេលដែលមនុស្សពីរនាក់បានស្គាល់គ្នាមួយរយៈ ហើយទំនាក់ទំនងបានឈានដល់ដំណាក់កាលមានស្ថិរភាព បុរសជាច្រើននឹងប្រញាប់ប្រញាល់បោះជំហានបន្ទាប់ ដោយសុំរស់នៅជាមួយគ្នា។ ហេតុផលដែលដៃគូផ្តល់ឱ្យអ្នកនឹងអាចមានច្រើន ដូចជាការសន្សំពេលវេលាធ្វើដំណើរ ពេលណាត់ជួប សន្សំលុយ "ដើម្បីឱ្យខ្ញុំអាចមើលថែអ្នកបានកាន់តែច្រើន"។
ត្រង់ចំណុចនេះ ស្ត្រីជាច្រើននឹងឆាប់ចាញ់ការលួងលោម ហើយយល់ព្រម។ មនុស្សស្រីនឹងស្រមៃឃើញទិដ្ឋភាពនៃគូស្នេហ៍វ័យក្មេងស្និតស្នាលជាមួយគ្នាជារៀងរាល់ថ្ងៃ នឹងយល់ឃើញថានាងត្រូវបានមើលថែ និងការពារពីមិត្តប្រុស។
ជាក់ស្ដែង បន្ទាប់ពីរស់នៅជាមួយគ្នាបានមួយរយៈ ទំនាក់ទំនងរបស់អ្នកអាចកាន់តែរឹងមាំ ប៉ុន្តែបុរសដែលជាដៃគូក៏ប្រហែលជាលែងប្រព្រឹត្តចំពោះអ្នកដូចមុនទៀតហើយ។ សេចក្តីស្នេហាកំលោះក្រមុំ ភាពឆ្គាំឆ្គងនៃសេចក្តីស្រឡាញ់បានរលត់ទៅ។ បុរសនឹងយល់ថាខ្លួនគាត់ងាយទទួលបានអ្វីៗគ្រប់យ៉ាង ដូច្នេះគាត់មិនទុកអ្នកសំខាន់ដូចពេលដំបូងឡើយ។ អ្នកមិនមែនជាអ្វីដែលគាត់រំពឹងទុក គាត់ប្រហែលជាចាប់ផ្តើមចាកចេញពីអ្នក។
នៅពេលដែលបុរសម្នាក់សុំរស់នៅជាមួយអ្នក សូមពិចារណាឱ្យបានហ្មត់ចត់ ថាតើទំនាក់ទំនងរបស់អ្នកបានមកដល់កម្រិតណា របៀបដែលអ្នកទាំងពីរកំណត់អនាគតជាមួយគ្នា។ បុរសដែលឃើញអ្នកមានទំនួលខុសត្រូវបែបនេះនឹងពេញចិត្ត ហើយចង់បង្កើតទំនាក់ទំនងឲ្យបានយូរអង្វែង។ លើសពីនេះ ការនៅពីរកន្លែងផ្សេងគ្នា ក៏នឹងជួយឱ្យអ្នកទាំងពីររក្សាអារម្មណ៍ស្រស់ស្រាយ អាឡោះអាល័យ មានពេលរៀនពីគ្នាកាន់តែច្រើន។
២. បដិសេធ មិនបោះបង់ចោល
វាជារឿងធម្មតាទេដែលមនុស្សស្រីពឹងលើបុរស។ ជាប្ដីប្រពន្ធនឹងគ្នា ការចេះជួយគ្នា និងមើលថែគ្នា គឺជាជីវិតដ៏ល្អបំផុតសម្រាប់គ្រួសារ។ ទោះយ៉ាងណាក៏ដោយមានស្ត្រីជាច្រើនដោយសារតែនាងជឿលើពាក្យថា "ស្រ្តីជាមេផ្ទះមើលថែទាំគ្រួសារ" ហើយបោះបង់ការងារចោលទាំងស្រុង។ ប្រពន្ធស្រមៃចង់បានការរំពឹងទុកថាប្តីរបស់នាងនឹងរកប្រាក់ផ្គត់ផ្គង់គ្រួសារទាំងមូល។ ប៉ុន្តែការពិតគឺមិនសាមញ្ញដូចដែលស្រ្តីគិតនោះទេ។
ប្រសិនបើស្វាមីរបស់អ្នកមិនមែនជាមនុស្សគិតពិចារណាទេ ឋានៈរបស់អ្នកនឹងកាន់តែទាបទៅៗ មិនត្រូវបានប្តីឱ្យតម្លៃឡើយ។ នៅពេលដែលអ្នកមិនមានការងារផ្ទាល់ខ្លួន គ្មានទំនាក់ទំនងជាមួយពិភពខាងក្រៅ ហើយនៅតែក្នុងផ្ទះជារៀងរាល់ថ្ងៃ ទស្សនៈរបស់អ្នកគឺខុសទាំងស្រុង។
មនុស្សស្រីទោះជាមានស្វាមី មានកូនក៏ដោយ អ្នកត្រូវតែមានអាជីពជារបស់ខ្លួនដែរ កុំបោះបង់ព្រោះតែស្នេហា ព្រោះតែគ្រួសារ។ ក្នុងករណីជាច្រើន ការងារមិនត្រឹមតែជាមធ្យោបាយសម្រាប់រកប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមធ្យោបាយការពារអារម្មណ៍របស់អ្នកផងដែរ។
ទំនាក់ទំនងរវាងប្ដីប្រពន្ធ ក៏នឹងកាន់តែប្រសើរឡើងនៅពេលដែលមានឋានៈស្មើគ្នា(រកប្រាក់ចំណូលបានដូចគ្នា)។ ដៃគូរបស់អ្នកឃើញអ្នកខិតខំប្រឹងប្រែង គាត់ក៏ស្រលាញ់និងគោរពអ្នកកាន់តែខ្លាំង ទំនាក់ទំនងនឹងកាន់តែខ្លាំងឡើង។
៣. បដិសេធ មិនផ្លាស់ប្តូរដោយសារតែដៃគូ
នៅក្នុងទំនាក់ទំនងជាច្រើន ភាគីម្ខាងទៀតបានធ្វើសំណើ ឱ្យដៃគូរបស់ខ្លួនព្យាយាមកែប្រែខ្លួនតាមការស្នើ ដោយក្តីសង្ឃឹមរក្សាមនុស្សដែលខ្លួនស្រឡាញ់។ ទោះយ៉ាងណាក៏ដោយ បើសិនជាការផ្លាស់ប្តូរចំណុចអវិជ្ជមានទៅជាល្អ គឺជារឿងគាំទ្រ តែបើត្រូវផ្លាស់ប្តូររហូតបាត់បង់ភាពជាខ្លួនឯងនោះ គឺជាកំហុសទៅវិញ។
មនុស្សស្រីមិនងាយទុកចិត្តបុរសទេ។ ចូរធ្វើជាខ្លួនអ្នក រស់នៅក្នុងជីវិតដែលអ្នកចង់បាន កុំផ្លាស់ប្តូរខ្លួនឯងដើម្បីនរណាម្នាក់។ កុំឈប់រៀនដើម្បីកែលម្អខ្លួនឯង កុំផ្លាស់ប្តូរឲ្យសមតាមចំណង់ចំណូលចិត្តនរណាម្នាក់។ មានតែពេលដែលអ្នកជាខ្លួនឯងទេ ទើបអ្នកអាចបញ្ចេញភាពស្រស់ស្អាតទាក់ទាញបំផុត ពីបុរសដែលស្រឡាញ់អ្នក៕
ប្រែសម្រួលដោយ៖ Knongsrok