ព្រះច័ន្ទទី១
គោលដៅនិងសមិទ្ធិផលគឺជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់អ្នក។ រាល់កិច្ចការដែលអ្នកបំពេញគឺតែងតែមានប្រសិទ្ធភាពខ្ពស់។ ទស្សនវិស័យ សុទិដ្ឋិនិយម ការធ្វើដំណើរ និងថាមពល ជាកត្តាដែលជំរុញឱ្យអ្នកមានទំនុកចិត្តទៅលើខ្លួនឯងក្នុងរាល់ស្ថានភាពនៅពេលបច្ចុប្បន្ន។ អ្នកពេញចិត្តស្ថេរភាព និងសុវត្ថិភាព ជាងការបណ្តោយឱ្យភាពសប្បាយពង្វក់អ្នកចេញពីគោលដៅ។ អ្នកក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កើតបរិយាកាសដែលអ្នកជឿថាអ្នកអាចរីកចម្រើនបាន។ អ្វីដែលអ្នកមិនចាប់អារម្មណ៍នោះ គឺអ្នកតែងតែរិះគន់យ៉ាងខ្លាំងបំផុតចំពោះខ្លួនអ្នកផ្ទាល់។ អ្នកគួរមានចិត្តទូលាយចំពោះខ្លួនឯងឱ្យកាន់តែច្រើននៅពេលដែលអ្នកធ្វើខុសម្តងៗ។ ភាពល្អឥតខ្ចោះលើលោកនេះវាស្ទើរតែមិនមាន ដូច្នេះចូរកំណត់គោលដៅរបស់អ្នកឱ្យបានល្អបំផុតតាមដែលអ្នកអាចធ្វើទៅបាន។ ចូររៀនពីកំហុសរបស់អ្នក ហើយអនុញ្ញាតឱ្យកំហុសក្លាយជាការជម្រុញទឹកចិត្តមួយទៀតដែលអ្នកប្រើដើម្បីសម្រេចគោលដៅបាន។
ព្រះច័ន្ទទី២
សោភ័ណភាព ភាពពិត និងអារម្មណ៍ជាលក្ខណៈចម្បងរបស់អ្នក។ ភាពស្ទាត់ជំនាញ ទន់ភ្លន់ និងផ្លូវចិត្តរបស់អ្នក អាចធ្វើឱ្យអ្នកដឹងច្បាស់ពីបច្ចុប្បន្នភាព។ ទោះជាយ៉ាងណាក្តី ភាពត្រេកត្រអាលរបស់អ្នកនឹងនាំអ្នកឆ្ពោះទៅរកការព្យាយាមហួសហេតុនិងសម្ភារៈនិយម។ អ្នកតែងតែមើលរំលងថា ការសប្បាយលើសក្នុងជីវិតអាចរារាំងអ្នកពីសក្ដានុពលពេញលេញរបស់អ្នក។ តើអ្នកចំណាយពេលច្រើនម៉ោងក្នុងការលេង ញ៉ាំច្រើនពេក ឬបណ្ដោយខ្លួនទៅនឹងការសប្បាយខ្លាំងពេកឬទេ? ពេលវេលាសប្បាយលើសទាំងអស់នេះ អាចប្រើប្រាស់ទៅជាពេលសម្រាប់ការច្នៃប្រឌិត ផលិតភាព និងថាមពលរបស់អ្នកវិញល្អជាង។ វាបំផ្លាញពន្លឺធម្មជាតិរបស់អ្នកនិងរារាំងការគ្រប់គ្រងពេលវេលានៃការរស់នៅរបស់អ្នក។ អ្នកគួរសាកល្បងកាត់បន្ថយភាពសប្បាយមកត្រឹមកម្រិតមធ្យម ដើម្បីឱ្យអ្នកមានភាពបម្រុងប្រយ័ត្នសម្រាប់អ្វីៗដែលនឹងកើតមានឡើងចំពោះអ្នក។
ព្រះច័ន្ទទី៣
អ្នកមានឆន្ទៈក្នុងជីវិត និងរឹងមាំក្នុងការជួយខ្លួនឯងក្នុងការស្រូបយកចំណេះដឹងពីអ្វីដែលអ្នកបានជួបប្រទះ។ និស្ស័យរបស់អ្នកមួយនេះ ធ្វើឱ្យអ្នកក្លាយជាមិត្តម្នាក់ដែលអាចទុកចិត្តបាន។ ថាមពលរបស់អ្នកអាចរក្សាបរិយាកាសល្អសម្រាប់ខ្លួនអ្នក និងមនុស្សជាទីស្រលាញ់។ អ្នកចង់បញ្ជាក់ឱ្យច្បាស់ថា មនុស្សរាល់គ្នាមានអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការ។ អ្នកសាកសួរខ្លួនឯងថា បើមិនប្រថុយ តើអាចមានរង្វាន់ទេ? ភាពភ័យខ្លាចដែលធំបំផុតកប់ជ្រៅក្នុងអ្នក គឺជាការក្បត់អារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នក។ ការមិនទុកចិត្តអាចបណ្តាលឱ្យមានការហត់នឿយផ្លូវចិត្ត និងផ្លូវអារម្មណ៍ ហើយជាធម្មតាអ្នកមិនដែលដឹងទេថា តើស្ថានភាពនៃការប្រុងប្រយ័ត្នជាប់ជានិច្ចនេះអាចប៉ះពាល់ដល់សុភមង្គល សុខភាពនិងជីវិតរបស់អ្នកយ៉ាងណានោះទេ។ អ្នកគួរបន្ថែមភាពស្ងប់ស្ងាត់ដល់ជីវិតរបស់អ្នក ដោយផ្តល់ឱកាសខ្លះសម្រាប់មនុស្សថ្មីឱ្យចូលមកក្នុងជីវិតអ្នក ហើយគួរបន្ថែមភាពពេញលេញដល់ជីវិតរបស់អ្នកដោយប្រើអារម្មណ៍ផ្ទាល់ខ្លួនឱ្យបានច្រើន។
ព្រះច័ន្ទទី៤
ភាពទន់ភ្លន់របស់អ្នកចំពោះពិភពលោកនេះ ធ្វើឱ្យអ្នកក្លាយជាសមាជិកដ៏សប្បុរសនិងគួរឱ្យរាប់អានជាងគេក្នុងសង្គម។ អ្នកមានទំនោរក្នុងការបំពេញតម្រូវការរបស់អ្នកដទៃ ដែលអ្នកមើលឃើញថានៅខ្វះខាត។ ក្នុងករណីដែលគេត្រូវការជំនួយ អ្នកសុខចិត្តលះបង់របស់ដែលខ្លួនមាន ដើម្បីឱ្យគេបានសុខ ទោះបីជាអ្នកមានបន្តិចបន្តួចក៏ដោយ។ ភាពមិនអាត្មានិយមរបស់អ្នកនៅក្នុងជីវិត គឺជាលក្ខណៈដែលគួរអោយកត់សំគាល់បំផុតដែលមនុស្សមើលឃើញក្នុងអ្នក។ អ្នកតែងតែរមែងភ្លេចគិតថា អ្នកក៏មានបំណងប្រាថ្នា តម្រូវការ អារម្មណ៍ ជីវិត និងទេពកោសល្យផ្ទាល់ខ្លួនរបស់អ្នកក្នុងការរស់នៅដែរ។ អ្នកអាចផ្ដោតអារម្មណ៍ខ្លាំងទៅលើអ្នកដទៃរហូតដល់លែងស្គាល់ខ្លួនឯងថាជានរណា ព្រមទាំងបរាជ័យក្នុងការចិញ្ចឹមជីវិតផ្ទាល់ខ្លួនរបស់អ្នកឱ្យរីកចម្រើនទៀតផង។ អ្នកគួរតែប្រើពេលដើម្បីថែរក្សាសុខុមាលភាពផ្ទាល់ខ្លួនរបស់អ្នកឱ្យបានច្រើនៗ។
ព្រះច័ន្ទទី៥
អ្នកចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះពិភពលោកដ៏ចម្លែកនេះ។ ការសង្កេត និងស្រាវជ្រាវជាប្រចាំ នាំឱ្យអ្នកមានការយល់ដឹងពីវប្បធម៌ និងសុជីវធម៌ច្រើន។ យ៉ាងណាក៏ដោយ អ្នកច្រើនតែឆ្ងល់ថាហេតុអ្វីបានជាអ្នកហាក់បីដូចជាមិនសូវមានមនោសញ្ចេតនាចំពោះអ្នកដទៃ។ ខណៈពេលដែលអ្នកអាចមានភាពរួសរាយរាក់ទាក់ និងងាយស្រួលក្នុងការជជែកជាមួយនោះ ចិត្តរបស់អ្នកនៅកប់ជ្រៅក្នុងខ្លួនអ្នក។ អ្នកចូលចិត្តនៅម្នាក់ឯង ឬនៅជាមួយមនុស្សជាទីស្រលាញ់របស់អ្នក ព្រោះអ្នកមានអារម្មណ៍ថាបុគ្គលដែលមិនស្គាល់អ្នកច្បាស់ អាចនឹងមិនយល់ពីអ្នក ឬធុញទ្រាន់នឹងអ្នក។ អ្នកត្រូវចាំថា ភាពតានតឹងនិងការគេងមិនលក់គឺបង្កឡើងដោយការគិតហួសហេតុរបស់អ្នក។ អ្នកពឹងផ្អែកស្ទើរតែទាំងស្រុងលើខួរក្បាលរបស់អ្នក ទាំងក្នុងការលេងសើច និងការងារ។
ព្រះច័ន្ទទី៦
ភាពរីករាយដ៏សាមញ្ញក្នុងជីវិតអ្នក គឺអ្នកអាចឱ្យមនុស្សទាំងអស់ងាយស្រួល និងរីករាយពេលនៅក្បែរអ្នកដោយមិនត្រូវការ ឬទាមទារអ្វីពីពួកគេនោះទេ។ អ្នកចូលចិត្តបរិយាកាសដែលស្ងប់ស្ងាត់ ដូចជាអង្គុយនៅលើសាឡុងជាមួយមិត្តភ័ក្តិមើលទូរទស្សន៍ ឬការដើរលេងក្នុងសួនឧទ្យានជាដើម។ ភាពសុខដុមរមនា សន្តិភាព និងភាពស្ងប់ស្ងាត់គឺជាអ្វីដែលនៅជុំវិញខ្លួនអ្នក ព្រោះពីអ្នកស្អប់ភាពអ៊ូអរនៃពិភពលោក។ ក្នុងនាមជាម្ចាស់ និងជាប្រធាននៃជីវិតផ្ទាល់ខ្លួនរបស់អ្នក តើអ្នកអាចធ្វើអ្វីបាននៅទីនេះ និងឥឡូវនេះ ដើម្បីធ្វើឲ្យខ្លួនអ្នកមានសុភមង្គលជាងមុន?៕