ឆ្លងកាត់អារម្មណ៍ខកចិត្ត ខកបំណង ត្រូវគេបំផ្លាញទំនុកចិត្តម្ដងហើយ ម្ដងទៀត ទើបរៀនចេះឆ្លាត និងចិត្តដាច់ជាងមុន

- ឆ្លងកាត់អារម្មណ៍ខកចិត្ត ខកបំណង ត្រូវគេបំផ្លាញទំនុកចិត្តម្ដងហើយ ម្ដងទៀត ទើបរៀនចេះឆ្លាត និងចិត្តដាច់ជាងមុន!

- ឆ្លងកាត់កាត់អារម្មណ៍ ត្រូវគេបោះបង់ ត្រូវគេទុកចោលម្ដងហើយម្ដងទៀត ទើបរៀនចេះស្រឡាញ់​និងមើលថែខ្លួនឯង!

- ឆ្លងកាត់អារម្មណ៍ ត្រូវគេកុហក បោកប្រាស់ញឹកញាប់ខ្លាំងពេក ទើបរៀនចេះចិត្តរឹង ហើយក៏ដឹងថា មិនគួរទុកចិត្តអ្នកណាទៀត!

- ឆ្លងកាត់អារម្មណ៍ឯកា រស់នៅម្នាក់ឯងយូរពេក ទើបរៀនចេះរស់នៅជាមួយនឹងខ្លួនឯង ទម្លាប់នឹងជីវិតនៅតែម្នាក់ឯង ហើយក៏ក្លាយទៅជាមនុស្សដែលចូលចិត្តភាពស្ងប់ស្ងាត់!

56d4496acdd94921db8ed47a22748db7

ជីវិត ទម្រាំតែអាចមកដល់ចំណុចនេះ អាយុប៉ុណ្ណេះ ត្រូវឆ្លងកាត់ ជួបប្រទះ និងប្រឈមមុខជាមួយនឹងទុក្ខសោក បញ្ហាជាច្រើនរាប់មិនអស់ កាន់តែធំ ជួបមនុស្សកាន់តែច្រើន ស្គាល់មនុស្សកាន់តែច្រើន ដឹងចរិតមនុស្សកាន់តែច្បាស់ ហើយក៏ដឹងថា តើមនុស្សណាខ្លះល្អ មនុស្សណាខ្លះអាក្រក់ អ្វីដែលសំខាន់នោះគឺ មនុស្សណាខ្លះ ដែលពូកែសម្ដែង ល្អតែនៅនឹងមុខ។

មនុស្សល្អចេញពីចិត្ត និងមនុស្សអាក្រក់ពិតប្រាកដ បង្ហាញចេញមកច្បាស់ៗ មិនពិបាកនឹងទប់ទល់ និងប្រុងប្រយ័ត្នឡើយ តែខ្លាចបំផុតគឺ ខ្លាចជួបមនុស្សចរិតក្លែងក្លាយ នៅចំពោះមុខផ្សេង ក្រោយខ្នងផ្សឹង មនុស្សបែបហ្នឹង អាចឆ្មក់ វាយប្រហារយើងបានគ្រប់ពេល។

បានជួបមនុស្សល្អ គឺជាកាដូដ៏មានតម្លៃសម្រាប់ជីវិត បានជួបមនុស្សអាក្រក់ គឺជាមេរៀន និងបទពិសោធន៍ដ៏មានន័យនៅក្នុងជីវិត មិនថាបានជួបមនុស្សបែបណាទេ គឺសុទ្ធតែបង្រៀនឱ្យយើងចេះស្ដាយស្រណោះ ចេះថែរក្សា និងចេះលះបង់ ព្រលែងដៃ។

F7b7cd453252ad012e53df488615849f

មកដល់អាយុប៉ុណ្ណេះហើយ រឿងអ្វីក៏ធ្លាប់ជួប ស្ថានភាពបែបណាក៏ធ្លាប់ឆ្លងកាត់ អារម្មណ៍យ៉ាងណា ក៏ធ្លាប់មាន ... ខ្ញុំធ្លាប់ជាមនុស្សដែលចិត្តអាក្រក់ រហូតដល់រៀនចេះចែករំលែក ហើយក៏ក្លាយជាមនុស្សចិត្តអាក្រក់ ចិត្តដាច់ម្ដងទៀត ចំពោះមនុស្សដែលមិនដែលគិតគោរព និងឱ្យតម្លៃខ្ញុំ។

ខ្ញុំធ្លាប់ជាមនុស្សដែលខំផ្គាប់ចិត្ត យកចិត្ត ខ្លាចការបាត់បង់ ទើបខំថែរក្សា តែចុងក្រោយ ក៏ក្លាយជាមនុស្សដែលត្រូវបាត់បង់អ្វីៗទាំងអស់ សូម្បីតែមនុស្សដែលខ្ញុំគិតថា​យើងនឹងមិនបែកគ្នា យើងនឹងល្អជាមួយគ្នាពេញមួយជីវិត តែចុងក្រោយ ខ្ញុំក៏ត្រូវព្រលែងដៃចោល ដើម្បីប្រើជីវិតរស់នៅផ្សេងគ្នា។

40355c501448ee041899d229b0b299b0

មានរឿងខ្លះ ទោះខំស្ដាយក៏គ្មានប្រយោជន៍ មានមនុស្សខ្លះ ទោះខំថែរក្សា ក៏មិនគង់ដែរ ពេលខ្លះ ដើរចេញជាជម្រើសល្អ មនុស្សខ្លះ ត្រូវដោះលែងទើបមានក្ដីសុខ ... ខ្ញុំឈប់អាឡោះអាល័យនឹងអ្វីដែលមិនមែនជារបស់ខ្ញុំហើយ ហើយក៏មិនព្យាយាមទាមទារយកនូវអ្វីដែលមិនមែនជារបស់ខ្ញុំដែរ​ ... ខ្ញុំគ្រាន់តែដឹងថា ជីវិតនេះ ចុងក្រោយគឺទទេរស្អាត គ្មានអ្វីទេ តែពេលនេះ ជីវិតដើរមិនទាន់ដល់ពាក់កណ្ដាលផង បើគ្មានអ្វីសោះក៏មិនបានដែរ។

ប្រើជីវិត រៀនទទួលស្គាល់ការពិត បើកដួងចិត្ត ​ចំពោះអ្វីដែលជាការពិត ឱបក្រសោបតែអ្វីដែលជារបស់យើងបានហើយ តែបើមិនមែនទេ ទោះមនុស្សដែលស្រឡាញ់ខ្លាំងក៏ដោយ ក៏ត្រូវតែបើកផ្លូវ ដោះលែងឱ្យគេចេញទៅដែរ។ ថែរក្សាអ្វីដែលខ្លួនមាន ថែរក្សាអ្វីដែលនៅចំពោះមុខ ឈប់កើតទុក្ខនឹងអ្វីដែលបានបាត់បង់ទៀតទៅ ជីវិតមានតែប៉ុណ្ណឹងទេ ...៕

អត្ថបទ ៖ pHknongsrok / Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: