អត្ថបទអប់រំកូនស្រី! អ្នកមានកូនស្រី គួរប្រាប់កូនឱ្យចេះបដិសេធរឿងទាំង ៧ យ៉ាងនេះ

#អត្ថបទអប់រំកូន ប្រសិនបើអ្នកមានកូនស្រី អ្នកត្រូវបង្រៀននាងឱ្យចេះបដិសេធនូវរឿង ៧ យ៉ាងខាងក្រោមនេះ ៖

បុព្វបទនិស្ស័យរវាងឪពុក ម្តាយ កូន គឺមានតែមួយជាតិនេះទេ។ និស្ស័យមកដល់ ឪពុកម្តាយមានចិត្តត្រេកអរក្រៃលែង។ ទោះយ៉ាងណា នៅពេលចិញ្ចឹមបីបាច់ថែរក្សាកូនចៅ ទើបដឹងថា វាជាតួនាទីដ៏ពិបាក និងត្រូវខ្វល់ចិត្តអស់មួយជីវិត។

ប្រសិនបើអ្នកបានក្លាយជាឪពុកម្តាយគេហើយ កំពុងមានកូនស្រីដ៏គួរឱ្យស្រឡាញ់ទៀត អ្នកត្រូវតែប្រាប់នាងថា ៖ ធ្វើជាមនុស្សត្រូវមានទឹកចិត្តល្អ ស្លូតត្រង់ បើកចិត្តឱ្យទូលាយ រីករាយ។ ប៉ុន្តែការអត់ទ្រាំក៏ត្រូវមានដែនកំណត់ដែរ សូមកុំធ្វើខ្លួនគួរឱ្យសង្វែគព្រោះតែតម្រូវតាមចិត្តអ្នកដទៃ

ត្រូវចេះស្រឡាញ់ខ្លួនឯង ចេះការពារខ្លួនឯង។

បង្រៀនកូនស្រីឱ្យដឹងថា ជីវិតរស់នៅ មិនមែនព្រោះតែចាំតម្រូវចិត្តអ្នកដទៃចង់បាន មិនមែនរស់នៅតម្រូវតាមអ្នកដទៃចូលចិត្ត។ ប៉ុន្តែត្រូវរស់នៅធ្វើជាខ្លួនឯងពិតប្រាកដ មានតែមួយគ្មានពីរ។

ប្រាប់នាងថា ទោះជាពេលណាៗក៏ដោយ កុំរស់នៅដោយសារពឹងលើនរណាម្នាក់ ត្រូវមានគំនិតធ្វើជាម្ចាស់លើខ្លួនឯង។

297886776_626631518832356_1482604798877420582_n

- កំណត់គោលដៅជីវិតខ្លួនឯងឱ្យបានច្បាស់!

- រស់នៅតាមរបៀបដែលខ្លួនឯងស្រឡាញ់!

- មិនចាំបាច់រស់នៅតាមស្រមោលគេទេ!

បើអ្នកមានកូនស្រី ត្រូវឆាប់ប្រាប់នាងឱ្យចេះបដិសេធនូវរឿង ៧ យ៉ាងនេះ ចៀសវាងថ្ងៃក្រោយចាញ់បោកគេខាតបង់។

១. លុយ

ត្រូវប្រឹងរកដោយខ្លួនឯង នៅក្រៅត្រូវចេះបដិសេធទទួលលុយពីអ្នកដទៃ។ ប្រាប់នាងថា គ្រប់ពេលគ្រប់វេលា ត្រូវការចាយលុយ ត្រូវប្រឹងរកដោយសមត្ថភាពខ្លួនឯង កុំទទួលជំនួយពីអ្នកដទៃ។ នៅលើលោកនេះ នៅក្នុងសង្គមនេះ អត់មានអារហារដែលញុំា FREE FREE នោះទេ។

លោក Kingsley Davis (金斯利·戴维斯) បាននិយាយថា ៖ 《ការដែលបោះបង់ការងារខ្លួនឯង បោះបង់ទំនួលខុសត្រូវក្នុងសង្គម គឺបានន័យថាបោះបង់ឱកាសក្នុងការរស់រៀនកាន់តែប្រសើរក្នុងសង្គម។》

មិនថាពេលណាក៏ដោយ សូមកុំជឿជាក់លើគេ ព្រមទទួលការផ្គត់ផ្គង់ពីគេដោយឥតលក្ខ័ណសូម្បីតែជាប្តីក៏ដោយ។ រវាងមនុស្ស និងមនុស្ស បើចង់ទទួលបានទំនាក់ទំនងដែលស្មើភាពគ្នា នោះ គឺសាងឡើងដោយសារមានឯករាជ្យសេដ្ឋកិច្ចនេះឯង។

មនុស្សស្រីត្រូវតែមានសមត្ថភាពចេះរកលុយ ចង់បានអ្វី? ត្រូវខំប្រឹងដោយខ្លួនឯង។ ប្រសិនបើត្រូវការប្រើលុយចាំបាច់ សូមទៅពិភាក្សាជាមួយឪពុកម្តាយបង្កើតជាមុនសិន។ កុំឆាប់ស្តាប់សម្តីគេហើយចាយលុយគេងាយៗពេក។

២. កុំទទួលយករបស់ញុំា ភេសជ្ជៈ ទឹកពីជនមិនស្គាល់

ផ្លូវជីវិតកូនស្រីត្រូវឆ្លងកាត់វែងឆ្ងាយ នាងត្រូវរៀនសូត្រ ឈ្វេងយល់ ចេះប្រឈមមុខ និងឧបសគ្គ គ្រោះថ្នាក់ និងចេះការពារខ្លួនពីមនុស្សគិតមិនល្អដោយខ្លួនឯង។ ធ្វើជាឪពុកម្តាយ ពិតជាមិនអាចនៅការពារកូនស្រីបានគ្រប់ពេលវេលានោះឡើយ។

សូមប្រាប់នាងថា ពេលនៅខាងក្រៅផ្ទះ កុំទទួលរបស់ពីជនមិនស្គាល់ (អាហារ ទឹក ភេសជ្ជៈ) ក៏កុំទៅតាមជនមិនស្គាល់ បើទៅណាត្រូវមានមនុស្សដែលទុកចិត្តទៅជាមួយទើបល្អ។ ធ្វើមនុស្ស មិនត្រូវមានចិត្តគំនិតអាក្រក់លើគេ តែក៏ត្រូវចេះប្រយ័ត្នការពារខ្លួនចំពោះជនទូទៅដែរ។ មនុស្សភាគច្រើន គឺតែងតែក្លែងធ្វើជាល្អ ប៉ុន្តែមានចិត្តពិសពុល។ ត្រូវឱ្យកូនស្រីមានស្មារតីប្រុងប្រយ័ត្ន ទើបអាចការពារខ្លួនបានល្អពេលនៅក្រៅផ្ទះ។

សូមប្រាប់កូនស្រីថា កុំនៅតែពីរនាក់នៅកន្លែងស្ងាត់ជាមួយមនុស្សមិនស្និទ្ធិ ប្រសិនបើត្រូវជួប គឺណាត់ជួបនៅកន្លែងមានមនុស្សអ៊ូរអរ រៀនចេះការងារ និងការការពារខ្លួនទៅតាមវ័យរបស់នាង។

297873286_624673259028182_6095617280756095033_n

៣. បដិសេធចំពោះមិត្តភត្តិមិនល្អ ចូលរួមសេបគប់ជាមួយមិត្តភក្តិល្អៗដែលមានគំនិតសុទិដ្ឋិនិយមឱ្យបានច្រើន

មនុស្សយើង សេបគប់មិត្តបែបណា តែងតែមានដំណើរជីវិតទៅបែបនោះ។ ប្រាប់កូនស្រីឱ្យចេះបដិសេធចំពោះមិត្តមិនល្អ ពីព្រោះមិត្តដែលមានសន្ដានមិនល្អ អាចអូសយើងទម្លាក់ចុះបាន។ ដំណើរផ្លូវជីវិត យើងអាចរាប់អានមនុស្សឱ្យបានច្រើន ពីព្រោះការស្គាល់គេច្រើនអាចឱ្យយើងរៀនសូត្រពីដំណើរជីវិតកាន់តែទូលំទូលាយ។

ប៉ុន្តែបើអ្នកនោះពោរពេញដោយគំនិតអគតិ គិតអវិជ្ជមានច្រើន ហើយចរិតមិនល្អទៀត ឆាប់ចាកចេញពីគេភ្លាម។ ធ្វើមនុស្សត្រូវមានគោលការណ៍ មានព្រំដែនកំណត់ខ្លួនឯង កុំទាក់ទងនឹងមនុស្សគ្មានតម្លៃ (មិនសម្ដៅលើផលប្រយោជន៍ទេ) ទំនាក់ទំនងជាមួយមនុស្សសុទិដ្ឋិនិយម អ្នកពូកែឱ្យបានច្រើន ពីព្រោះពួកគេអាចនាំយើងឱ្យរីកចម្រើនទៅមួយគ្នា នាំឱ្យអ្នកទទួលបានក្តីស្រឡាញ់ពិត។

៤. បដិសេធចំពោះការតាមលួងលោមរបស់បុរសមានគ្រួសារហើយ មិនថាគេជាមនុស្សល្អយ៉ាងណាក៏ដោយ

នៅពេលកូនស្រីចូលដល់វ័យមានស្នេហា ត្រូវណែនាំនាងជាមុន ត្រូវស្រឡាញ់មនុស្សដែលមានចរិតល្អ អាចពឹងពាក់បាន អាចផ្តល់ថ្ងៃអនាគតឱ្យកូនបាន។ ហាមដាច់ខាតមនុស្សប្រុសមានប្រពន្ធហើយ។ មនុស្សប្រុសដែលមានប្រពន្ធហើយ ជាសត្វកញ្រ្ជោងចាស់ស្គាល់ច្បាស់ពីល្បែងស្នេហា ហើយអាចយកបានបេះដូងក្មេងស្រីងាយៗ។《មានស្នេហាបាន តែត្រូវតែជាមនុស្សមានចរិតល្អ និងនៅលីវ》មនុស្សដែលមានចរិតល្អ អាចកំណត់អាយុជីវិតអាពាហ៍ពិពាហ៍បានយូរអង្វែង ហើយមនុស្សប្រុសនៅលីវឬអត់ អាចកំណត់ថាមានអនាគតឬអត់។

ប្រាប់កូនស្រីកុំលង់ជឿពាក្យផ្អែមល្ហែមរបស់មនុស្សប្រុសរៀបការហើយ។ កុំឱ្យលង់ល្បិចព្រាន កុំធ្វើជាជនទី៣ បំបែកបំបាក់គ្រួសារគេ។ ស្នេហាពិត គឺបង្កើតឡើងឈរលើការជឿទុកចិត្តគ្នា ភាពស្មោះត្រង់ចំពោះគ្នា។ បើមិនអាចស្របតាមលក្ខខណ្ឌខាងលើគ្រប់ទេ អ៊ីចឹងស្នេហាដែលគាត់ផ្តល់ឱ្យនឹងក្លាយជាការឈឺចាប់។

295664339_614048950090613_3725830698306363162_n

៥. បដិសេធពឹងពាក់លើគេ រក្សាភាពឯករាជ្យខ្លួនឯង

សូមប្រាប់កូនស្រីថា មានតែយើងឯករាជ្យខ្លួនឯងទេ ទើបការរស់នៅមានទំនុកចិត្ត។ មនុស្សយើងរស់នៅ កុំធ្វើជាដើមបញ្ញើក្អែកចាំតោងដើមឈើធំ ក៏កុំផ្តេកផ្តួលលើគេពេក។ ជីវិតនេះយើងត្រូវពឹងលើខ្លួនឯងទើបគួរឱ្យទុកចិត្តបំផុត។ ផ្លូវជីវិតនៅវែងឆ្ងាយ អ្នកណាអាចកំដរយើងដល់ទីបំផុតឬអត់ក៏មិនដឹង រៀនពឹងផ្អែកលើខ្លួនឯងទុកជាមុន ធ្វើខ្លួនឱ្យកាន់តែរីកចម្រើនពូកែ ពេលជួបឧបសគ្គថ្ងៃអនាគត ទើបយើងមិនភ័យស្លន់ស្លោ ហើយយើងអាចដោះស្រាយបញ្ហាបានដោយខ្លួនឯង ឯករាជ្យភាព មានម្ចាស់ការលើខ្លួនឯង គឺជាមន្តស្នេហ៍ដ៏ទាក់ទាញក្នុងជីវិត។

ប្រាប់កូនថា មនុស្សយើងរស់នៅមួយជីវិតនេះត្រូវចេះសាងតម្លៃឱ្យខ្លួនឯង ទើបរស់នៅមានតម្លៃ កុំដើម្បីតែស្នេហា កុំដើម្បីតែជនណាម្នាក់ហើយបោះបង់ក្តីស្រម៉ៃខ្លួនឯងចោលងាយៗ។

៦. កុំបោះបង់ខ្លួនឯង កុំបោះបង់ក្តីស្រម៉ៃខ្លួនឯង

មួយជីវិតនេះ យើងត្រូវចេះហ្វឹកហាត់ចិត្តខ្លួនឯង កុំរស់ដើម្បីលំអរជីវិតគេ កុំលះបង់ខ្លួនឯងដោយឥតងាករេ ឥតលក្ខខណ្ឌព្រោះជនណាម្នាក់។ ប្រាប់កូនស្រីថា បើស្រឡាញ់គេហើយ ធ្វើឱ្យបាត់បង់ភាពរីករាយ ធ្វើឱ្យកូនមិនអាចរីកចម្រើនទៅមុខ ធ្វើលឱ្យកូនមិនល្អ ចូរជ្រើសរើសការចាកចេញឱ្យឆ្ងាយ។

មនោសញ្ចេតនាមួយដែលសក្តិសម គឺការគោរពឱ្យតម្លៃគ្នា ការរីកចម្រើនទាំងអស់គ្នា និងការទាក់ទាញគ្នា ទើបអាចបន្តដំណើរទៅមុខកាន់តែឆ្ងាយ។ មិនថាមានសម្ពាធជីវិតយ៉ាងណា ត្រូវបង្រៀនកូនស្រីឱ្យចេះតស៊ូក្នុងដំណើរជីវិតខ្លួនឯង ស្រឡាញ់ជំនាញខ្លួនឯង ហើយស្វែងរកអ្វីដែលប្រសើរនៅថ្ងៃអនាគត គ្មាននរណាម្នាក់អាចមានឥទ្ធិពលលើជំនឿរបស់អ្នកបានឡើយ ហើយកុំបោះបង់គោលបំណងដើមរបស់កូន។

៧. បង្រៀនកូនស្រីឱ្យចេះតស៊ូក្នុងជីវិត

គ្រប់ពេលវេលា គ្រប់ឧបសគ្គ ព្យុះភ្លៀងជីវិតមកដល់ រក្សាឱ្យបានបេះដូងរឹងមាំ កុំដួលងាយៗ កុំរាថយ មិនថាយ៉ាងណាត្រូវតែតស៊ូពុះពារឱ្យបាន គេធ្វើល្អដាក់យើងក៏យើងរស់បាន គេធ្វើមិនល្អដាក់យើងក៏យើងនៅតែអាចរស់បាន នោះគឺជាសមត្ថភាពពិតរបស់កូន។

បកប្រែ កែសម្រួលដោយ ៖ សុខ គឹមទៀវ