ស្ថិតក្នុងទំនាក់ទំនងមួយ មិនថាការចាប់ផ្ដើមដោយល្អយ៉ាងណា ឬក៏ខំរក្សាមកជាយូរឆ្នាំយ៉ាងណាក៏ដោយ តែបើអ្នកដឹងថា គេស្ថិតក្នុងចំណុចនៃមនុស្សទាំ៣ដែលមាននៅខាងក្រោមនេះហើយ អ្នកក៏មិនគួរព្យាយាម ទាមទារ ឬខំប្រឹងឱបក្រសោបគេឱ្យនៅបន្តទៀតដែរ ត្រូវតែព្រមទទួលយកការពិត ប្រឈមមុខ និងបើកចិត្តឱ្យទូលាយ ព្រលែងដៃ ព្រលែងចិត្ត ទើបជីវិតអាចមានក្ដីសុខ និងសេរីភាពឡើងវិញ។
ដូច្នេះខាងក្រោមនេះ ជាមនុស្ស៣នាក់ ឬ៣ប្រភេទ ដែលអ្នកមិនគួរព្យាយាមឱបក្រសោបទុក បើមិនចង់ឱ្យខ្លួនឯងកើតទុក្ខ គ្រាំចិត្តពេញមួយជីវិតនោះ ៖
1️⃣ មនុស្សដែលចង់ចាកចេញទៅ / មនុស្សដែលមិនចង់នៅ!
មនុស្សដែលគេចង់ចាកចេញពីយើងទៅហើយនោះ គឺមានន័យថា គេបានសម្រេចចិត្តរួចហើយ ព្រោះគេមិនចង់នៅជាមួយនឹងយើងទេ អ្វីដែលរឹតតែសំខាន់ជាងនេះទៀតនោះគឺ គេបានអស់ចិត្តពីយើងហើយ ដូច្នេះ ទោះយើងប្រឹងឱបក្រសោប ឃាត់ឃាំងគេយ៉ាងណា ក៏គេមិនអាចទ្រាំនៅជាមួយយើងបន្តបានដែរ។
ប៉ុន្តែប្រសិនបើយើងអាចឃាត់គេនៅបាន គឺនៅតែកាយប៉ុណ្ណោះ តែចិត្តគេមិនដែលនៅនឹងយើងឡើយ បើបែបហ្នឹង ប្រឹងចងគេទុកធ្វើអ្វី ឱបគេបាន ក៏គ្មានក្ដីសុខដែរនោះ។
2️⃣ មនុស្សដែលនៅជាមួយហើយធ្វើឱ្យចិត្តតានតឹង មិនមានក្ដីសុខ!
ប្រភេទមនុស្សដែលនៅក្បែរគ្នា មិនដែលមានរឿងល្អៗ ឬក៏រឿងសប្បាយចិត្ត វាតិចជាងរឿងកើតទុក្ខរីងរៃ។ មនុស្សខ្លះនៅជាមួយយើងកាន់តែយូរ យើងនឹងកាន់តែមានអារម្មណ៍ថា តានតឹង ធុញថប់ និងមានសម្ពាធ ទំនាក់ទំនង មានតែជម្លោះ និងបញ្ហា ការមិនយល់ចិត្ត និងភាពព្រងើយកន្តើយ ចំណុចទាំងនេះហើយ ដែលសមនឹងឱ្យយើងច្បាស់ក្នុងចិត្តថា មិនគួរណាបន្តទំនាក់ទំនង ឬចងគេទុកនោះទេ។
មនុស្សបែបនេះ បើយើងនៅតែចង់រក្សាគេទុក មិនព្រមព្រលែងដៃ មិនព្រមដើរចេញទៀតនោះ តទៅថ្ងៃមុខគឺនៅតែប៉ុណ្ណឹង ឬរឹតតែវេទនា គ្រាំគ្រាចិត្តជាងហ្នឹងផងក៏មិនដឹងដែរ។ ដូច្នេះ កុំព្យាយាមទាមទារឱ្យគេនៅបន្តអីចែកផ្លូវគ្នា ដើរផ្លូវរៀងៗខ្លួន វាល្អជាជាង ក្រែងបានជួបមនុស្សថ្មី អាចផ្ដល់ក្ដីសុខ និងសុភមង្គលឱ្យយើងបានច្រើនជាងនេះ។
3️⃣ មនុស្សដែលមិនមែនជារបស់យើង!
មិនថាជារបស់ ឬក៏មនុស្សនោះទេ បើគេមិនមែនជារបស់យើងហើយនោះ ទោះយើងយកបានមកឱបជាប់នឹងដើមទ្រូង ក៏គង់តែមានថ្ងៃណាមួយត្រូវបាត់បង់ទៅវិញដដែលទេ។ ម្យ៉ាងទៀត ការដែលខំរក្សារបស់ ឬមនុស្សដែលមិនមែនជារបស់យើង គឺបានត្រឹមតែធ្វើជាអង្គរក្ស ឬអ្នកថែរក្សាជំនួសម្ចាស់គេមួយពេលខ្លីតែប៉ុណ្ណោះ ម្ល៉ោះហើយ! បើដឹងថា វាមិនមែនជារបស់យើងហើយនោះ ក៏ដោះលែងទៅ ឱ្យរបស់នោះ ឬមនុស្សស្មោះ ទៅរកម្ចាស់គេវិញ៕
អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុករក្សាសិទ្ធិ